ភ្នំពេញៈ សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដួលរលំ​ខ្លាំង​ចាប់ពី​ឆ្នាំ​មុន​នេះ​ដោយ​មាន​អ្នក​សារព័ត៌មាន​ត្រឹម​តែ​ ១១ ​ភាគរយ​ប៉ុណ្ណោះ ដែល​និយាយ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ដើរ​តាម​ទិសដៅ​ត្រូវ​ពោល​គឺ​ថយ​ចុះ​ពី​ ៧១ ​ភាគរយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៥​។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​មួយ ដែល​ធ្វើការ​លើក​កម្ពស់​សេរីភាព​នៃ​សារព័ត៌មាន​នៅ​កម្ពុជា​។

ការ​រកឃើញ​នៃ​ការ​ថយ​ចុះ​នេះ​ក្រោយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ដូចជា ស្ថានីយ​វិទ្យុ និង​កាសែត​ឯករាជ្យ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​​ឲ្យ​ឈប់​ផ្សាយ និង​បិទ​ទ្វារ ហើយ​ការ​គំរាម​កំហែង​នៅ​តែ​បន្ត​កើត​មាន​ទៀត​។

របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃ​ទី​ ២១ កុម្ភៈ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM បាន​ស្ទង់​មតិ​លើ​អ្នក​ធ្វើការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ៧៥ ​នាក់​ដែល​ធ្វើការ​នៅ​កម្ពុជា​ចាប់ពី​ចុង​ឆ្នាំ​ ២០១៧ ​មក​។ ក្នុង​របាយការណ៍​នោះ​បាន​រកឃើញ​ថា​អ្នក​សារព័ត៌មាន ៦៧ ​ភាគរយ​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​សេរីភាព​ពេញលេញ​ក្នុង​ការ​រាយការណ៍​ដោយ​សេរី​នោះ​ទេ​។

លោក​ ណុប វី នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហៅ​កាត់​ថា CCIM ថ្លែង​ថា​ការ​បិទ​ស្ថានីយ​វិទ្យុ​ចំនួន ៣២ ដែល​ផ្សាយ​ព័ត៌មាន​បក្ស​ប្រឆាំង​ព័ត៌មាន​ដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋអាមេរិក ឬ​ផ្សាយ​ព័ត៌មាន​ឯករាជ្យ និង​ការ​ប្រើប្រាស់​ការ​ស៊ើបអង្កេត​លើ​ការ​បង់​ពន្ធ​ហើយ​បាន​បិទ​សារព័ត៌មាន​នោះ​ដោយ​រដ្ឋាភិបាល​រួម​ទាំង​គំរាម​កំហែង និង​ចាប់​អ្នក​កាសែត ពី​បទ​ញុះញង់ និង​ការ​ផ្តល់​ជូន​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​បង្ក​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ​ជាដើម​ជា​មូលហេតុ​ដែល​ធ្វើឲ្យ​មាន​ការ​វាយតម្លៃ​ពី​សេរីភាព​សារព័ត៌មាន​មាន​ការ​ធ្លាក់​ចុះ​បែប​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​មុន​ឆ្នាំ​ ២០១៧ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ថ្នាក់​ជា​ប្រទេស​មួយ​ដែល​មាន​សេរីភាព​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប៉ុន្ដែ​មួយ​រយៈ​ចុងក្រោយ​នេះ​ធ្លាក់​​ចុះ​ខ្លាំង​ទៅវិញ​យ៉ាង​គំហុក​»​។

លោក​បន្ត​ថា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សា​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​មាន​ការ​គាំទ្រ​ដែល​ចាំបាច់​ដល់​អ្នក​សារព័ត៌មាន ជាពិសេស​ផ្តល់​ការ​គាំទ្រ​ផ្នែក​សុខភាព សុវត្ថិភាព និង​ប្រព័ន្ធ​ឌីជីថល ខណៈ​រដ្ឋាភិបាល​គួរ​បន្ថយ​សម្ពាធ​ដល់​អ្នក​កាសែត ហើយ​ងាក​ទៅ​ពន្លឿន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​គួរ​តែ​បង្កើត​ស្ថាប័ន​ឯករាជ្យ​ពី​នយោបាយ​ក្នុង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ស្ថាប័ន​ព័ត៌មាន​។

លោក Michael Dickison អ្នក​ប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ​បាន​ថ្លែង​ថា វិស័យ​ព័ត៌មាន​ជា​វិស័យ​មួយ​ដែល​ធ្លាប់​តែ​ផ្ដល់​នូវ​រូបភាព​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​មាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដោយ​សេរី ខណៈ​ដែល​មាន​ទូរទស្សន៍ និង​កាសែត​គាំទ្រ​បក្ស​កាន់​អំណាច​ជាច្រើន​ដែរ​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​នាបច្ចុប្បន្ន​នេះ​ត្រូវ​បាន​កាត់​បន្ថយ និង​ត្រូវ​ប៉ះពាល់​យ៉ាង​ខ្លាំង​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​ជួប​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​និយាយ​ថា ពួកគេ​ធ្វើ​ការងារ​ដោយ​ដឹង​ច្បាស់​ថា ពួកគេ​អាច​ក្លាយ​ជា​មុខ​សញ្ញា​បន្ទាប់​ទៀត ដោយសារ​តែ​ការងារ​របស់​ខ្លួន​។ ពួកគេ​ថា ឥឡូវ​នេះ​ប្រភព​ព័ត៌មាន​ទាំងឡាយ​ស្ទាក់​ស្ទើរ​មិន​ហ៊ាន​ផ្ដល់​ព័ត៌មាន​នោះ​ទេ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ក៏​បង្កើន​ការ​គំរាម​គំហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​នោះ​»​។

ប៉ុន្តែ​លោក​ ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា​ថ្លែង​ថា​មាន​មតិ​មួយ​ចំនួន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ ប៉ុន្ដែ​បើ​អ្នក​សារព័ត៌មាន​មិន​ចង់​ឲ្យ​មាន​ករណី​នេះ​កើតឡើង គប្បី​គោរព និង​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​ចម្បង​។

លោក​ថា​៖ «​ធ្វើ​ជា​អ្នក​សារព័ត៌មាន​បើ​មិន​ចង់​យក​ទុក្ខ​ដាក់​ខ្លួន​យើង​ត្រូវ​តែ​យក​ក្រមសីលធម៌​វិជ្ជាជីវៈ​ដាក់​ក្នុង​ខ្លួន​ឲ្យ​ធំ​បំផុត​មុន​នឹង​ឈរ​លើ​ជំហរ​និន្នាការ​ណា​មួយ​»​។

លោក​ ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​មាន​តែ​បរិមាណ ប៉ុន្ដែ​មិន​មាន​គុណភាព ហើយ​ថា​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅក្នុង​តំបន់​អាស៊ាន​មាន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ជាង​គេ​។

លោក​បញ្ជាក់​ថា​៖​ «​ទូរទស្សន៍​នៅ​កម្ពុជា​ជាង​ ២០ ​ប៉ុស្ដិ៍​គឺ​ច្រើន​ណាស់​គឺ​ច្រើន​ជាង​នៅ​ថៃ គេ​មាន​តែ​ ៦ ​ប៉ុស្ដិ៍ នៅ​ម៉ាឡេស៊ី​ក៏​តិច​ជាង​យើង នៅ​ប្រទេស​វៀតណាម​ក៏​តិច​ដែរ​។ អ៊ីចឹង​បើ​យើង​យក​ដង់ស៊ីតេ​ប្រជាជន​ធៀប​នឹង​ស្ថាប័ន​វា​ច្រើន​ហួស ហើយ​កាលណា​បរិមាណ​វា​ច្រើន គុណភាព​ក៏​ខ្សោយ​ដែរ​។ អ៊ីចឹង​ទេ​គឺ​យើង​ត្រូវ​ពង្រឹង​បន្ថែម​ទៀត គឺ​ពង្រឹង​គុណភាព បរិមាណ​យើង​មាន​ហើយ​»​។

របាយការណ៍​នេះ​បាន​បង្ហាញ​ថា ​ក្នុង​ចំណោម​កាសែត​ជា​ភាសា​អង់គ្លេស កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដែល​ជា​កម្មសិទ្ធិ​របស់​ជនជាតិ​អូស្ត្រាលី គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​បំផុត​មួយ​ក្នុង​ចំណោម​អង្គភាព​សារព័ត៌មាន​ឯករាជ្យ​បំផុត​នៅ​ប្រទេស​នេះ ហើយ​កាសែត​នេះ​ក៏​ផ្សាយ​ជា​ភាសា​ខ្មែរ​ដ៏ពេញនិយម​ដែរ​នោះ គឺ​ប៉ុស្ដិ៍​ខ្មែរ បើ​ទោះបី​ជា​អត្ថបទ​ជា​ភាសា​ខ្មែរ​ខុសពី​ភាសា​អង់គ្លេស​ក្ដី​។ ខ្មែរ ថែមស៍ ជា​កាសែត​ថ្មី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ពី​អ្នក​អាន​ជាពិសេស​ក្នុង​ចំណោម​ជនបរទេស​ថា​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​។

របាយការណ៍​បន្ត​ថា​អ្នក​សារព័ត៌មាន​បរទេស​ឲ្យ​ចំណាត់ថ្នាក់​កាសែត​នេះ​ ៤,១ ​ក្នុង​បណ្ដា​ ៥ ពិន្ទុ (​ងាក​ទៅ​រក​កម្រិត​ «​មិន​ដែល​ឯករាជ្យ​») ​ចំណែក​អ្នក​កាសែត​ជនជាតិ​ខ្មែរ​ឲ្យ​ពិន្ទុ​កាសែត​នេះ​ជា​មធ្យម​គឺ​ ៣,១ ​ដែល​ជា​ការ​ខុស​ឃ្លាត​គ្នា​ឆ្ងាយ​នៅ​ក្នុង​ការ​ស្ទង់មតិ​។ (​វេបសាយ​ថ្មីៗ​ និង​ខាមបូណូមិស​) ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា សរសេរ​ខ្លាំងៗ​ដែរ​ដោយ​ជនបរទេស​។

លោក​ អ៊ុក គឹមសេង អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​របាយការណ៍​នេះ​បាន​ទេ​។

កាលពី​ឆ្នាំ​ ២០១៦ អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុង​លេខ​រៀង​ទី​​ ១២៨ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​ទូទាំង​ពិភពលោក​ស្តីពី​សេរីភាព​សារព័ត៌មាន​។

ឆ្នាំ​ ២០១៥ អង្គការ​នេះ​ចាត់​ប្រទេស​កម្ពុជា​នៅ​លេខ​រៀង​ទី​​ ១៣៩ ​ក្នុង​ចំណោម​ប្រទេស​ ១៨០ ​ទូទាំង​ពិភពលោក​។ ប្រទេស​ដែល​មាន​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ល្អ​ជាង​គេ​ឆ្នាំ​ ២០១៦ ​គឺ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​អេរីត្រេ​៕