ភ្នំពេញៈ ក្រុម​អាជីវករ​លក់​ដូរ​នៅ​តំបន់​ឆ្នេរ​​​មួយ​​​​ផ្នែក​នៃ​ឆ្នេរ​អូរឈើទាល​ដ៏​មាន​ប្រជាប្រិយ​ភាព​របស់​ក្រុង​ព្រះសីហនុ​ ​បាន​​រុះ​រើ​តូប​លក់​ដូរ​របស់​ពួក​គេ ដោយ​សារ​កិច្ច​សន្យា​ជួល​បាន​ផុត​កំណត់ ហើយ​ជំនួស​មក​វិញ​​ជាមួយ​នឹង​​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។ នេះ​បើតាម​ប្រភព​នៅ​ខាង​ក្នុង​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ។

លោក ប្រាក់ វិសាល នាយក​រង​ផ្នែក​រដ្ឋបាល​នៃ​សាលា​ខេត្ត​ព្រះ​សីហនុ​បាន​ឲ្យ​ដឹង​ថា គម្រោង​ថ្មី​នេះ​កើត​​ឡើង​ដោយ​សារ​ការ​វិនិយោគ​រួម​គ្នា​ដោយ​​ក្រុមហ៊ុន​ចិន​ ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​​ជាមួយ​ក្រុមហ៊ុន​កម្ពុជា Royal Group ដែល​មាន​លោក​មហា​សេដ្ឋី គិត ម៉េង ជា​ប្រធាន។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ ក្រុមហ៊ុន​កំពុង​ចាប់​ផ្តើម​រុះ​រើ​ហាង​ចាស់ៗ​ចេញ​ជា​មុន​សិន ដោយ​បាន​បញ្ចប់​កិច្ច​សន្យា​ជាមួយ​ក្រុម​អ្នក​លក់»។

លោក​បាន​បន្ថែម​ថា៖ «នេះ​មិន​បាន​បង្ក​បញ្ហា​ណា​មួយ​នោះ​ទេ ពី​ព្រោះ​ការ​ចាក​ចេញ​នេះ​មាន​មូលដ្ឋាន​លើ​ការ​បញ្ចប់​កិច្ចសន្យា​ជួល​ជាមួយ​ម្ចាស់​អាជីវកម្ម»។

លោក​បាន​បន្ថែម​ថា ការ​រុះ​រើ​សំណង់​លក់​ដូរ​នៅ​តាម​តំបន់​ឆ្នេរ​នេះបាន​ចាប់​ផ្តើម​កាលពី​ចុង​ខែ​មុន។

លោក​បាន​បន្ថែម​ថា អាជីវកម្ម​ភាគ​ច្រើន​​ដែល​បាន​បាត់​បង់​កិច្ចសន្យា​ជួល​របស់​ពួក​គេ​ នៅ​តាម​ឆ្នេរ​អូរឈើទាល គ្រោង​ផ្លាស់​ប្តូរ​ប្រតិបត្តិការ​លក់​ដូរ​របស់​ពួក​គេ​ទៅ​កាន់​តំបន់​ឆ្នេរ​អូរឈើ​ទាល​ដដែល​​ដែល​នៅ​ក្បែរ​នោះ ហើយ​​មាន​តែ​២-៣​គ្រួសារ​ប៉ុណ្ណោះ​ដែល​ឈ្លោះ​ប្រកែក​គ្នា​នៅ​ពេល​ដែល​លិខិត​បណ្តេញ​ចេញ​បាន​ទៅ​ដល់។

លោក​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា គម្រោង​​ថ្មី​នេះ​នៅ​ពេល​ដែល​បញ្ចប់​នឹង​ទាក់ទាញ​ទេសចរ​កាន់​តែ​ច្រើន​ឲ្យ​មក​ទស្សនា​ទីក្រុង​ឆ្នេរ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «គម្រោង​ថ្មី​នេះ ​រួម​មាន​អគារ​ផ្សារ​រាត្រី ផ្លូវ​លក់​គ្រឿង​ផឹក​ស៊ី ដែល​នឹង​ផ្តល់​សេវា​ដល់​ឧស្សាហកម្ម​ទេសចរណ៍»។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់​ថា ព័ត៌មាន​លម្អិត​របស់​គម្រោង​នេះ​មិន​ទាន់​ត្រូវ​បាន​ដាក់​ជូន​មក​កាន់​រដ្ឋាភិបាល​ដើម្បី​ពិនិត្យ​នៅ​ឡើយ​ទេ។

លោក តាំង សុជាតិ​គ្រឹស្នា ប្រធាន​មន្ទីរ​​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ដឹង​ពី​ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​ទទួល​ខុសត្រូវ​លើ​​គម្រោង​នេះ​នៅ​ឡើយ​ទេ ហើយ​លោក​ក៏​មិន​បាន​ដឹង​ព័ត៌មាន​ជាក់​លាក់​អំពី​គម្រោង​ថ្មី​នេះ​ផង​ដែរ។

លិខិត​មួយ​ដែលផ្ញើ​ចេញ​ពីក្រុមហ៊ុន​មួយ​ដែល​មិន​បាន​បង្ហាញ​ឈ្មោះ តែ​មាន​អ្នក​តំណាង និង​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ គិត ហុងយី ចុះ​កាល​បរិច្ឆេទ​ខែ​សីហា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នឹង​យក​ដី​ដែល​មាន​ទំហំ ៥៣ ៤៥៥ ​ម៉ែត្រ​ការ៉េ​នៅ​ឆ្នេរ​អូរឈើទាល ​មក​គ្រប់គ្រង​វិញ ហើយ​នឹង​ចាប់​ផ្តើម​ឈូស​ឆាយ​សំណង់​អគារ​​លក់​ដូរ​ទាំង​​អស់​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨។

យោង​តាម​ឯកសារ​ដែល​ទទួល​បាន​ដោយ​ភ្នំពេញ​ប៉ុស្តិ៍​ ពី​អ្នក​លក់​ដូរ​ក្នុង​មូលដ្ឋាន ពួក​គាត់​ក៏​បាន​ទទួល​ការ​ជូន​ដំណឹង​អំពី​ការ​រុះ​រើ​ផង​ដែរ​នៅ​ចុង​ខែ​តុលា។

ម្ចាស់​អាជីវកម្ម​ម្នាក់​ឈ្មោះ អ៊ុក ជីវ៉ា ដែល​បាន​បង្ខំ​ចិត្ត​បិទ​អាជីវកម្ម​បារ៍​របស់​គាត់​នៅ​តំបន់​ឆ្នេរ​នេះ​បាន​ថ្លែង​ថា ការ​ចាក​ចេញ​របស់​គាត់​មិន​ជា​ឧទាហរណ៍​លើក​ទីមួយ​​នៃ​ការ​វិនិយោគ​របស់​ចិន​ដែល​​បាន​បង្ខំ​ឲ្យ​អាជីវករ​ក្នុង​មូលដ្ឋាន​ចាក​ចេញ​ពី​ក្រុង​ព្រះសីហនុ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ម្ចាស់​ដី​របស់​យើង​បាន​និយាយ​ថា យើង​​ត្រូវ​ប្រគល់​ដី​ឲ្យ​គេ​វិញ ដោយ​សារ​កិច្ច​សន្យា​ជួល​បាន​ចប់​​ហើយ»។

លោក​បាន​បន្ថែម​ថា៖ «ការ​វិនិយោគ​ចិន​ជាច្រើន​កំពុង​ចូល​មក​ក្នុង​ព្រះសីហនុ ហើយ​ឥឡូវ​មក​ដល់​ដី​នេះ​ដែរ​ហើយ ដែល​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​វិនិយោគ​របស់​ចិន»៕ KC