ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​ថា​ការ​ប្រមូល​មូលនិធិ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ទូរគមនាគមន៍​ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​មក​ដល់​ពេល​នេះ​មាន​មិន​ដល់​ ១ ​ភាគ​ ៣ ​នោះ​ទេ​។ នេះ​បើ​យោង​តាម​មន្ត្រី​។

ក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ម្សិលមិញ​នាយក​មូលនិធិ​ ២ ​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រសួង​បាន​ថ្លែង​ថា​មាន​តែ​ក្រុមហ៊ុន​ ១១ ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ក្រុមហ៊ុន​ ៣៣ ​ដែល​បាន​ផ្តល់​ប្រាក់​ ១ ​ភាគរយ​ពី​ចំណូល​របស់​ខ្លួន​នៅ​ឆ្នាំ​ ២០១៧ ដោយ​អះអាង​ថា​ក្រសួង​នឹង​មាន​វិធានការ​បើ​ក្រុមហ៊ុន​ទាំង​នោះ​មិន​ព្រម​បង់​ ១ ​ភាគរយ​នេះ​។

ច្បាប់​ទូរគមនាគមន៍​ឆ្នាំ​ ២០១៦ បាន​បង្កើត​មូលនិធិ​ ២ ដែល​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ទាំងអស់​នៅ​កម្ពុជា​ត្រូវ​បង់​ ១ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ដុល​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ទៅ​ក្នុង​គណនី​រដ្ឋាភិបាល​។

មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព និង​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មាន​ (CBRD) ​និង​តម្រូវ​ឲ្យ​បង់​ ១ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ដុល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​ទាំងអស់​។ ដោយ​ឡែក​មូលនិធិ​កាតព្វកិច្ច​សកល​ទូរគមនាគមន៍​ (USO) ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បង់​ ២ ​ភាគរយ​នៃ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ដុល​របស់​ខ្លួន​។

គោលបំណង​របស់​មូលនិធិ​ទាំង​ ២ ​នេះ​គឺ​លើក​កម្ពស់​យ៉ាង​ទូលំទូលាយ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​នៅ​តំបន់​ជនបទ​ដែល​ក្រុមហ៊ុន​ជាច្រើន​មិន​អាច​វិនិយោគ​។

លោក ជុន វ៉ាត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ICT ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​មូលនិធិ CBRD បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​មូលនិធិ​នេះ​ប្រមូល​បាន​ប្រាក់​​ ១,៧ ​លាន​ដុល្លារ ហើយ​រំពឹង​ថា​នឹង​ទទួល​បាន​ ៧,១៥ ​លាន​ដុល្លារ​នៅ​ពេល​ប្រតិបត្តិករ​ទាំងអស់​បង់​ប្រាក់​នេះ​។

លោក តុល ញ៉ាក់ អគ្គនាយក​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​មូលនិធិ USO ថា មូលនិធិ​នេះ​ប្រមូល​បាន​ប្រាក់​ ២,៥ ​លាន​ដុល្លារ ប៉ុន្តែ​រំពឹង​ថា​នឹង​មាន​ជាង​ ១០ ​លាន​ដុល្លារ​ត្រឹម​ចុង​ខែ​នេះ​។

លោក ជុន វ៉ាត បាន​ថ្លែង​ថា​៖ «​ដោយសារ​តែ​នៅ​តែ​មាន​ពេលវេលា​សម្រាប់​ប្រតិបត្តិករ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​មូលនិធិ​នេះ យើង​បាន​សម្រេច​ចិត្ត​មិន​ចេញ​ផ្សាយ​អត្តសញ្ញាណ​ប្រតិបត្តិករ​ណា​មួយ​ដែល​មិន​បាន​ចូលរួម​នោះ​ទេ ដោយសារ​ការ​កំណត់​ពេលវេលា​មិន​ទាន់​ចប់​»​។

លោក ញ៉ាក់ ថ្លែង​ថា​ខណៈ​ក្រសួង​នឹង​ធ្វើការ​ដោយ​ទន់ភ្លន់ តែ​ក្រសួង​នឹង​អនុម័ត​វិធានការ​ដាក់​វិន័យ​យោង​តាម​ច្បាប់​នេះ​ប្រសិន​បើ​ចាំបាច់​។

ច្បាប់​ទូរគមនាគមន៍​ចែង​ថា​ការ​រំលោភ​ណា​មួយ​លើ​ច្បាប់​នេះ​អាច​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ការ​ផ្អាក ឬ​ការ​ដកហូត​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​៕LA