ភ្នំពេញៈ ទីភ្នាក់ងារ​ប្រទេស​ស្វ៊ីស​សម្រាប់​ការ​អភិវឌ្ឍ និង​កិច្ច​សហ​ប្រតិបតិ្ត​ការ (SDC) កាលពី​ម្សិលមិញ​បាន​សន្យា​ផ្ដល់​ប្រាក់ ​៤,៦​ លាន​ដុល្លារ​ក្នុង​រយៈពេល ​៣ ​ឆ្នាំ សម្រាប់​ដំណាក់​កាល​ទី​ ២​ នៃ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​កសិកម្ម ដែល​មាន​បំណង​ជួយ​កសិករ​មាន​ដើម​ទុន​តិចតួច​នៅ​ក្នុង​ខេត្ត​ ៤ ​ភាគ​ខាង​ជើង​។

កម្មវិធី​ការ​បង្កើន​ប្រាក់​ចំណូល និង​អាហារូបត្ថម្ភ​សាកវប្បកម្ម​កម្ពុជា (CHAIN) បាន​ចាប់​ផ្ដើម ​កាលពី​ឆ្នាំ​ ២០១៤ និង​បាន​បណ្ដុះ​បណ្ដាល​កសិករ ៦ ៨០០​ នាក់​នៅ​ខេត្ត​ព្រះវិហារ ឧត្តរ​មានជ័យ ស្ទឹងត្រែង និង​ក្រចេះ​លើ​អាហា​រូបត្ថម្ភ បច្ចេកទេស​ដាំ​ដុះ ជំនាញ​កែច្នៃ និង​ជំនាញ​អាជីវកម្ម​ក្នុងអំឡុង​ប្រតិបត្តិការ​ដំណាក់​កាល​ទី ​១ ​ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំមុន​។

ដំណាក់​កាល​ទី​ ២ ដែល​នឹង​ចាប់​ផ្ដើម​នៅ​ខែ​នេះ នឹង​ផ្ដោត​លើ​ការ​បង្កើន​លទ្ធភាព និង​ប្រសិទ្ធភាព​ចូល​ទីផ្សារ​សម្រាប់​កសិករ ដោយ​ការ​បង្កើត​ភាព​ជា​ដៃគូ​រវាង​កសិករ ពាណិជ្ជករ និង​អ្នក​រក​ស៊ី​នៅ​ទីផ្សារ​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​ចំនួន ​៤​។ នេះ​បើ​យោង​តាម​លោក ហែម សុវណ្ណា​រិទ្ធិ អ្នកគ្រប់គ្រង​កម្មវិធី​ផ្នែក​កសិកម្ម និង​សន្ដិសុខ​ស្បៀង​នៅ SDC​។

លោក​យ៉ាន សុភ័ក្ត ជា​កសិករ​នៅ​ខេត្ត​ព្រះវិហារ ដែល​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ដោយ SDC ថ្លែង​កាលពី​ម្សិលមិញ​ថា កម្មវិធី​នេះ​បាន​ជួយ​គាត់​បង្កើត​អាជីវកម្ម​កសិកម្ម​ទ្រង់ទ្រាយ​តូច​របស់​គាត់​។

លោក​ថ្លែងថា​៖«​តាំងពី​ខ្ញុំ​ក្លាយ​ជា​សមាជិក​មក ខ្ញុំ​បាន​រៀន​សូត្រ​អំពី​ជំនាញ​បច្ចេកទេស​ដើម្បី​ទទួល​បាន​ការ​ផលិត​ខ្ពស់ និង​បង្កើន​ប្រាក់​ចំណូល​របស់​ខ្ញុំ​»​។

លោក​បន្តថា​លោក​បាន​បង្កើន​ទំហំ​កសិដ្ឋាន​ជាង​ ២ ​ដង​តាំងពី​កម្មវិធី​នេះ​បាន​ចាប់​ផ្ដើម​៕ LA