សៀមរាបៈ កម្លាំង​ចម្រុះ​ខេត្ត​សៀមរាប​បាន​ចុះ​បង្ក្រាប​ករណី​លួច​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ប្រមាណ​ជាង​ ១ ​ហិកតា​ដើម្បី​ជីក​យក​អាចម៍ដី​លក់​ដែល​ជា​ការរំលោភ​ច្បាប់ ហើយ​ក្នុង​នោះ​ក៏បាន​ផ្អាក​គ្រឿងចក្រ ៩ គ្រឿង និង​អ្នក​បើកបរ​ ៧ ​នាក់​មិន​ឲ្យ​បន្ត​ធ្វើ​សកម្មភាព​ឈូសឆាយ​ទៀត​។

លោក សឿន សេន ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ពិនិត្យ​ឃើញ​គ្រឿងចក្រ​​ ៩ ​គ្រឿង យើង​ឲ្យ​អ្នក​បើកបរ​ផ្អាក​សកម្មភាព ហើយ​គ្រឿងចក្រ​ត្រូវ​បាន​ប្រមូល​ដាក់​មួយកន្លែង ដើម្បី​រង់ចាំ​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ​»​។

លោក សេន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ម្ចាស់​គ្រឿងចក្រ​ដែល​ដាក់​ទៅ​ឈូសឆាយ​នោះ​គឺ​ឈ្មោះ​ ហាក់ សេង ហើយ​តាម​ការបំភ្លឺ​របស់​អ្នក​បើកបរ លោក​ ហាក់ សេង ​គឺជា​អាជីវករ​។ ប៉ុន្តែ​ រហូត​ដល់​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​ម្ចាស់​ការដ្ឋាន​មិន​ទាន់​បាន​បង្ហាញ​មុខ​នៅ​ឡើយ​ទេ​។

លោក សេន ថ្លែង​ថា​៖ «​តាម​អ្វី​ដែល​ជា​ការពិនិត្យ​ជាក់ស្តែង​របស់​យើង​ឃើញ​ថា កន្លែង​នោះ​គឺជា​ព្រៃ​លិច​ទឹក ប៉ុន្តែ​ ចំណាត់ការ​អនុវត្ត​នីតិវិធី​បន្ត​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​មន្ត្រី​ជំនាញ​ចម្រុះ​»​។

លោក ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា ខាង​បរិស្ថាន​ជា​អ្នក​ធ្វើ​សំណុំរឿង ហើយ​សំណុំ​រឿង​វា​មាន​ពាក់ព័ន្ធ​នីតិវិធី​ករណី​ទៅ​តុលាការ​។

លោក គង់ មង្គល ប្រធាន​សហគមន៍​ការពារ​បឹង​ពារាំង​បាន​ឲ្យ​ដឹង​ថា កន្លែង​ដែល​គេ​ឈូសឆាយ​នោះ​គឺ​មាន​ចម្ងាយ​ប្រមាណ​ជា​ ៣ ​គីឡូម៉ែត្រ​ពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​ពារាំង​ដែល​ជា​តំបន់​ទេសចរណ៍​សត្វ​ស្លាប​ដ៏ទាក់ទាញ​មួយ​ក្នុង​ខេត្ត​សៀមរាប​។

លោក មង្គល ថ្លែង​ថា​៖ «​តំបន់​នោះ​គឺជា​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប (​ជា​តំបន់​អភិរក្ស​) តែ​វា​ក៏​ជា​តំបន់​ដែល​មាន​ពលរដ្ឋ​ធ្វើ​ស្រែ អ៊ីចឹង​ទៅ​វា​ពិបាក​គ្រប់គ្រង​ណាស់​»​។

ភ្នំពេញ​ ​ប៉ុស្តិ៍​ មិន​អាច​ទាក់ទង​លោក​ ហាក់ សេង និង​លោក រៀម ចន្ទម្នី អ្នក​នាំពាក្យ​តុលាការ​ខេត្ត​សៀមរាប ​ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕