ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​បាន​ឱ្យដឹង​​ថា មាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជិត​ ២ ​ម៉ឺនច្បាប់​ ដែល​ស្ថាប័ន​នេះ​បាន​ទទួល​​ពី​មន្ត្រី​នៅ​ក្រសួង ស្ថាប័ន និង​​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​ ១០ ​ថ្ងៃ ​នៃ​ការចាប់ផ្តើម​ទទួល​ពាក្យ​កាលពី​ថ្ងៃទី​ ១ ខែ មករា ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ១០ ខែ​​មករា ក៏ប៉ុន្តែ​មន្ត្រី​បាន​អះអាង​ថា មាន​អ្នក​ជាប់​កាតព្វកិច្ច​ប្រមាណ ៣០ ​ភាគរយ​ទៀត​នៅ​មិនទាន់​បាន​មក​ដាក់ពាក្យ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ ACU ​ដែល​បាន​ផ្សព្វផ្សាយ​​កាលពី​ថ្ងៃទី​ ១០ ខែ​មករា ឱ្យ​ដឹងថា ក្នុងចំណោម​នោះ​មាន​ស្ថាប័ន​ចំនួន​ ១ និង​ខេត្ត​ចំនួន​ ៩ ​បានបញ្ចប់​ការប្រកាស​របស់ខ្លួន​ ១០០ ​ភាគរយ​រួមមាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ខេត្ត​ឧត្តរមានជ័យ ខេត្ត​សៀមរាប ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ឆ្នាំង ខេត្តក្រចេះ ខេត្ត​កំពង់ចាម ខេត្ត​កែប ខេត្តតាកែវ​ និង​ខេត្តស្វាយរៀង​។

លោក ចេង ប៊ុនឃៀង ប្រធាន​​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​បានឱ្យដឹង​កាលពី​ម្សិលមិញ​ថា ជុំវិញ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ​គឺ​នៅ​លល់​បុគ្គល​មាន​កាតព្វកិច្ច​ចំនួន​ជាង​ ៨ ​ពាន់​នាក់ ដែល​ស្មើ​​នឹង​ ៣០ ​ភាគរយ​ប៉ុណ្ណោះ ដែល​មិនទាន់​បាន​មក​ដាក់ពាក្យ ប៉ុន្តែ​លោក​ថា មិនជា​បញ្ហា​ទេ ព្រោះ​មាន​រយៈពេល​យូរ​ដើម្បី​មក​បំពេញ​កាតព្វកិច្ច​នេះ​។

លោក​បាន​បន្តថា​៖ «​យោងតាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​បញ្ជាក់ថា ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ត្រូវ​ធ្វើ​រយៈពេល ២ ​ឆ្នាំ​ម្តង​។ ​សម្រាប់​ឆ្នាំនេះ អ្នក​ដែល​មាន​កាតព្វកិច្ច​ត្រូវ​មក​ដាក់ពាក្យ​ប្រកាស​ទ្រព្យសម្បត្តិ​​ និង​បំណុល​មាន​រយៈពេល​ ១ ​ខែ​ពេញ គឺ​ចាប់ពី​ថ្ងៃទី​ ១ ខែ​​មករា រហូតដល់​ថ្ងៃទី​ ៣១ ខែ​​ មករា ឆ្នាំ​ ២០២១​។ ប៉ុន្តែ​ចំពោះ​បុគ្គល​ដែល​ជាប់រវល់​បេសកកម្ម ឬក៏​មាន​ជំងឺ​ជា​ទម្ងន់ យើង​ក៏​ពិនិត្យមើល​ដែរ​ឱ្យមាន​ការពន្យារ​»​។

បើតាម​លោក ចេង ប៊ុនឃៀង បុគ្គល​សាធារណៈ​ដែល​​មាន​កាតព្វកិច្ច​ក្នុង​ការមក​ដាក់​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា សមាជិក​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​បើ​និយាយ​ជារួម គឺជា​បុគ្គល​ដែល​ទទួលបាន​ការតែងតាំង​ពី​អនុក្រឹត្យ និង​ព្រះរាជក្រឹត្យ​ឡើងទៅ​។

ក៏ប៉ុន្តែ​លោក ចេង ប៊ុនឃៀង បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការដាក់​ពាក្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ​នឹង​ចប់​ទៅតាម​ផែនការ​ដែល​បាន​​គ្រោងទុក ព្រោះ​មាន​បុគ្គល​មួយចំនួន​បាន​ដាក់​ពាក្យ​ប្រកាស​តាំងពី​ខែធ្នូ ឆ្នាំ​ ២០២០ មក​ម្ល៉េះ ព្រោះ​គាត់​បំពេញ និង​អនុវត្តបាន​យ៉ាង​ពេល​លេញ​ស្រប​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​។

លោក ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ឱ្យដឹង​កាលពី​ម្សិលមិញ​ថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​មាន​ចែង​នៅក្នុង​ច្បាប់​ជា​ធរមាន និង ជា​កាតព្វកិច្ច​ដែល​ស្ថាប័ន និង​បុគ្គល​ពាក់ព័ន្ធ​ត្រូវ​បំពេញ​ដើម្បីឱ្យ​ស្របតាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​។

បើតាម លោក ប៉ិច ពិសី កន្លងមកនេះ ACU បាន​អនុវត្ត​ពី​តួនាទី​របស់ខ្លួន​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការជំរុញ​ដំណើរ​ការប្រកាស ទ្រព្យសម្បត្តិ​ និង​បំណុល​ទៅ​ច្បាប់​​ជា​ធរមាន និង​សម្ងាត់​។ ការប្រកាស​នេះ​នឹងធ្វើ​ឱ្យមាន​ភាពជឿជាក់​កាន់តែ​ខ្ពស់​ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​តាម​ការសង្កេត​របស់​ខ្ញុំ​កន្លងមក ឃើញ​ថា​ការអនុវត្ត​នេះ គឺ​ល្អ និង​មាន​ប្រសិទ្ធភាព​។ យើង​សូម​លើកទឹកចិត្ត និង​ស្វាគមន៍​ចំពោះ​ការដឹកនាំ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ការជំរុញ​ក្នុង​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ​»​។

ទោះបី​ជា​យ៉ាងណា​លោក ពិសី បាន​ជំរុញ​ឱ្យ​មាន​ការលើកទឹកចិត្ត​ក្នុង​ការកែសម្រួល​លើ​បទដ្ឋាន​គតិយុត្ត​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​នេះ​ដោយ​ឱ្យមក​ធ្វើជា​សាធារណៈ​វិញ ព្រោះ​មាន​ប្រទេស​ច្រើនណាស់ ដែល​ត្រូវ​បានប្រកាស​ជា​ធារណៈ ដើម្បី​ឱ្យ​ពលរដ្ឋ​បានដឹង​ព័ត៌មាន​របស់​បុគ្គល និង​មន្ត្រី​​សាធារណៈ​។

ប្រទេស​កម្ពុជា​ បាន​ដាក់​ឱ្យ​មាន​ការអនុវត្ត​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​តាំងពី​ឆ្នាំ ២០១១ មកទល់​ឆ្នាំ​ ២០២១ ​នេះ​គឺមាន​ចំនួន​ ៦ ​លើក​ហើយ ដែល​មាន​បុគ្គល​ជាប់​កាតព្វកិច្ច​ជាង​ ២៥ ០០០ ​នាក់​៕

វីដេអូ៖