កំពតៈ ការផលិត​អំបិល​របស់​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា ខណៈ​ឆ្នាំ​នេះ​មិន​ទាន់​មាន​ការប្រមូលផល​នៅ​ឡើយ បើ​ទោះបី​រដូវ​ប្រមូលផល​បាន​ចាប់ផ្តើម​តាំងពី​ខែ​មករា​មក​ក្តី​។ នេះ​បើ​យោង​តាម​សមាគម​ផលិត​អំបិល​កម្ពុជា​។

គិត​មក​ដល់​ពេល​នេះ​កសិករ​ប្រហែល ២០០ គ្រួសារ​ដែល​ផលិត​អំបិល​នៅ​ខេត្ត​កំពត និង​ខេត្ត​កែប​មិន​ទាន់​អាច​ប្រមូល​ផល​អំបិល​បាន​ទេ ដោយសារ​តែ​ភ្លៀង​ច្រើន​ក្នុង​អំឡុង​រដូវប្រាំង​។ នេះ​បើ​យោង​តាម​លោក ប៊ុន ណារិន ប្រធាន​បច្ចេកទេស​សហគមន៍​ផលិត​អំបិល​កែប​កំពត (KKPC)​។

រដូវ​ប្រមូលផល​អំបិល​ត្រូវ​បាន​ចាប់ផ្ដើម​ពី​ខែ​មករា​ដល់​ខែ​មេសា​នៅ​លើ​ផ្ទៃដី​ស្រែអំបិល​ជាង ៥០០០ ហិកតា​នៅក្នុង​ខេត្ត​ទាំង​ ២ ​នេះ​។

លោក ប៊ុន ណារិន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុង​អំឡុង​រដូវ​ក្ដៅ កសិករ​អាច​ប្រមូល​ផល​អំបិល​បាន​រហូត​ដល់ ១០០ ០០០ តោន​ត្រឹម​ពាក់​កណ្ដាល​ខែ​មីនា​។ លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​ប្រមូល​អំបិល​ចាប់ពី​ខែ​មករា​រហូត​ដល់​ពេល​នេះ​បាន​ទេ ដោយសារ​តែ​ភ្លៀង​ច្រើន​។ ឆ្នាំ​នេះ​កសិករ​មិន​អាច​រកប្រាក់​ចំណូល​បាន​ទេ ដោយសារ​ការផលិត​អំបិល​របស់​យើង​ពឹង​លើ​អាកាសធាតុ​»​។

ទិន្នន័យ​បាន​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​បង្ហាញ​ថា ឧស្សាហកម្ម​នេះ​រក​បាន​ប្រាក់​ចំណូល​ប្រហែល ២២ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧ ​ជាមួយ​នឹង​បរិមាណ​ផល​អំបិល​សរុប​បូក​ទាំង​សល់​ក្នុង​​ស្តុក​មាន​ប្រហែល ១៤៣ ០០០ តោន​។

ប៉ុន្តែ​តម្រូវការ​អំបិល​ក្នុង​ស្រុក​ប្រចាំ​ឆ្នាំ​មាន​ប្រហែល ៩០ ០០០ ​តោន ខណៈ​អំបិល​ដែល​នៅ​ក្នុង​ស្តុក​មាន​សល់​តែ ៦០ ០០០ ​តោន​ប៉ុណ្ណោះ​។

លោក ប៊ុន ណារិន បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ភ្លៀង​បន្ត​ធ្លាក់​រហូត​ដល់​ខែ​មេសា យើង​នឹង​ប្រឈម​កង្វះ​អំបិល​សម្រាប់​​ទីផ្សារ​នៅ​ឆ្នាំ​នេះ​»​។ ទោះបី​ជា​ភ្លៀង​រាំង​ភ្លាមៗ​ក៏ដោយ ក៏​​ក្រុមហ៊ុន​ផលិត​អំបិល​ទំនង​​ជា​ត្រូវការ​ប្រើប្រាស់​ស្ដុក​ទាំង​មូល​របស់​ពួកគេ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ ដែល​យោង​តាម​លោក ប៊ុន ណារិន នឹង​មានន័យ​ថា​៖ «​មិន​មាន​អំបិល​ក្នុង​ស្ដុក​សម្រាប់​ឆ្នាំ​ក្រោយ​នោះ​ទេ​»​។

ប្រតិបត្តិការ​អំបិល​របស់​កម្ពុជា​បាន​កើនឡើង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ ដែល​បាន​កើនឡើង​ដោយ​ចំណាប់​អារម្មណ៍​របស់​អន្តរជាតិ​លើ​អំបិល​សមុទ្រ​ធម្មជាតិ​។

Confirel ជា​ក្រុមហ៊ុន​ផលិត​អំបិល​ក្នុង​ស្រុក​ដែល​ល្បី​ឈ្មោះ​ក្នុង​ការ​ប្រតិបត្តិការ​ម្រេច​កំពត​របស់​ខ្លួន​បាន​ក្លាយ​ជា​ក្រុមហ៊ុន​នាំ​ចេញ​អំបិល​កម្ពុជា​ដំបូង​កាលពី​ឆ្នាំ​ ២០១៧ ដែល​នាំ​ចេញ​អំបិល​ ២០ ​តោន​ទៅ​ប្រទេស​បារាំង​ជា​ការ​សាកល្បង​ដែល​ទំនង​ជា​នឹង​នាំ​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​កាន់តែ​ច្រើន​នៅ​ពេល​អនាគត​។ នេះ​បើ​យោង​តាម​លោក ហៃ លីអៀង ប្រធាន​ក្រុមហ៊ុន​។

លោក លី អៀង បាន​ថ្លែង​ថា​អ្នក​ទិញ​នៅ​ប្រទេស​បារាំង​នឹង​ចូល​មក​នៅ​ខែ​ក្រោយ ដើម្បី​ពិនិត្យ​មើល​កសិដ្ឋាន​អំបិល ហើយ​អ្វីៗ​អាច​កាន់​តែ​អាក្រក់​សម្រាប់​ទីផ្សារ​នេះ​នៅ​ពេល​អនាគត បើ​អាកាសធាតុ​មិន​អំណោយផល​។ លោក​ថ្លែង​ថា​៖ «​នៅ​ឆ្នាំ​នេះ​វា​ល្អ​ដោយសារ​តែ​យើង​បាន​សល់​អំបិល​នៅ​ក្នុង​ស្ដុក ប៉ុន្តែ​យើង​នឹង​ប្រឈម​កង្វះ​អំបិល​នៅ​ឆ្នាំ​ក្រោយ​ប្រសិន​បើ​ការផលិត​អំបិល​របស់​យើង​មាន​ចំនួន​កាន់តែ​តិច​ទៅ​»៕ LA