ភ្នំពេញៈ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​កិច្ច​រក្សា​ប្រតិបត្តិការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​សង្គម​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​លោក ស ខេង បាន​ថ្លែង​ទៅ​កាន់​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​នគរបាល​ជាតិ​ឲ្យ​ឃ្លាំ​មើល និង​ស្រាវជ្រាវ​រក​ចលនា​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បើ​ទោះបី​ជា​គណបក្ស​ប្រឆាំង​មួយ​នេះ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​ហើយ​ក៏ដោយ​។

នៅ​ចំពោះ​មុខ​មន្ត្រី​ជាន់​ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​នគរបាល​ជាតិ​ជាច្រើន​រយ​នាក់​លោក ស ខេង ថ្លែង​ថា​៖ «​ឥឡូវ​ចលនា​សង្គ្រោះ​ជាតិ​ការពិត​ហើយ យើង​ឃើញ​ឥត​មាន​ចុះ​បញ្ជី​ទេ ហើយ​បើ​ចុះ​បញ្ជី​ក៏​យើង​មិន​ឲ្យ​ចុះ​ដែរ ពីព្រោះ​វា​មិន​ស្រប​ច្បាប់ យើង​ត្រូវ​មើល​សកម្មភាព​នៅ​មូលដ្ឋាន​ហើយ​សូម​ឲ្យ​ស្រាវជ្រាវ​រក​ចលនា​​នេះ​មើល​។ យើង​មិន​បាន​បិទ​សិទ្ធិ​សេរីភាព​នរណា​ទេ​? (​តែ​) ហេតុ​អ្វី​គណបក្ស​នយោបាយ​បង្កើត​ចលនា​បម្រើការ​បំផ្លាញ​?»​។

លោក ស ខេង ថ្លែង​បន្ត​ថា​៖ «​យើង​មាន​ភារកិច្ច និង​កាតព្វកិច្ច​ដើម្បី​ការពារ​សុខសន្តិភាព និង​ស្ថិរភាព និង​រដ្ឋាភិបាល​»​។

លោក​រដ្ឋមន្ត្រី​បាន​អះអាង​​ថា​គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កាលពី​​ខែ​វិច្ឆិកា ២០១៧​គឺ​ពួកគេ​បាន​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​​ពីព្រោះ​កាលពី​ឆ្នាំ​ ២០១៣ ​នៅ​ពេល​ពួកគេ​ទទួល​បាន​ ៥៥ ​កៅអី​គេ​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ហើយ​បាន​នាំ​គ្នា​ប្រមូលផ្តុំ​កម្លាំង​មហាជន​ដើម្បី​ឈាន​ទៅ​ផ្តួលរំលំ​រដ្ឋអំណាច​ស្រប​ច្បាប់​។

លោក ស ខេង ថ្លែង​ថា ​ពួកគេ​បាន​បំផ្លាញ​ចោល​លទ្ធផល​ការ​បោះឆ្នោត​ហើយ​ឡើង​កាន់​អំណាច​ដូច្នេះ​ហើយ​ត្រង់​នេះ​ហើយ​ដែល​យើង​ថា​គណបក្ស​នេះ​ចង់​ឡើង​កាន់​អំណាច​តែ​មិន​ឆ្លង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ទោះបី​ជា​ពួកគេ​ចូល​អង្គុយ​ក្នុង​រដ្ឋសភា​ដោយ​បាន​ចែក​អាសនៈ ហើយ​ធ្វើ​តាម​សំណូមពរ​ពួកគេ​ហើយ​ក៏ដោយ តែ​ពួកគាត់​នៅ​តែ​មិន​សុខ​ចិត្ត គឺ​មាន​បំណង​ដើម្បី​នឹង​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣​។

លោក ស ខេង ថ្លែង​ថា​៖ «​ប្រសិន​បើ​ទុក​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​នឹង​បង្ក​ភាព​មហន្តរាយ​ដល់​កម្ពុជា​ទាំង​រដ្ឋធម្មនុញ្ញ​ និង​សុខ​សន្តិភាព​ហើយ​នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​បែកបាក់​ដូច​នៅ​ឆ្នាំ​ ១៩៧០ ​ហើយ​នឹង​ពិបាក​ស្តារ​ឡើង​វិញ​»​។

លោក ស ខេង ថ្លែង​ថា​ក្រសួង​មហាផ្ទៃ​បាន​ចាត់​តាំង​មេធាវី​ប្ដឹង​ទៅ​តុលាការ​កំពូល​ដោយ​បាន​ដាក់​សំណុំ​រឿង​ជាង​ ២០ ​ហើយ​បាន​សុំ​ឲ្យ​ពួកគេ​យក​មេធាវី​ទៅ​ការពារ​ ប៉ុន្តែ​ពួកគេ​មិន​ទៅ​ការពារ​ទេ​ថែម​ទាំង​បាន​បោះបង់​ចោល​សិទ្ធិ​ការពារ​នៅ​តុលាការ ព្រោះ​ពួកគេ​ការពារ​វា​មិន​កើត​ដោយ​មិន​អាច​រក​ភ័ស្តុតាង​ដែល​ផ្ទុយ​នឹង​ការ​ចោទប្រកាន់​តែ​ឥឡូវ​ពួកគេ​អះអាង​ថា​ចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​។

លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​ប្រមែ​ប្រមូល​ភ័ស្តុតាង​បន្ត​ទៀត​ពីព្រោះ​យើង​ត្រូវ​ពិចារណា​លើ​ផ្លូវ​ច្បាប់​ពីព្រោះ​យើង​អ្នក​អនុវត្ត​ច្បាប់ ​ដូច្នេះ​យើង​កំពុង​រួម​គ្នា​សហការណ៍​ដោយ​មាន​ការ​ជួយ​ពី​មេធាវី​ការពារ​មកពី​ក្រសួង​យុត្តិធម៌​តើ​គាត់​ធ្វើ​ហ្នឹង​ខុស​អ្វី​យើង​ប្រមូល​ភ័ស្តុតាង​ទៀត​ដើម្បី​ពិចារណា​តើ​វិធានការ​ផ្លូវ​ច្បាប់​យើង​ធ្វើ​យ៉ាង​ម៉េច​?»​។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ក្បត់ជាតិ​កំពុង​ជាប់ឃុំ​នៅ​ក្នុង​ពន្ធនាគារ​រង់ចាំ​ការ​ជម្រះ​ក្ដី​ពី​តុលាការ​។ ខណៈ​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដោយសារ​តុលាការ​បាន​សម្រេច​ផ្ដន្ទាទោស​លើ​ករណី​ជាច្រើន​។

កាលពី​ម្សិលមិញ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក៏​ប្ដេជ្ញា​ប្រើ​មធ្យោបាយ​សរុប​ដើម្បី​ទប់ស្កាត់​ «​ឧបាយកល​មុន​ក្នុង និង​ក្រោយ​ពេល​បោះឆ្នោត​រដ្ឋសភា​» ​នា​ឆ្នាំ​នេះ​ផង​ដែរ ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​ប្រឈម​នឹង​ភាព​ស្មុគស្មាញ​ខ្លះៗ​ ប៉ុន្តែ​នគរបាល​នៅ​តែ​ជា​កម្លាំង​ស្នូល​។

តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពី​ម្សិលមិញ​បង្ហាញ​ថា​៖ «​ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ ទោះបី​សភាពការណ៍​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​លេច​ឡើង​ស្មុគស្មាញ ជាពិសេស​ឧបាយកល​ទុច្ចរិត​របស់​ពួក​ប្រឆាំង បទល្មើស​ព្រហ្មទណ្ឌ​ក៏​កងកម្លាំង​នគរបាល​ជាតិ​នៅ​តែ​ឈរ​ជា​ស្នូល​យ៉ាង​រឹងមាំ​ក្នុង​ការ​ធានា​សេចក្ដី​សុខ​ក្សេមក្សាន្ត និង​របៀបរៀបរយ​ជូន​សង្គម​ជាតិ​ជាពិសេស​បាន​បង្ការ ទប់ស្កាត់​នូវ​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ទប់ស្កាត់​បាន​អំពើ​ភេរវកម្ម​»​។

ចំពោះ​ទិសដៅ​ឆ្នាំ​ ២០១៨ ​នគរបាល​ជាតិ​ប្ដេជ្ញា​ថា​ពង្រឹង​សន្តិសុខ​ឲ្យ​បាន​រឹងមាំ​ដើម្បី​ជា​បុព្វហេតុ​ស្នូល​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ និង​ធានា​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក៏​ដូចជា​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​។

របាយការណ៍​ដដែល​សរសេរ​ថា​៖ «​ការពារ​ឲ្យ​បាន​ដាច់​ខាត​នូវ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល​លើ​ស្រប​ច្បាប់​ឯកភាព​ផ្ទៃក្នុង​ដោយ​មិន​ទុក​ឱកាស​ឲ្យ​កងកម្លាំង​អមិត្ត​ណា​មួយ​ឆ្លៀត​ឱកាស​ប្រើប្រាស់​ឧបាយកល ញុះញង់ បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង និង​បំផ្លាញ​សមិទ្ធផល​នៃ​សង្គមជាតិ​បាន​ឡើយ​»​។

ស្រដៀង​គ្នា​នេះ​ដែរ​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៧ ​និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​ ២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ឆ្នាំ​ ២០១៧ កន្លង​មក​នេះ​បាន​ទប់ស្កាត់​ «​សកម្មភាព​បង្កចលាចល​នយោបាយ និង​អំពើ​ភេរវកម្ម​» ​បាន​ល្អ​ដើម្បី​ធានា សភាពការណ៍​សន្តិសុខ​ទូទៅ​ក្នុង​រាជធានី​»​។

បើ​តាម​របាយការណ៍​សាលា​រាជធានី​សរសេរ​ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៧ ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ខិតខំ​ជម្នះ​ពុះពារ​រាល់​ការ​លំបាក​ស្មុគស្មាញ និង​អនុវត្ត​គ្រប់​វិធានការ​ពិសេស​ការ​​ចាត់តាំង​អនុវត្ត​គោលនយោបាយ “​ភូមិ សង្កាត់ មាន​សុវត្ថិភាព​” បាន​កាន់​តែ​ល្អ​ធានា​បាន​សភាពការណ៍​សន្តិសុខ​ទូទៅ​ក្នុង​រាជធានី​ក្នុង​នោះ​គួរ​ឲ្យ​កត់សម្គាល់​សកម្មភាព​បង្ក​ចលាចល​នយោបាយ និង​អំពើ​ភេរវកម្ម​ត្រូវ​បាន​ទប់ស្កាត់​មិន​ឲ្យ​កើត​មាន​»​។

ឆ្លើយតប​នឹង​បញ្ហា​នេះ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ឡុង បុត្តា ថ្លែង​ថា​៖ «​ខ្ញុំ​ថា​របាយការណ៍​របស់​ពួកគេ​គឺ​អាម៉ាស់​សម្រាប់​ប្រជាជន​ខ្មែរ​។ ​នៅឯ​មហាសន្និបាត​ [​អង្គការ​សហប្រជាជាតិ​] ​លោក​ ហ៊ុន សែន ​នឹង​ត្រូវ​វិនិច្ឆ័យ​ដោយ​អំពើ​ឧក្រិដ្ឋ​របស់​លោក​»​។

លោក​បាន​បន្ត​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​កន្លង​មក​នេះ​ជា​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​ដោយ​លោក​បញ្ជាក់​ថា​៖ «​លោក​ ហ៊ុន សែន បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋ​ធម្មនុញ្ញ​ជា​លើក​ដំបូង​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​តែ​មួយ​គត់​ដែល​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះឆ្នោត​នា​ខែ​កក្កដា ឆ្នាំ​ ២០១៨ និង​ទី​ ២ ​ប្រឆាំង​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ឥទ្ធិពល​ដូចជា​កាសែត​ខេមបូឌាដេលី អង្គការ​ NDI និង​ស្ថាប័ន​ផ្សេង​ទៀត​»​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​យល់​ថា​របាយការណ៍​ទាំង​នេះ​មាន​ចរិត​នយោបាយ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​នេះ​ជា​របាយការណ៍​មាន​ចរិត​នយោបាយ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នោះ​ដែរ​សាលា​រាជធានី​ហាក់​បរាជ័យ​ក្នុង​ការ​រំដោះ​ចិញ្ចើម​ថ្នល់ បង្ក្រាប​ល្បែង​ស៊ីសង​មាន​ជល់​មាន់​ជាដើម​។ ក្រៅពី​នោះ​ស្ថានភាព​កកស្ទះ​ចរាចរណ៍​នៅ​តែ​អាក្រក់ ហើយ​ស្ថានភាព​ដែល​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​នៅ​តែ​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង​។ សំរាម និង​បរិស្ថាន​ក៏​នៅ​តែ​ជា​ឧបសគ្គ​ដល់​មុខមាត់​នៃ​ទីក្រុង​មួយ​នេះ​»​។

លោក​បាន​បន្ថែម​ថា​៖ «​តាំងពី​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​។ ​យើង​អាច​សន្និដ្ឋាន​ថា​ប៉ូលិស​មិន​ដំណើរ​ការ​ល្អ​ក្នុង​ការ​បង្ក្រាប​បញ្ហា​គ្រឿងញៀន​ទេ​។ ដូច​គ្នា​នេះ​ផង​ដែរ​ប៉ូលិស​ចរាចរណ៍​នៅ​ក្នុង​ការងារ​សណ្តាប់ធ្នាប់​ក៏​អសកម្ម​ផង​ដែរ​រហូត​ទាល់​តែ​នាយក​រដ្ឋមន្ត្រី​ព្រមាន​»៕