សៀមរាបៈ សាលារៀន​ទាំង​រដ្ឋ​ និង​ឯកជន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស វិជ្ជាជីវៈ​នៅក្នុង​ក្រុង​សៀមរាប​ត្រូវបាន​បិទទ្វារ​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃ​សៅរ៍​តទៅ បន្ទាប់ពី​បុរស​អាយុ​ ៣៨ ​ឆ្នាំ​ម្នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​វីរុស​កូវីដ​ ១៩ ហើយ​មនុស្ស​សរុប ៤៧ នាក់​ផ្សេងទៀត​កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​តាមដាន​ពី​ក្រសួងសុខាភិបាល​។

ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍​ជម្រាបជូន​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិក​អប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ថា ​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំង​រដ្ឋ និង​ឯកជន​ទាំងអស់​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ត្រូវ​បិទទ្វារ​ផ្អាក​ការសិក្សា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី​ ៧ មីនា​តទៅ​រហូត​ដល់​មាន​ការជូន​ដំណឹង​ជាថ្មី​។

ស្រដៀង​គ្នា​នេះ​ក្រសួង​ការងារ និង​ ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​អំពី​ការផ្អាក​បណ្ដោះអាសន្ន​នូវ​ការបណ្ដុះបណ្ដាល​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​ វីជ្ជាជីវៈ និង​ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​ដែល​ស្ថិតក្រោម​ឱសានវាទ​ក្រសួង​ការងារ​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ផងដែរ​។

វិធានការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ក្រសួងសុខាភិបាល​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​បានប្រកាសថា បុរស​ម្នាក់​អាយុ​ ៣៨ ​ឆ្នាំ​ដែល​មាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​អាយុ​ ៤០ ​ឆ្នាំមាន​ផ្ទុក​វីរុស​កូវីដ​ ១៩ ​នោះ​ក៏មាន​វីរុស​កូវីដ​ ១៩ ​ដែរ​។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា​៖ «​វិធានការ​នេះ​ជាការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​កូវីដ​ ១៩ ​បន្ទាប់ពី​មានការ​រកឃើញ​ករណី​មេរោគ​នេះ​នៅលើ​បុរស​ជនជាតិ​ខ្មែរ​ ១ ​រូប​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ ហើយ​បាន​ចាកចេញ​ពី​ខេត្តសៀមរាប​ទៅ​កាន់​ប្រទេស​ជប៉ុន​កាលពី​ពេល​ថ្មីៗ​នេះ​»​។

បន្ថែម​ពីលើ​វិធាន​ការបិទ​សាលារៀន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ជា​បណ្ដោះអាសន្ន​នេះ​ក្រសួង​ទាំង​ ២ ​ក៏បាន​ស្នើឲ្យ​សិស្សានុសិស្ស​មាតាបិតា​លោកគ្រូ​អ្នកគ្រូ និង​សាធារណជន​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​នេះ​ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ដែល​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​បានដាក់​ចេញ​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​បញ្ជាក់​ពី​ម្សិលមិញ​ថា ការបិទ​សាលារៀន​បណ្ដោះអាសន្ន​នោះ​ធ្វើឡើង​តែ​សម្រាប់​សាលា​ដែល​ស្ថិតនៅ​ក្រុង​​សៀមរាប​ប៉ុណ្ណោះ​មិនមែន​នៅ​ទូទាំង​ខេត្ត​នោះទេ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញមតិ​ទៅលើ​ការលើកឡើង​មិន​ត្រឹមត្រូវ​លើ​បណ្ដាញ​សង្គម​របស់​អ្នកលេង​ហ្វេសប៊ុក​ម្នាក់​ដែលថា ការបិទ​សាលា​ធ្វើ​ឡើង​នៅ​ទូទាំង​ខេត្ត ដោយ​លោក​ថា ការបិទ​សាលារៀន​គឺ​សម្រាប់តែ​ក្រុង​សៀមរាប​ប៉ុណ្ណោះ​។

លោក​សរសេរថា​៖ «​គោលដៅ​នៃ​ការបិទ គឺ​ដើម្បី​ការពារ​កុមារ​ដែល​មិនចេះ​វិធី​ការពារ​ខ្លួន​។ សង្ឃឹមថា មាតាបិតា អាណាព្យាបាល ខិតខំ​ឲ្យ​កូនចៅ​ខិតខំ​រៀន​នៅផ្ទះ​ក្នុង​រយៈពេល ការបិទ​សាលា​បណ្តោះអាសន្ន​នេះ​»​។

កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ម៉ម ប៊ុនហេង បានធ្វើ​សន្និសីទ​ព័ត៌មាន​ប្រកាស​អំពី​ករណី​បុរស​ម្នាក់​នៅ​ខេត្តសៀមរាប ​បាន​ឆ្លង​វីរុស​កូវីដ​ ១៩ ​ដែលជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ ៤ ​នាក់​ដែលមាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ម្នាក់​មាន​ផ្ទុកមេរោគ​នេះ​។

លោក​ថ្លែង​ថា​៖ «​រហូតដល់​ម៉ោង​ ១២:៥០ ​នាទី​ថ្ងៃទី ​៧ ខែ​មីនា ឆ្នាំ​ ២០២០ ក្រសួង​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​វិញ​ថា បុរស​ម្នាក់​អាយុ​ ៣៨ ​ឆ្នាំ​ដែល​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​អាយុ​ ៤០ ​ឆ្នាំ​ហើយ​មាន​វីរុស​កូវីដ​ ១៩ ​នោះ​មាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ​ ១៩»​។

លោក​បន្តថា មនុស្ស​ ៣ ​នាក់​ដែល​រួមមាន​ស្រី​ ២ ​នាក់​ និង​ប្រុស​ ១ ​នាក់​ទៀត​ត្រូវបាន​រកឃើញ​លទ្ធផល​អវិជ្ជមាន​កូវីដ​ ១៩ នៅត្រឹម​ថ្ងៃ​ធ្វើតេស្ត​។ លោក​ថា ក្រុមគ្រូពេទ្យ​បង្អែក​ខេត្ត​សៀមរាប​កំពុងតែបន្ត​តាមដាន​ដោយ​យកចិត្ត​ទុកដាក់​បំផុត​លើ​សុខភាព​មនុស្ស​ទាំង​ ៣ ​នាក់​នេះ​នៅក្នុង​រយៈពេល​ ១៤ ​ថ្ងៃ​ទៀត​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ក្រសួងសុខាភិបាល​បញ្ជាក់ថា មាន​មនុស្ស​សរុប​ ៨ នាក់​ដែលជា​អ្នកមាន​ប្រវត្តិ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន ដែល​មាន​ផ្ទុក​កូវីដ​ ១៩ ​ក្នុង​នោះ​រួមមាន​បុរស​ដែល​បាន​ឆ្លង​អាយុ ៣៨ ​ឆ្នាំ ស្ត្រី​ ២ ​នាក់ បុរស​ម្នាក់ ​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ និង​ក្រុមគ្រួសារ​របស់​បុរស​អាយុ​ ៣៨ ​ឆ្នាំ​។ អ្នក​ដែល​ធ្លាប់បាន​ប៉ះពាល់​ទាំងនេះ​ត្រូវបាន​នាំមក​នៅ​បន្ទប់​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ ក្រៅពីនេះ​នៅ​មាន​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ ៤០ ​នាក់​ផ្សេងទៀត​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា សំណាក​នៃ​អ្នក​ដែល​ធ្លាប់​ប៉ះពាល់​ផ្ទាល់ និង​ដោយ​ប្រយោល​ទាំងអស់​ត្រូវបាន​យកទៅ​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។ មនុស្ស​ ៣ ​នាក់​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន​ត្រូវបាន​ធ្វើតេស្ត​ដោយមាន​លទ្ធផល​អវិជ្ជមាន​។

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ជាថ្មី​ឲ្យ​អ្នកធ្វើដំណើរ​ដែល​ចេញទៅ​ ឬ​ត្រឡប់​ពី​តំបន់ ឬ​ប្រទេស​ដែលមាន​ការចម្លង​វីរុស​កូវីដ​ ១៩ នេះ​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ដោយ​ត្រូវ​ចេះ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ដោយ​អនុវត្ត​នូវ​វិធានការ​សាមញ្ញៗ​ដូចដែល​ក្រសួង​បានចេញ​ផ្សាយ​។ លើសពីនេះ​ទៀត បើ​ពួកគេ​មាន​រោគសញ្ញា​ដូចជា គ្រុនក្ដៅ ក្អក និង​ពិបាក​ដកដង្ហើម​ជាដើម​ទាំង​ក្នុងអំឡុង​ពេល​ធ្វើដំណើរ និង​ក្រោយពេល​ធ្វើដំណើរ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ប្រាប់​ពី​ប្រវត្តិ​ធ្វើដំណើរ​ និង​រោគសញ្ញា​ដែល​កើតមាន​។

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បាន​បញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍ បុរស​អាយុ​ ៣៨ ​ឆ្នាំ​ដែលមាន​ផ្ទុក​វីរុស​កូវីដ​ ១៩ ​នោះ​មាន​សុខភាព​ល្អ និង​មិនមាន​រោគសញ្ញា​នោះទេ​។ ដោយឡែក​អ្នក​ប៉ះពាល់​ផ្ទាល់ ៤ ​នាក់​ទៀត និង ៤០ នាក់​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ដែល​តម្រូវ​ឲ្យ​នៅ​ដោយឡែក​ពី​គេ​ចំនួន​ ១៤ ​ថ្ងៃ និង​ដើម្បី​តាមដាន​សុខភាព​នោះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​អ្វី​ដែរ​។

លោក​ថ្លែងថា កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​នេះ​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​អង្គការ​សុខភាព​ពិភពលោក WHO មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋ​អាមេរិក USC-DC និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា IPC​។

លោក​ លី សូវ៉ាន់ បាន​សរសេរ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់លោក​ពី​ម្សិលមិញ​ថា បើ​បងប្អូន​សាធារណជន​មាន​រោគសញ្ញា​ក្តៅខ្លួន ឬ​មាន​រោគសញ្ញា​ផ្លូវដង្ហើម​ និង​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ដែល​មាន​ឆ្លង​ជំងឺ COVID-19 ឬ​ប៉ះពាល់​ជាមួយ​អ្នកមាន​ជំងឺ​បង្កឡើង​ដោយ​មេរោគ COVID-19 ក្នុង​អំឡុងពេល​ ១៤ ​ថ្ងៃមុន​ចេញ​រោគសញ្ញា​សូម​អញ្ជើញ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត​នៅ​ភ្នំពេញ និង​នៅ​គ្រប់​មន្ទីរពេទ្យ​ខេត្ត​នៅ​បណ្តា​ខេត្ត​ទាំងអស់​នៅ​ទូទាំងប្រទេស​។

លោក​បន្តថា​៖ «​ក្នុងករណី​គ្រូពេទ្យ​ពិនិត្យឃើញថា ចូល​ករណី​សង្ស័យ​ដែល​តម្រូវឱ្យ​យក​វត្ថុ​ ឬ​តម្រូវឱ្យ​សម្រាក​ពេទ្យ​អ្នកជំងឺ​ទាំងនេះ​នឹងមិន​មានការ​បង់ថ្លៃ​ធ្វើតេស្ត​រក​មេរោគ COVID-19 នឹង​តម្លៃ​ព្យាបាល​ទេ ដែល​បញ្ជាក់ថា​មាន​វិជ្ជមាន COVID-19 ។ ការអនុវត្ត​នេះ​នឹងធ្វើ​ឡើង​ទាំង​ជនជាតិខ្មែរ និង​ជនជាតិ​បរទេស​ទាំងអស់​។ ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥»​។

លោក​វេជ្ជបណ្ឌិត​ក្រុស សារ៉ាត់ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​បដិសេធ​អត្ថាធិប្បាយ​អំពី​ករណី​បុរស​អាយុ​ ៣៨ ​ឆ្នាំ និង​អ្នក​ផ្សេងទៀត​ដែល​ត្រូវដាក់​ឲ្យ​នៅ​ដោយឡែក​នៅ​មន្ទីរពេទ្យ​នេះ ដោយ​លោក​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​ក្រសួង​សុខាភិបាល​។

លោកស្រី​ ឱ វ៉ាន់ឌីន អ្នក​នាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លទ្ធផល​ធ្វើតេស្ត​ទៅលើ​សមាជិកគ្រួសារ​របស់​បុរស​វ័យ​ ៣៨ ​ឆ្នាំ​ដែល​ឆ្លង​វីរុស​កូវីដ​ ១៩ គឺ​រក​ពុំឃើញ​មាន​ឆ្លង​វីរុស​នេះ​ទេ​។

ស្របពេល​ជាមួយ​គ្នា​នេះ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក៏ត្រូវ​បាន​លុបចោល​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​សៅរ៍​។

លោក​ ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ពី​ម្សិលមិញ​ថា​៖ «​ដោយសារ​តែ​ការវិវត្ត​ចុងក្រោយ​នៃ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ​នៅ​ខេត្តសៀមរាប និង​ស្របតាម​ការណែនាំ​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រឹត្តិការណ៍​សង្ក្រាន្ត​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ខេត្តសៀមរាប ដើម្បី​ត្រៀម​ចូលរួម​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​យើង​ខាងមុខ​នេះ​នឹងត្រូវ​លុបចោល​ជា​ស្ថាពរ​»៕