ភ្នំពេញៈ ជាមួយនឹងការរក្សាទុកនូវសមាសភាពចាស់ដដែលនៃថ្នាក់ដឹកនាំក្រសួង ឬស្ថាប័ននានាក្នុងរដ្ឋាភិបាលអាណត្តិថ្មីក្រោយពីឈ្នះឆ្នោតភ្លូកទឹកភ្លូកដីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារនូវការមិនផ្លាស់ប្តូរថ្នាក់ដឹកនាំក្រសួង ជាពិសេសរដ្ឋមន្ត្រីដោយលោកថា ការដោះដូរមនុស្សមិនសំខាន់ទេក្នុងកំណែទម្រង់នៃការដឹកនាំ សំខាន់លើប្រសិទ្ធភាពការងារ ហើយថាមន្ត្រីចាស់ៗទាំងនោះប្រៀបដូចជាខ្ញីចាស់កាន់តែហឹរ និងស្រាកាន់តែយូរឆ្នាំកាន់តែឆ្ងាញ់។
ប៉ុន្តែអ្នកវិភាគយល់ខុសពីលោក ហ៊ុន សែន ក្នុងការកែទម្រង់ដើម្បីដឹកនាំឲ្យមានប្រសិទ្ធភាព និងភាពរីកចម្រើននោះ ដោយពួកគេលើកឡើងថា ដំណើរការនៃការអភិវឌ្ឍ និងការកែទម្រង់ឈានទៅរកភាពរីកចម្រើនសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីអាចឈានទៅមុខបាន លុះត្រាតែថ្នាក់ដឹកនាំចាស់ៗនៅតាមក្រសួង ឬ ស្ថាប័នដូចជារដ្ឋមន្ត្រីជាដើមត្រូវបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ពួកគេមិនរំពឹងថាដំណើរការនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មីនេះមានលទ្ធផលល្អនោះទេ។ អ្នកវិភាគថា មនុស្សខុសពីខ្ញី បើកាលណាកាន់តែចាស់កាន់តែទ្រុឌទ្រោម។
ថ្លែងក្នុងកិច្ចប្រជុំលើកទី ១ កាលពីថ្ងៃទី ៧ ខែកញ្ញា នាវិមានសន្តិភាពក្រោយការបង្កើតរដ្ឋាភិបាលអាណត្តិទី ៦ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាការកែទម្រង់សំខាន់លើប្រសិទ្ធភាពការងារមិនសំខាន់លើការដោះដូរមនុស្សនោះទេ។
លោកបញ្ជាក់ថា របៀបនៃការដឹកនាំគឺលោកអនុវត្តទៅតាមរបៀបរក្សាចាស់ បង្កើនថ្មី ហើយក៏មិនដែលបោះបង់អ្នកចាស់ចោលឡើយ ព្រោះថា ប្រសិនបើមិនមានសមាជិករដ្ឋាភិបាលចូលរួមក៏មិនអាចទទួលបានជោគជ័យដែរ នេះដោយសារប្រសិទ្ធភាពការងារ។
លោកថាមនុស្សមួយចំនួនគិតថា ការកែទម្រង់គឺជាការដូរមនុស្ស។ នេះគឺជាការគិតខ្លីរបស់មនុស្សខ្លះ។ ប្រសិនបើការកែទម្រង់ណាមួយគ្រាន់តែការដូរមនុស្ស វាមិនខុសពីការសម្លាប់ខ្លួនទេ។
លោកថ្លែងថា៖ «ខ្ញុំអាចបញ្ជាក់ជូនអស់លោកក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការអនុវត្តសម្រាប់ប្រទេសជាតិ មិនមែនការកែទម្រង់សំដៅទៅលើការដោះដូរមនុស្សទេ។ ប៉ុន្តែសំខាន់បំផុតគឺសំដៅទៅលើខ្លឹមសារការងារ ប្រសិទ្ធភាពការងារឯនោះវិញទេ»។
ជាងនេះទៀតលោកក៏យកការរក្សាទុករដ្ឋមន្ត្រីចាស់ទាំងនោះប្រៀបទៅនឹងស្រាចាស់យូរឆ្នាំទើបវាឆ្ងាញ់ និងប្រៀបទៅខ្ញីចាស់វាកាន់តែហឹរ ដោយលោកចង់បង្ហាញថា រដ្ឋមន្ត្រីចាស់វស្សារបស់លោកគឺសុទ្ធតែខ្លាំងក្នុងការដឹកនាំ។
លោក ហ៊ុន សែន ថ្លែងថា៖ «អ្នកទាំងអស់គ្នាតែងតែនិយាយថា បើស្រាក្រហម វាទាល់តែចាស់យូរឆ្នាំ ទើបវាឆ្ងាញ់ ហើយចុះបើចង់បានអាស្រាចាស់ ហើយចុះម៉េច មន្ត្រីចាស់ហ្នឹងធ្វើមិនបាន? ហើយម្យ៉ាងទៀតចាស់របស់យើងនេះគឺចាស់ដែលវាចេញពីគេហៅថា ខ្ញីកាន់តែចាស់កាន់តែហឹរ»។
លោកបញ្ជាក់ថា៖ «ធ្វើនយោបាយ បើសិនជាគ្រាន់តែដោះដូរមនុស្ស ហើយដែលហៅថា កែទម្រង់ ត្រឹមដោះដូរមនុស្ស នយោបាយមួយនោះនឹងស្លាប់ ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុត។ ជោគជ័យរបស់ ហ៊ុន សែន ចាប់ផ្តើមពីមនុស្ស ៥ នាក់។ ប៉ុន្តែរហូតមកដល់មនុស្សរាប់លាននាក់ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់តាមរបៀបរក្សាចាស់បង្កើនថ្មី»។
នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះមានឧបនាយករដ្ឋមន្ត្រី ១០ រូប ទេសរដ្ឋមន្ត្រី ១៧ រូប និងរដ្ឋមន្ត្រី ២៩ រូប។
ប៉ុន្តែអ្នកវិភាគយល់ខុសពីលោក ហ៊ុន សែន ក្នុងការកែទម្រង់ដើម្បីដឹកនាំឲ្យមានប្រសិទ្ធភាព និងភាពរីកចម្រើននោះដោយលើកឡើងថាដំណើរការនៃការអភិវឌ្ឍ និងការកែទម្រង់ឈានទៅរកភាពរីកចម្រើនសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះអាចឈានទៅមុខបាន លុះត្រាតែថ្នាក់ដឹកនាំចាស់ៗនៅតាមក្រសួង ឬស្ថាប័នដូចជារដ្ឋមន្ត្រីជាដើមត្រូវបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ពួកគេមិនរំពឹងថាដំណើរការនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មីនេះមានលទ្ធផលល្អនោះទេ។
អ្នកវិភាគនយោបាយលោក សុខ ទូច ដែលជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា យល់ថារដ្ឋាភិបាលថ្មីនេះពិតជាមានថ្នាក់ដឹកនាំច្រើនមែនជាពិសេសមន្ត្រីជាន់ខ្ពស់ថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
លោកបញ្ជាក់ថា ប្រសិនបើពាក់កណ្តាលអាណតិ្តហើយការងារមិនមានប្រសិទ្ធភាពទេរដ្ឋាភិបាលត្រូវតែមានការរុះរើមន្ត្រីអសកម្មចេញ។
លោក សុខ ទូច ថ្លែងថា៖ «ធម្មតាទេប្រសិនជាលោកជាថ្នាក់ដឹកនាំវិញ ហើយឈ្នះបែបនេះហើយយើងបែរជាដោះដូរមន្ត្រី វាធ្វើឲ្យមានការអាក់អន់ចិត្ត។ វាត្រូវតែមានដំណាក់កាលមួយគឺដំណាក់កាលរុះរើគណៈរដ្ឋមន្ត្រីប្រសិនជាមិនមានការរីកចម្រើន អាហ្នឹងគឺត្រូវតែដោះដូរគណៈរដ្ឋមន្ត្រីហើយ។ ការមិនដោះដូរហ្នឹងសម្តេចនាយក [រដ្ឋមន្ត្រីហ៊ុន សែន] ថា ខ្ញីកាន់តែចាស់កាន់តែហឹរ ប៉ុន្តែមនុស្សកាន់តែចាស់កាន់តែទ្រុឌទ្រោម ពីព្រោះមនុស្សមិនមែនខ្ញីទេ»។
នាយកអង្គការ គណនេយ្យភាព សង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា កំណែទម្រង់ផ្លូវការដែលអាចធ្វើទៅបានចាំបាច់បុគ្គលជាថ្នាក់ដឹកនាំត្រូវតែមានឆន្ទៈពិតប្រាកដក្នុងការធ្វើកំណែទម្រង់ ដោយលោកសំដៅទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន និង រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ដែលបានធ្វើកំណែទម្រង់ល្អក្នុងនាមជាថ្នាក់ដឹកនាំ។
លោក សន ជ័យ ថ្លែងថា៖ «ដូចនេះទោះបីជាផែនការល្អប៉ុនណា ហើយបុគ្គលគ្មានឆន្ទៈ និងបង្ហាញភាពជាគំរូនោះទេ វានឹងមិនមានលទ្ធផលថ្មីចេញមកឡើយ»។
អ្នកវិភាគនយោបាយលោក មាស នី ថ្លែងថា៖ «កំណែទម្រង់ត្រូវមើលទាំងអស់ ទាំងធនធានមនុស្ស ទាំងប្រព័ន្ធគ្រប់គ្រង និងរួមទាំងការតាមដានត្រួតពិនិត្យផងដែរ នេះជារឿងសំខាន់។ សម្រាប់ពេលនេះខ្ញុំមិនទាន់រំពឹង [ថាបានជោគជ័យ] ទេ ដោយសារតែបទពិសោធយើងធ្លាប់ឃើញពីមុន ក៏ប៉ុន្តែខ្ញុំរង់ចាំមើលតទៅទៀតប្រហែលជាសម្តេចនាយក [ហ៊ុន សែន] អាចមានវិធានការអីផ្សេងៗទៀត»៕