ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១៤ ខែ​ធ្នូ​កន្លង​មក​នេះ​បាន​ទម្លាក់​បទចោទប្រកាន់ និង​បិទ​បញ្ចប់​សំណុំ​រឿង​ដោយ​មិន​ចាត់ការ​ចំពោះ​ករណី​សកម្មជន​ដីធ្លី​សហគមន៍​បុរី​កីឡា​ ៣ ​នាក់​ដែល​ត្រូវ​បាន​ប្ដឹង​ដោយ​លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច ពី​បទ​គំរាម​កំហែង​ដោយ​មាន​បញ្ជា​ឲ្យ​បំពេញ​លក្ខខណ្ឌ​អ្វី​មួយ​ និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។

សកម្មជន​ដីធ្លី​ទាំង ៣ នាក់​នោះ​គឺ​អ្នកស្រី ភោគ សុភីន អ្នកស្រី អ៊ឹម ស្រីទូច និង​អ្នកស្រី ស៊ា ណារ៉េន​។ ប៉ុន្តែ​ពលរដ្ឋ​សហគមន៍​បុរីកីឡា​ដែល​ជា​ជន​សកម្ម​ខាង​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ទាំងនេះ​បាន​បដិសេធ​រាល់​ការចោទប្រកាន់​របស់​ដើមបណ្តឹង​ដោយ​អះអាង​ថា សំណុំ​រឿង​ប្តឹង​ពួកគេ​នេះ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​។

អ្នកស្រី ភោគ សុភីន ជា​សកម្មជន​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ ៣ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​តុលាការ​បាន​បិទ​បញ្ចប់​សំណុំ​រឿង និង​បញ្ឈប់​ការសាកសួរ​បន្ត​ទៀត​ហើយ ពីព្រោះ​មិន​មាន​ភ័ស្ដុតាង និង​មូលដ្ឋាន​សមរម្យ​។

លោកស្រី ស៊ុយ សុផាន បាន​ប្ដឹង​អ្នកស្រី និង​បក្ខពួក​ចំនួន​ ២ ​នាក់​ផ្សេង​ទៀត បន្ទាប់ពី​ពួកគាត់​បាន​នាំ​គ្នា​ទៅ​តវ៉ា​ទាមទារ​ឲ្យ​លោកស្រី​ ស៊ុយ សុផាន ផ្ដល់​សំណង​សមរម្យ​ចំពោះ​ការ​មក​រំលោភបំពាន​យក​ដីធ្លី​នៅ​តំបន់​បុរីកីឡា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។

អ្នកស្រី ភោគ សុភីន ថ្លែង​ថា​៖ «​តុលាការ​ទម្លាក់​បទចោទ ហើយ​គេ​ឈប់​កោះហៅ​ពួក​ខ្ញុំ​មក​ឆ្លើយ​បំភ្លឺ​ទៀតហើយ ប៉ុន្ដែ​គេ​ឲ្យ​ពួក​ខ្ញុំ​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ ហើយ​ពួក​ខ្ញុំ​​ក៏​បាន​ប្រាប់​ទៅ​តុលាការ​ថា សុំ​ឲ្យ​ទម្លាក់​បទចោទ​ពី​ពួក​ខ្ញុំ​ទៅ ព្រោះ​ពួកខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ​។ ក្រោយ​មក​ខាង​តុលាការ​គេ​បាន​បំពេញ​បែបបទ​ហើយ​ឲ្យ​ពួក​ខ្ញុំ​ផ្ដិត​មេដៃ​បញ្ចប់​ហើយ​មិន​បាច់​មក​តុលាការ​ទៀត​ទេ​»​។

អ្នកស្រី ស៊ា ណារ៉េន ជា​អ្នកចូល​បំភ្លឺ​ក្នុង​តុលាការ​ដែរ​បាន​ថ្លែង​ផង​ដែរ​ថា​៖ «​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​គឺ​ខ្ញុំ​មិន​បាន​បារម្ភ ព្រោះ​ខ្ញុំ​មិន​មាន​កំហុស​។ ចុះ​ចំណែក​អស់​លោក​ដែល​មក​ឈូសឆាយ​ផ្ទះ ប្លន់​យក​ដី​ខ្ញុំ​ហ្នឹង​មាន​កំហុស​អត់​? ខ្ញុំ​ទាមទារ​តែ​អ្វី​ដែល​ជា​របស់​ខ្ញុំ​តើ​»​។

លោក តឹក ណារ៉ូ មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​ដីធ្លី​ទាំង​ ៣ ​នាក់​នោះ​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​។

លោកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន ផាន អ៊ីម៉ិច មិន​អាច​ទាក់ទង​បាន​ទេ​ពី​ម្សិលមិញ​។ ប៉ុន្ដែ​លោកស្រី​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា​ថា សំណុំ​រឿង​នេះ​បាន​ប្រគល់​ឲ្យ​ទៅ​មេធាវី​ និង​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។ តាម​ដីកា​កោះ​ហៅ​របស់​លោកស្រី ស៊ឺ វណ្ណនី តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៤ ធ្នូ គឺ​បាន​អញ្ជើញ​ឈ្មោះ ភោគ សុភីន អ៊ឹម ស្រីទូច និង ស៊ា ណារ៉េន ដើម្បី​ចូល​បំភ្លឺ​ពី​ដំណើរ​រឿង​ឈ្មោះ ស៊ុយ សុផាន ប្ដឹង​ពី​បទ​គំរាមកំហែង និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​៕