ព្រះសីហនុៈ រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​សាងសង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ដើម​ឆ្នាំ​នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ ហើយ​តាមផែនការ​អាច​រួច​រាល់​នៅ​ចុង​ឆ្នាំ ២០២០ ដោយ​ត្រូវ​ចំណាយ​ថវិកា​កម្ចី ១៩០ លាន​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ថា ស្ថានីយ​ចម្រោះ​ទឹក​ថ្មី​បន្ថែម​នេះ មិន​ទាន់​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំង​ស្រុង​ទេ។

លោក ហេង រ័ត្ន​ពិសិដ្ឋ អគ្គនាយក​សាធារណការ​នៃ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន ដែល​ជា​អ្នក​រៀបចំ​ផែនការ​នេះ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​ថវិកា ១៩០ លាន​ដុល្លារ​ដែលត្រៀម​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​នេះ​ត្រូវ​ចំណាយ​លើ​ការ​សាង​សង់​បណ្ដាញ​លូ​បង្ហូរ​ទឹក​ស្អុយ​ប្រវែង ៤៥ គីឡូម៉ែត្រ និង​សាង​សង់​អាង​ចម្រោះ​ទឹក​កខ្វក់​ថ្មី​មួយ​បន្ថែម​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពីថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​សាង​សង់​ទេ ខណៈ​គម្រោង​មេ​ជិត​បញ្ចប់។

លោក​ថា៖ «នៅក្នុង​ខែ ១ [មករា] យើង​នឹង​បញ្ចប់​ផែនការមេ​ហើយ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ថវិកា ហើយ​ក្នុង​ហ្នឹង តម្រូវ​ការ​ដំបូង​គឺ​យើង​ត្រូវ​សាង​សង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ឱ្យមាន​សមត្ថភាព​អាច​ចម្រោះ​ទឹក​កខ្វក់​ចំនួន ៤ ម៉ឺន​ម៉ែត្រ​គុប​ក្នុង ១ ថ្ងៃ ហើយ​បណ្ដាញ​លូ​ក្នុង​ជំហាន​ដំបូង គឺ​វា​ត្រូវការ ៤៥ គីឡូម៉ែត្រ​ដើម្បី​ទប់​ទឹក​កខ្វក់​កុំឱ្យ​ហូរ​ចូល​សមុទ្រ​ទៀត»។

លោក ហេង រ័ត្ន​ពិសិដ្ឋ បន្តថា ផែនការ​មួយ​នេះ​បានធ្វើឡើង​តាំងពី​ចុង​ឆ្នាំ ២០១៧ មក​ម្ល៉េះ ដោយ​លោក​អះអាង​ថា មាន​លក្ខណៈ​ទំនើប​ជាង​អាង​ចម្រោះ​ទឹក​កខ្វក់​បច្ចុប្បន្ន ព្រោះ​វា​មាន​សមត្ថភាព​ពិសេស​អាច​បន្សុទ្ធ​ទឹក​បាន​ស្អាត និង​បាន​បរិមាណ​ទឹក​ច្រើន​ជាង​មុន។

បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ​មាន​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​តែ ១ កន្លែង​ប៉ុណ្ណោះ ហើយ​អាច​មាន​សមត្ថភាព​បន្សុទ្ធ​ទឹក​កខ្វក់​បាន​ប្រមាណ​តែ ៦ ពាន់​ម៉ែត្រ​គុប​ក្នុង ១ ថ្ងៃ ខណៈ​ខេត្ត​នេះ​មាន​ការ​បញ្ចេញ​ទឹក​កខ្វក់​ស្អុយ​ជាង ៣ ម៉ឺន​ម៉ែត្រ​គុប ក្នុង ១ ថ្ងៃ។

លោក រ័ត្ន​ពិសិដ្ឋ អះអាងថា ទម្រាំ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​ថ្មី​សាង​សង់​រួច​គឺ​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​បង្កើត​ជញ្ជាំង​ទប់​ទឹក​បណ្ដោះ​អាសន្ន​ឬ​ហៅថា (Gabion) នៅ​តាម​បណ្ដា​អូរ​ទាំង ៥ ដែល​ជា​ប្រភព​បង្ហូរ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ​ដើម្បី​កាត់​បន្ថយ​ការហូរ​ភក់​ល្បាប់ និង​ទឹក​កខ្វក់​កុំ​ឲ្យ​ហូរ​ធ្លាក់​ចូល​ទៅ​សមុទ្រ​ច្រើន​ពេក។

លោក​បាន​បញ្ជាក់ថា៖ «ថវិកា​សម្រាប់​សាងសង់ Gabion ដើម្បី​ទប់ទល់​កុំឱ្យ​ទឹក​ហ្នឹង (កខ្វក់) ហូរ​ចូល​សមុទ្រ​ច្រើន​ពេក គឺ​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ពី ៣ ទៅ ៤ លាន​ដុល្លារ។ទឹក​កខ្វក់​វា​មាន ២ ប្រភេទ​គឺ​ទឹក​ពណ៌​ខ្មៅ និង​ទឹក​ពណ៌​ប្រផះ អ៊ីចឹង Gabion ហ្នឹង​គឺ​ជួយ​ចម្រោះ​ទឹក​ខ្មៅ​ទៅ​ជា​ប្រផេះ ហើយ​ហូរ​ចូល​សមុទ្រ​ដើម្បី​កាត់បន្ថយ​ជាតិ​កខ្វក់​ពេល​វា​ហូរ​ចូល​ទៅ​ប្រភព​ទឹក​ធម្មជាតិ»។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា (CNRO) ដែល​ជា​អង្គការ​តែង​តាម​ដាន​បទ​ល្មើស​រំលោភ​ឆ្នេរ​សមុទ្រ​បាន​សាទរ​ចំពោះ​វិធានការ​ទប់​ស្កាត់​ទឹក​កខ្វក់​ដែល​ហូរ​ចូល​សមុទ្រ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ពន្លឿន​ការ​សាង​សង់​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់​នេះ​ឲ្យ​បាន​ឆាប់​បំផុត ហើយ​ត្រូវ​រៀបចំ​ឆ្នេរ​សមុទ្រ​ឡើង​វិញ ដើម្បី​ទាក់ទាញ ភ្ញៀវទេសចរ​ឲ្យ​វិល​ត្រឡប់​ទៅ​កម្សាន្ត​តាម​ទីតាំង​ឆ្នេរ​សមុទ្រ​ទាំង​នោះ​ដូច​ពី​ពេល​មុន។

បើតាម​ការបញ្ជាក់​ពី​លោក ហេង រ័ត្ន​ពិសិដ្ឋ នៅក្នុង​ខេត្ត​ព្រះសីហនុ គឺមាន​កន្លែង​ដែល​ត្រូវ​ធ្វើ​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ ៤ ទីតាំង ហើយ ១ កន្លែង​ដែល​ត្រូវធ្វើ​ឲ្យ​រួច​នៅ​ចុង​ឆ្នាំ ២០២០ គឺជា​ទីតាំង​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ។

ប៉ុន្តែ​លោក​ថា នេះ​មិន​មានន័យ​ថា​អាច​លុប​បំបាត់​ទាំង​ស្រុង​ចំពោះ​ទឹក​កខ្វក់​ដែល​កំពុង​ហូរ​ទៅ​ប្រភព​ទឹក​ធម្មជាតិ​នោះ​ទេ តែ​អាច​ជួយ​ចម្រោះ​ទឹក​ពី​ពណ៌​ខ្មៅ​ទៅ​ជា​ប្រផេះ ដែល​មិន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ៕