ព្រះសីហនុ: ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​តំណាង​ពលរដ្ឋ​សហគមន៍​អូរខ្សាច់​ចំនួន​ ៤ ​នាក់​រស់នៅ​ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​តុលាការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ពី​បទ​ «​ជន​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា តាន់ តាប់ និង​លោក ឡុញ វណ្ណ: ដែល​ជា​ដើមបណ្ដឹង​។

យ៉ាង​ណា​ក្ដី​នៅក្នុង​ពេល​សវនាការ​កំពុង​ដំណើរការ​ក៏​មាន​ពលរដ្ឋ​ប្រមាណ​ជិត​ ៣០០ ​នាក់​បាន​នាំ​គ្នា​មក​ឈរ​លើក​បដា​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដោយ​ស្រែក​ស្នើសុំ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ និង​ដោះលែង​តំណាង​ពួកគេ​ទាំង​ ៤ ​នាក់​រួមមាន លោក កៅ ហេង អាយុ ៤៣ ឆ្នាំ​, អ្នកស្រី លុច ទូច អាយុ​ ៥៥ ​ឆ្នាំ​,​លោក ញ៉ាញ់ ជាតិ អាយុ ៣៥ ​ឆ្នាំ និង​លោក មែន ខេន អាយុ​ ៣៦ ឆ្នាំ ដោយ​ពួកគេ​បាន​ត្អូញត្អែរ​ថា​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ​គួរ​តែ​ដោះលែង​​ពួកគាត់​ទាំង​ ៤ ​នាក់​ឲ្យ​មាន​សេរីភាព និង​បាន​ជួបជុំ​គ្រួសារ​វិញ​។

លោក យូ វាសនា តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ទាំង​នោះ​បាន​ថ្លែង​​ថា ក្នុង​ដំណើរការ​បើកសវនាការ​ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​សហគមន៍​ដែល​​មាន​ជម្លោះ​ដីធ្លី​ចំនួន​ ១៣ ​សហគមន៍​​ផ្សេង​ទៀត​បាន​ស្នើសុំ​ឲ្យ​ទម្លាក់​បទចោទ​អ្នកស្រី ឡុច ទូច ជា​តំណាង​សហគមន៍​អូរខ្សាច់ និង​សមាជិក​ ៣ ​នាក់​ដើម្បី​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

លោក​បាន​បន្ត​ថា​៖ «​តុលាការ​បាន​សួរ​ពួកគាត់​ទាំង​ ៤ ​នាក់​នេះ​ហើយ ហើយ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ពី​កាលបរិច្ឆេទ​ដែល​ត្រូវ​ប្រកាស​សាលក្រម​ទេ ប្រហែល​ជា​គេ​សួរ​ពួកគាត់​ចប់​អស់​ហើយ​ទើប​គេ​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​តាម​ក្រោយ​ទៀត​»​។

លោក កែវ ប៊ុនធឿន មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​ ៤ ​នាក់​នោះ​បាន​ថ្លែង​ថា តុលាការ​បាន​សាកសួរ​ជន​ត្រូវ​ចោទ និង​សាក្សី​មួយ​ចំនួន ប៉ុន្ដែ​នឹង​បន្ត​សាកសួរ​សាក្សី​ចំនួន​ ៥ ​នាក់​បន្ថែម​ទៀត​នៅ​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ប៉ុន្ដែ​លោក​ក៏​នៅ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ឡើយ​ដែរ​។

លោក​បន្ត​ថា​លោក​មាន​សង្ឃឹម​ច្រើន​ចំពោះ​តុលាការ​ថា​នឹង​ទម្លាក់​បទ​ចោទ​លើ​កូនក្ដី​លោក និង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។

លោក​ថា​៖ «​ម្សិលមិញ​ហ្នឹង​តុលាការ​អត់​មាន​ពេល​គ្រប់គ្រាន់​សួរ អ៊ីចឹង​គាត់​លើក​ពេល​សួរ​បន្ត​ទៀត​។ បន្ទាប់ពី​សួរនាំ​ពួកគាត់​ហ្នឹង​គឺ​តុលាការ​មិន​ទាន់​មាន​ឯកសារ និង​ភ័ស្ដុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​កូនក្ដី​ខ្ញុំ​ទេ អ៊ីចឹង​ខ្ញុំ​គិត​ថា តុលាការ​អាច​នឹង​ដោះលែង​ពួកគាត់​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​»​។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​មិន​ទាន់​ដល់​តួនាទី​របស់​លោក​ដែល​ត្រូវ​ឆ្លើយ​ទេ​ «​សួរ​ទៅ​អ្នក​នាំពាក្យ​តុលាការ​ទៅ​ព្រោះ​សំណុំ​រឿង​នេះ​មិន​ទាន់​ដល់​ពេល​ខ្ញុំ​ត្រូវ​ឆ្លើយ​ទេ​»​។

ក្រុម​ពលរដ្ឋ​ក្នុង​ពេល​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ពី​ម្សិលមិញ​។ រូបថត CCFC

លោក យឹម ប៊ុណ្ណារ៉េត អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ដោយសារ​លោក​មិន​នៅ​ក្នុង​សវនាការ​នោះ​។ ​លោក​ថា​៖ «​ខ្ញុំ​អត់​ដឹង​ទេ ព្រោះ​ខ្ញុំ​មិនមែន​ជា​អ្នក​ជំនុំជម្រះ​ផង​»​។

លោកឧកញ៉ា តាន់ តាប់ និង​លោក ឡុញ វណ្ណ​: មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

ទាក់ទង​នឹង​សំណុំ​រឿង​នេះ​មាន​ពលរដ្ឋ​ ៦ ​នាក់​ក្នុង​ចំណោម​ ៥៦ គ្រួសារ​ត្រូវ​បាន​លោក​ឧកញ៉ា តាន់ តាប់ ប្តឹង​ទៅ​អាវុធហត្ថ ហើយ​ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៧ ខែ​ឧសភា ឆ្នាំ​ ២០១៨ ខណៈ​ពេល​ដែល​ពួកគាត់​កំពុង​តែ​ត្រួសត្រាយ​សម្អាត​ស្មៅ និង​ព្រៃ​នៅ​លើ​ដី​របស់​ពួកគាត់​ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​ ១៩៩២ មក​ដោយ​មាន​ការទទួល​ស្គាល់​ពី​អាជ្ញាធរ​​មូលដ្ឋាន ប៉ុន្តែ​លោក​ឧកញ៉ា តាន់ តាប់ ក៏​មាន​លិខិត​កាន់កាប់​លើ​ដី​នោះ​រហូត​ដល់​ ១៦ ​ប័ណ្ណ​ភោគ​ស្មើនឹង​ ៨៥ ​ហិកតា​។

ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ ៤ ​នាក់​ក្នុង​ចំណោម​ ៦ ​នាក់​នោះ​ត្រូវ​បាន​តុលាការ​ខេត្ត​សម្រេច​ចោទប្រកាន់​ពីបទ​ «​ប្រើ​ហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ទៅ​តាម​មាត្រា​ទី ២៥៣ ខណៈ​ដែល​ ២ ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព បន្ទាប់ពី​ពួកគាត់​ត្រូវ​ឃាត់​ខ្លួន​តាម​ពាក្យបណ្តឹង​របស់​លោក​ឧកញ៉ា តាន់ តាប់​។

យោង​តាម​មាត្រា ២៥៣ នៃ​ច្បាប់​ភូមិបាល ប្រសិន​បើ​តុលាការ​រកឃើញ​កំហុស​មែន​នោះ ពលរដ្ឋ​ទាំង​ ៤ នាក់​ត្រូវ​ប្រឈមមុខ​នឹង​ការពិន័យ​ប្រាក់​រហូត​ដល់​ទៅ​ ២៥ លាន​រៀល និង​/​ ឬ​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ទៅ​ ២ ​ឆ្នាំ​៕