កំពង់ចាម: គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង​ ១ ៥០០ គ្រាប់​​ត្រូវ​បាន​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​ (CMAC) និង​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​បាន​យក​ចេញ​ពី​ឃ្លាំង​គ្រាប់​ចាស់ៗ​ដែល​បន្សល់​ទុក​ក្នុង​ដី​នៅ​ក្រុង​កំពង់ចាម​ក្បែរ​​របង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា កាលពី​ម្សិលមិញ​។

លោក ហេង រតនា ​បាន​បង្ហាញ​​នៅ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ថា​ «​សូម​អបអរសាទរ​មន្ត្រី​អង្គភាព​ស៊ីម៉ាក់​នៃ​កងឯកភាព​ទី​ ៥ បាន​ពុះពារ​គ្រប់​ឧបសគ្គ​បោសសម្អាត​តំបន់​ប្រឈម​គ្រោះ​ថ្នាក់ខ្ពស់​ប្រកប​ដោយ​ជោគជ័យ ដែល​មាន​ជាង ១ ៥០០ គ្រាប់​ដោយ​​ក្នុង​នោះ​មាន​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជាង​ ៩០០ ​គ្រាប់​​មីន​ ២០ ​គ្រាប់​ក្បាល​ផ្ទុះ​ ៦០០ ​គ្រាប់ និង​គ្រាប់​កាំភ្លើង​ធុន​ស្រាល​ជាង​ ២០០០ ​គីឡូ​...»​។

បើ​តាម​សំណេរ​លោក ហេង រតនា ទីតាំង​បោសសម្អាត​នោះ​ជា​ឃ្លាំង​គ្រាប់​ចាស់​ដែល​នៅ​ក្បែរ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​តែ​ម្តង​។

លោក​ថា​៖ «​ការងារ​នេះ​បាន​ទទួល​ការគាំទ្រ​ពី​ឯកឧត្តម​អភិបាល​ខេត្ត​ និង​ឯកឧត្តម​ស្នងការ​ខេត្ត​កំពង់ចាម​។ ​ក្នុង​អំឡុងពេល​ប្រតិបត្តិការ​នេះ​មិន​មាន​បង្ក​គ្រោះថ្នាក់​ទេ ហើយ​វា​ជា​ជោគជ័យ​​របស់​អ្នក​អនុវត្ត​ជាក់ស្តែង​»​។

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​ឃ្លាំង​ដែល​មាន​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាង ១ ៥០០ ​គ្រាប់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រកឃើញ និង​កំណត់​​អត្ដសញ្ញាណ​ទុក​ជា​យូរ​ឆ្នាំ​មក​ហើយ​ដោយ​មិន​ទាន់​ដល់​ពេលវេលា​ត្រូវ​យក​ចេញ​ពី​ក្នុង​ដី​។

លោក​បន្ត​ថា​ខណៈ​នេះ​គឺជា​ពេលវេលា​សមល្មម​ដែល​គណៈកម្មការ​ខេត្ត​សម្រេចចិត្ត​បោសសម្អាត​ចេញ​ពី​ក្នុង​ដី ព្រោះ​កន្លង​មក​វា​បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ និង​មន្ត្រី​សមត្ថកិច្ច​នគរបាល​ដែល​បម្រើការ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​។

លោក គួច ចំរើន បាន​បញ្ជាក់​​ថា​៖ «...​វា​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម ព្រោះ​វា​ធ្វើឲ្យ​គេ​ឯង​ព្រួយបារម្ភ​ខ្លាំង ជាពិសេស​​អ្នក​រស់នៅ​ក្បែរៗ​ហ្នឹង ព្រោះ​គ្រាប់​នៅ​ក្រោម​ហ្នឹង​សុខៗ​វា​ផ្ទុះ​ទៅ វា​មាន​បញ្ហា​ធំ ហើយ​ឥឡូវ​ក្រុម​ការងារ​បច្ចេកទេស​បាន​យក​វា​មក​គ្រប់គ្រង​ដោយ​សុវត្ថិភាព​ហើយ ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹង​គេ​យក​វា​អស់ពី​ក្រោម​ដី​ឬ​នៅទេ​ព្រោះ​របាយការណ៍​លម្អិត​មិន​ទាន់​មក​ដល់​ខ្ញុំ​»​។

លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​កាលពី​ម្សិលមិញ​បាន​ប្រាប់​ថា​៖ «​ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ទេ​»​។

លោក នី ញ៉ អនុប្រធាន​នាយកដ្ឋាន​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​នៃ​អាជ្ញាធរ​មីន​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​វិច្ឆិកា​ឆ្នាំ​នេះ​ថា ជនរងគ្រោះ​ដោយសារ​មីន​សរុប​មាន​ ៦៤- ៧៧១ ​នាក់​ក្នុង​នោះ​មាន​ជិត​ ២ ​ម៉ឺន​នាក់​បាន​ស្លាប់ ហើយ​អ្នក​ដែល​នៅ​រស់រាន​មាន​ជីវិត​បាន​ធ្លាក់​ខ្លួន​ពិការ​ប្រមាណ​ជាង​ ៤ ម៉ឺន​នាក់​គិតពី​ឆ្នាំ​ ១៩៧៩ ​រហូត​​ដល់​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​។

លោក​ ArendZwartjes អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​​កម្ពុជា​បាន​បដិសេធ​ឆ្លើយ​តាម​អ៊ីមែល​ជុំវិញ​ករណី​នេះ​ដោយ​លោក​ថា​កំពុង​មាន​បញ្ហា​បច្ចេកទេស​កាលពី​ម្សិលមិញ​៕