ភ្នំពេញៈ ជាមួយនឹងសំឡេងហ៊ោកញ្ជ្រៀវពីក្រុមអ្នកគាំទ្រ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ៦ ឆ្នាំ ២០១៩ បានចាប់ផ្តើមឡើងនៅថ្ងៃទី ២៧ ខែមេសា នៅសាលដំបូលទូកសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយមានអ្នកចូលរួមទស្សនាប្រមាណជាងមួយពាន់នាក់។
ការប្រកួតប្រជែងនេះធ្វើឡើងរយៈពេលមួយព្រឹកពេញដែលមានក្រុមចំនួន ៩ ចូលរួមប្រកួតប្រជែងមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន ៥ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) សាកលវិទ្យាល័យជាតិគ្រប់គ្រង (Nation University of Management) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (Institute of Technology of Cambodia) វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (National Polytechnic Institute of Cambodia) និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (Preah Kossomak Polytechnic Institute)។
អ្នករៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនេះលោក ប៉ាង ចំណាន បានបញ្ជាក់ពីគោលបំណងក្នុងការរៀបចំកម្មវិធីនេះថាធ្វើឡើងដើម្បីលើកកម្ពស់វិស័យរ៉ូបូតនៅកម្ពុជាដែលដើរតួជាប្រព័ន្ធស្វ័យប្រតិបត្តិកម្មជំនួយចង្វាក់ការងារដល់វិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសុខាភិបាល។ ការប្រកួតក៏ជាឱកាសមួយសម្រាប់សិស្សនិស្សិតបញ្ចេញសមត្ថភាព បង្កើតអ្វីដែលថ្មី ផ្លាស់ប្តូរបទពិសោធទៅវិញទៅមកផងដែរ។
ការប្រកួតប្រជែងបានធ្វើឡើងក្រោមវិញ្ញាសា ជិះសេះកាន់ស្លាកបញ្ជាដែលជាប្រវត្តិសាស្ត្រមួយរបស់ជនជាតិម៉ុងហ្គោលីទៅតាមរូបមន្តនៃការប្រកួត។ នៅក្នុងការប្រកួតនេះម្ចាស់ជយលាភីលេខ ១ បានទៅលើក្រុម NPIC01 ដែលមានសមាជិកចំនួន ៧ នាក់មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
តំណាងក្រុម NPIC01 យុវជន ផៃ លីហួរ វ័យ ២៤ ឆ្នាំប្រាប់ឲ្យភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ខ្ញុំរំភើប ហើយសប្បាយចិត្តខ្លាំងមែនទែន ដោយសារនេះជាលើកដំបូងរបស់ខ្ញុំហើយពួកយើងសហការគ្នាបានល្អបែងចែកការងារគ្នាច្បាស់ តែក៏មានចំណុចពិបាកដែរ ត្រង់កន្លែងហុចស្លាកបញ្ជា និងយើងមានបញ្ហាម៉ូទ័ររលុងហ្គែរ អ៊ីចឹងខ្ញុំដោះធ្វើ ហើយយើងដោះស្រាយបានទាន់ពេលវេលា»។
រ៉ូបូតរបស់ក្រុមម្ចាស់ជើងឯកនេះមានចំនួន ២ គឺរ៉ូបូត Manual (ដើរដោយតេលេបញ្ជា) និង រ៉ូបូត Auto (ដើរដោយប្រព័ន្ធស្វ័យប្រវត្តិ) ដែលចំណាយថវិកាប្រមាណជិត ៦ ពាន់ដុល្លារ និងរយៈពេលជាង ៤ ខែ។
ក្រោយពីទទួលជយលាភីលេខ ១ ក្រុម NPIC01 នឹងក្លាយជាក្រុមតំណាងកម្ពុជាត្រៀមចេញទៅប្រកួតបន្តនៅក្នុងការប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិ ABU Robocon 2019 នៅចុងខែសីហា ឯទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី។
ទាក់ទងនឹងការចេញទៅប្រកួតនៅបរទេសនាពេលខាងមុខនេះយុវជនសិក្សាផ្នែកអេឡិចត្រូនិកឆ្នាំទី ៣ នៃក្រុមជយលាភីរូបនេះបានបង្ហាញការប្តេជ្ញាចិត្តថា៖ «ការប្រកួតចាញ់ ឬឈ្នះ វាជារឿងធម្មតា ខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព»។
ទន្ទឹមនឹងនេះលោក ឃឹម សៅគុណ គ្រូដឹកនាំរបស់ក្រុម NPICO1 បានបង្ហាញពីការត្រៀមលក្ខណៈចេញទៅប្រកួតនៅម៉ុងហ្គោលីថា៖ «ខ្ញុំសប្បាយណាស់ថ្ងៃនេះសម្រាប់ការប្រកួតនៅម៉ុងហ្គោលីវិញ គឺត្រឡប់ទៅវិញ យើងនឹងកែប្រែចំណុចខ្វះខាតមួយចំនួនធ្វើយ៉ាងណាឲ្យរ៉ូបូតយើងល្អជាងហ្នឹង ហើយយើងពិភាក្សាជាមួយក្រុមបច្ចេកទេសបន្ថែមទៀត ដើម្បីរកដំណោះស្រាយ និងបង្កើនកម្លាំងរ៉ូបូតយើង»។
ការប្រកួតបានរកឃើញជយលាភីលេខ ២ ដោយបានទៅក្រុម NPIC02។ ជយលាភីផ្នែកវិស្វកម្ម បានទៅលើក្រុម PPI01។ ជយលាភីផ្នែកគំនិតបានទៅលើក្រុម ITC01។ ជយលាភីផ្នែករចនាបានទៅលើក្រុម ITC02។ ជយលាភីផ្នែកប្រជាប្រិយភាពបានទៅលើក្រុម PPI01 និង ជយលាភីពានរង្វាន់តូយ៉ូតា បានទៅលើក្រុម RUPP02៕
វីដេអូ៖