ព្រះសីហនុៈ តំណាង​ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​បានសម្ដែង​ក្ដីបារម្ភ​ពី​ផលប៉ះ​ពាល់​បរិស្ថាន​នៅ​តំបន់​ទេស​ចរណ៍​នៃ​កោះ​រ៉ុង​សន្លឹម ​បន្ទាប់​ពី​បាន​ដឹង​ថា​ លោក​អភិ​បាល​ខេត្ដ​ព្រះសី​ហនុ​បាន​ឯក​ភាពឲ្យ​ក្រុម​ហ៊ុន​ជីធី​វីស៊ីអឹម​ផត ខូអិលធី​ឌី របស់​លោក ទៀ វិចិត្រ សាង​​សង់​ស្ថានីយ​ប្រេង​លើ​ផ្ទៃសមុទ្រ​ក្នុង​ ភូមិ​កោះ​តូច សង្កាត់​កោះ​រ៉ុង​សន្លឹម​ ក្រុង​ព្រះសីហនុ។

លោក សុខ សុខុម ប្រធាន​អង្គ​ការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា (CNRO) បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា​ លោក​មាន​ការ​​បារម្ភ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន ​និង​សមុទ្រ​កម្ពុជា​ក្នុង​តំបន់​ទេស​ចរណ៍​ដែលមា​ន​សក្តានុ​ពល​នេះ​ បន្ទាប់​ពី​បាន​ឃើញ​លោក​អភិ​បាល​ខេត្ដ​ព្រះ​សីហនុ​ឯក​ភាព​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​ស្ថា​នីយ ប្រេង​ឥន្ធនៈ​នៅ​ទីនោះ។

លោក​ថា​៖ «រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ​មិន​ត្រូវ​​អនុញ្ញាត​ឲ្យសាង​សង់​ស្ថា​នីយ​ប្រេង​លើ​សមុទ្រ​នោះ​ទេ​ គួរ​តែ​ពិចារ​ណា​ឡើង​វិញ។ ប្រសិន​បើមាន​ការ​សាង​សង់​គួរ​តែ​សាង​សង់​លើ​ដីគោក​ទៅ​ សាងសង់​ឲ្យ​ឆ្ងាយ​ពី​ឆ្នេរ​សមុទ្រ​ដើម្បី​កុំ​ឲ្យ​កើត​មាន​ឡើង​នូវ​ផល​ប៉ះពាល់​បរិស្ថាន»។

លោក​បានប​ញ្ជាក់​ថា​៖ «ប្រសិន​បើនៅ​តែប​ណ្ដោយ​ឲ្យក្រុ​ម​ហ៊ុន​ហ្នឹង សាងសង់​ស្ថានីយ​ប្រេង​នៅ​លើ​សមុទ្រ ​វា​នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​កើត​ឡើង​ជា​មិន​ខាន​។ ពេល​ផល​ប៉ះ​ពាល់​កើតឡើង​ហើយ​ យក​វិធាន​ការ​​ទប់​ស្កាត់​មិន​បាន​ទេ​ ព្រោះ​ប្រេង​ជាវត្ថុ​រាវ​ មិន​អាច​មិន​ឲ្យ​ហូរ​ចូល​សមុទ្រ​បាន​ទេ​ពេល​វា​កំពប់​ទៅ វានឹង​ធ្លាក់​ហូរ​ចូល​សមុទ្រ​ហើយពេល​ហូរ​ចូលសមុទ្រ​ទៅ​ទឹក​សមុ​ទ្រ​នឹង​ខូច​ងូត​លែង​កើត​ ហើយ​ប្រេង​នោះ​នឹង​អណ្ដែត​ពាស​ពេញ​ទឹក​សមុទ្រ»។

បើ​តាម​លោក សុខុម ​ការសាង​សង់នេះគឺធ្វើ​ជា​ផែ​លើ​ផ្ទៃ​សមុទ្រ​ រួច​បន្ដ​​សង់​ស្ថានីយ​ប្រេង​ពីលើ​ផែ​នោះ​តែ​ម្ដង​។ តាម​លិខិត​​រដ្ឋ​បាល​សាលា​ខេត្ដ​ព្រះសីហនុ​ចុះថ្ងៃ​ទី ២​០ ខែ​កុម្ភៈ ឆ្នាំ ​២០១៩ ចុះហត្ថ​លេខា​ដោយ​លោក​ យន្ដ ​មីន​ ជាអភិ​បាល​ខេត្ដ​បា​ន​ប្រាប់​ទៅ ​លោក ​ទៀ វិចិត្រ ជាម្ចាស់ក្រុម​ហ៊ុន​ជីធី​វីស៊ីអឹម​ផត ខូអិលធី​ឌី ដោយ​បាន​ឯក​ភាព​ជាគោល​ការ​ណ៍​ជុំវិញ​សំណើ​សុំ​សាង​សង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នៅ​​ភូមិ​កោះតូ​ច ​សង្កាត់​កោះ​រ៉ុង​សន្លឹម ខេត្ដ​ព្រះសីហនុ។​

ទន្ទឹម​នឹង​នោះ រដ្ឋបាល​ខេត្ដ​បាន​បញ្ជាក់​ថា លោក ទៀ វិចិត្រ ត្រូវ​គោរព​ និង​អនុវត្ដ​តាម​គោល​ការណ៍​ណែនាំ​មួយ​ចំនួន​ដូចជា ត្រូវ​រៀបចំ​ប្លង់​ស្ថាបត្យកម្ម​និង​ឯកសា​រពាក់​ព័ន្ធជូន​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​​​​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ដើម្បី​ពិនិត្យ​និង​សម្រេច។

ត្រូវ​មាន​របាយ​ការណ៍​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​បរិស្ថាននិង​មាន​លិខិត​អនុញ្ញាត​ពីក្រសួង​រ៉ែនិង​ថាមពល និង​ត្រូវ​ទំនាក់​ទំនង​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ (ក្រុង/សង្កាត់/ភូមិ) ជំនាញ​ពាក់ព័ន្ធ​និង​ភាគី​ជាប់​ព្រំ។

ទាក់​ទឹននឹ​ងក​រណី​នេះ​ លោក នាង សំប៊ុន តំណាង​​ពលរដ្ឋ​នៅ​ភូមិ​កោះ​តូច​ សង្កាត់​កោះរ៉ុង​សន្លឹម​ក៏បាន​សម្តែង​​ការ​បារម្ភ​ចំពោះ​ការ​សាង​សង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​នេះ​ផង​ដែរ​ ដោយ​សារ​ខ្លាច​ប៉​ពាល់​ជី​ភាព​ព​រដ្ឋ​ដែល​ប្រក​បរបរ​ផ្នែក​សេវា​ទេសចរណ៍​ក្នុង​តំបន់​នេះ។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​និយាយ​ចំពោះ​ផល​ប៉ះពា​ល់​នេះ​ដែរ​ កាល​ពីគេ​ចុះ​មក​សិក្សា​ដំបូង​កន្លែង​សាង​សង់ស្ថានីយនេះ ប៉ុន្ដែ​និយាយ​ទៅ​ គេ​មិន​ឆ្លើយ​តប​នឹង​យើង​។ខ្ញុំ​មាន​យោ​បល់​ទៅ ​គេ​មិន​បាន​កត់​ចូល​ក្នុង​កំណត់​ហេតុ​ទេ​ព្រោះ​មើលទៅ​យោ​បល់​ខ្ញុំ​បែប​មិន​សូវ​ឯកភាព​ឲ្យ​សាង​សង់ស្ថានីយ​នេះ»។

លោក​បន្ថែម​ថា​៖ «ការ​ធ្វើ​នេះ​វាមាន​ផល​ប៉ះ​ពាល់ច្រើ​ន គ្រាន់​តែ​គេ (ម្ចាស់​ក្រុម​ហ៊ុន) ធានា​ថា​នឹង​វេច​ខ្ចប់​មិន​ឲ្យ​ប៉ះ​ពាល់​ ប៉ុន្ដែ​ធម្មតា​ប្រេងខ្ញុំ​អ្នក​រស់​នៅ​លើ​សមុទ្រ​ហើយគ្រាន់​តែ​ធ្លាក់​មួយ​តំណក់​ទៅ​លើ​ទឹក​វារីក​ភាយ​រហូត​។​អ៊ីចឹង​ប្រសិន​បើការ​វេចខ្ចប់​របស់​ពួក​គាត់​មិន​ល្អ​វា​ប៉ះ​ពាល់​ដល់​តំបន់​ឆ្នេរ​និង​​ភ្ញៀវ​ទេស​ចរ ដែល​គាត់​ទៅ​លេង»​។

បើ​តាម​លោក ​សំប៊ុន ដែល​បាន​ចុះ​ដល់ទីតាំង​ត្រូវ​សង់​ស្ថានីយប្រេង​ឥន្ធ​នៈនេះជា​មួយ​ក្រុម​ការងារ​ខេត្ដ​ព្រះសីហនុដើម្បី​​ពិនិ​ត្យ​នាពេល​កន្លង​មក​នោះ​ បាន​ឲ្យ​ដឹង​ថា​ ស្ថានីយ​ប្រេង​នេះគ្រោង​សាង​សង់​ជា​ផែ​ពី​លើ​គោក​ទៅ​សមុទ្រ​មាន​ប្រវែង​ប្រមាណ ១០០ ម៉ែត្រ​ចូល​ទៅ​សមុទ្រ​និង​ទទឹង​ប្រហែល ៣០ ម៉ែត្រ។

លោក ឈឺន ចន្ថា ចៅ​សង្កាត់​កោះរ៉ុងសន្លឹម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ដែរថា លោក​បាន​ដឹង​ពី​គម្រោង​​នេះ ប៉ុន្ដែ​មិន​ទាន់​ដឹង​ថា​ច្បាប់​បាន​កំណត់ឲ្យ​សាង​សង់​ក្នុង​ទំហំ​ប៉ុនណា​នោះ​ទេ។

លោក​ថា​៖​ «​កាល​ពីឆ្នាំ​មុន​ ធ្លាប់​បាន​ឃើញ​សំណើ​សាង​សង់​ម្ដង ក្រោយ​មក​​ពលរដ្ឋ​បាន​តវ៉ា​ ព្រោះបារម្ភ​ពីការ​បំពុល​បរិស្ថាន​ ការ​គ្រប់​គ្រង​ប្រេង​មិន​បាន​ល្អពេល​កំពប់​ប្រេង​ទៅ​វា​អាច​បំពុល​បរិស្ថាន​​ ព្រោះ​នៅ​ភូមិ​កោះតូច​កំពុង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ផង» ។

លោក​ថា​៖ «ឥឡូវ​យើង​កំពុង​ប្រឹង​ប្រែង​សម្អាត​បរិស្ថាន​ដូចជា ​សំរាម​អីមិន​ឲ្យ​មាន​ទេ។ បើ​ប្រេង​នោះ​កំពប់​មក​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​បន្ថែម​ទៀតនាំ​ឲ្យ​ភ្ញៀវ​ឈប់​មកលេង អាច​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​ដែល​កំពុង​រស់​នៅ​តំបន់​នេះ» ។

បើ​តាម​លោក​ ចន្ថា កន្លង​មក​ក៏ធ្លាប់​មាន​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ជំទាស់មិន​ឲ្យ​សាង​សង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​​លើ​សមុទ្រ​នេះ​ដែរ​ហើយ​លោក​បាន​ធ្វើ​របាយ​ការណ៍​បញ្ជូន​ទៅ​ថ្នាក់​ខេត្ដ​រួច​ហើយ​។ លោក​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅភូមិ​កោះតូ​ចនៃ​សង្កាត់​កោះរ៉ុង​សន្លឹម​ មាន​ពលរដ្ឋ​រស់​នៅ​អចិ​ន្រៃ្តយ៍​ ១៣២ គ្រួសារ និង​មាន​អ្នករស់​នៅ​បណ្ដោះ​អាសន្ន​​ជាង ៤០០ ​គ្រួសារ​។ដោយ​ឡែក​ពលរដ្ឋ​រស់​នៅ​អចិន្រៃ្តយ៍ក្នុង​សង្កាត់​កោះ​រ៉ុង​សន្លឹម​ទាំង​អស់​មាន​ចំនួន ២៩២ ​គ្រួសារ។

លោក​ ចន្ថា ​បញ្ជាក់​ថា​៖ «ជា​សំណើ​របស់​ពលរដ្ឋ​និង​ជា​យោប​ល់​ខ្ញុំ​ដែរ ស្ថានីយប្រេង​ឥន្ធ​នៈនេះគួរ​សាង​សង់​លើ​គោក​វិញ ជា​ជាង​លើទឹក។ កាល​ណា​នៅ​ក្នុង​ទឹក​ឲ្យ​តែ​​កំពប់​ទៅ​វា​ប៉ះពាល់​ហើយ»។

លោក សាមុត សុធារិទ្ធិ ប្រធាន​មន្ទីរបរិស្ថាន​ខេត្ត​ព្រះសីហ​នុបាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញដែ​រ​ថា៖ «ខ្ញុំ​បាន​ឃើញ​ហើយ គឺ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​មាន​ការ​ធ្វើ​របាយ​ការ​ណ៍ដំបូង ​និង​សង្គម​ពេញលេញ​នៃ​របាយ​ការ​ណ៍​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន (EIA) លើ​គម្រោង​សាង​សង់​នេះ ដើម្បី​សិក្សា​ទើប​​យក​មក​ដាក់ឆ្លង​ខេត្ដ​និង​ក្រសួង​មុន​នឹង​សម្រេច​ធ្វើ»។

លោក​បន្ថែម​ថា​៖ «អ៊ីចឹង​បាន​នៅ​ក្នុង​ចំណុច​នេះគឺត​ម្រូវឲ្យ​មាន​ការ​សិក្សា​សិន។ពេល​សិក្សា​ហើយ តើ​មាន​ក្ដី​បារម្ភ​យ៉ាង​ម៉េច យើង​នឹង​ដាក់​បញ្ចូល​ដើម្បី​ជជែក​គ្នាបើ​ថ្នាក់​ដឹក​នាំ​គាត់​សម្រេច​យ៉ាង​ម៉េច​គឺ​ត្រូវ​គិត​គូរ​តាម​ហ្នឹង​»។

បើ​តាម​លោក ​សុធារិទ្ធិ​ កាល​ណា​ចុះ​សិក្សា​តាម​រយៈ​របា​យកា​រ​ណ៍វា​យ​តម្លៃ​ផល​ប៉ះ​ពាល់​បរិ​ស្ថាន​នេះ ​គឺត្រូ​វ​ចុះ​​ដល់​មូល​ដ្ឋាន​សម្ភាស​ពលរដ្ឋផ្ទាល់​និង​ហៅ​អង្គ​ការ​សង្គម​ស៊ីវិល​ឲ្យ​ចូល​រួម​ជា​ដើម​​។

លោក​ថា​៖ «លទ្ធផល​នឹង​បង្ហាញ​នៅ​ពេល​យើង​សិក្សា​រួច។យើង​តម្រូវ​ហើយ​នៅ​ក្នុង​ហ្នឹង​បើ​ក្រុម​ហ៊ុន​បំពេញ​លក្ខណៈ​អត់​បាន​ធ្វើ​មិន​កើត​ទេ»។

លោក ឱ សារឿន អ្នក​នាំ​ពាក្យ​សាលា​ខេត្ដ​ព្រះ​សីហនុ​កាល​ពីម្សិល​មិញ​សុំ​មិន​ធ្វើ​អត្ថា​ធិប្បា​យជុំ​​វិញ​ករណីនេះ ដោយ​លោក​ថា​ មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​នៅ​ឡើយ។ ​

លោក​ យន្ដ មីន អភិបាល​ខេ​ត្ដព្រះសីហ​នុ​ និងលោក ទៀ វិចិត្រ ម្ចាស់​ក្រុមហ៊ុន​ជីធី​វីស៊ីអ៊ឹម​ផត ខូអិលធី​ឌី​ មិន​អាច​សុំ​ការ​ពន្យល់​​ជុំវិញ​ការ​សាង​សង់​ស្ថា​នីយ​ប្រេង​នេះ​បាន​ទេ ដោយ​សារ​ទូរស័ព្ទ​លោក​ទាំង ២ នាក់​ មិន​មាន​​អ្នក​ទទួល​ កាល​ពី​ម្សិលមិញ៕