ភ្នំពេញ:​ អង្គ​ការ​សង្គម​ស៊ីវិល ​និង​មន្ត្រី​រដ្ឋាភិ​បាល ​កាល​ពី​ម្សិល​មិញបាន​សម្ដែង​ក្ដី​បារម្ភ​ជុំវិញ​បញ្ហា​ប្រឈម​របស់​ជនពិ​កា​រ​នៅ​កម្ពុជា​ ដោយ​សារ​ពួកគេ​នៅ​មិន​ទាន់​មាន​ការងារ​សមរម្យ​សម្រាប់​ចិញ្ចឹម​ជីវិត​ ​និង​នៅ​មាន​ការ​រើស​អើង​ពី​និ​យោ​ជ​ក​ ខណៈ​ចំណេះ​ដឹង​ ​ការ​អប់រំ ​និង​ជំនាញ​របស់​ពួក​គាត់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

​ការ​បង្ហាញ​ក្ដី​បារម្ភ​នេះ​ ​ក្នុង​កិច្ច​ប្រជុំ​បណ្ដាញ​ស្ដីពី ​«​ការ​ទទួល​បាន​ការងា​រ​របស់​ជន​ពិការ»​ ដើម្បី​ចែក​រំ​លែក​ព័ត៌មាន​ការ​ងារ​ថ្មីៗ ​ការ​ចែក​រំលែក​គម្រោង​ស្ដីពី​ការណែ​នាំ​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ និង​មុខ​របរ​ ​និង​ការ​ផ្សព្វផ្សាយ​ពី​ច្បាប់​ស្ដីពី​ការ​លើក​ស្ទួយ​សិទ្ធិ​ជនពិការ។​

ដោយ​មាន​ការ​ចូល​រួម​ពី​តំ​ណាង​ជន​ពិការ​ទាំង​ ​២៥​ ខេត្ត​/​ក្រុង​ ​តំណាង​ម្ចាស់​ជំនួយ​អន្តរជាតិ​ និង​មន្ត្រី​​រដ្ឋាភិបាល​ប្រមាណ​ជាង​ ​២០០​ នាក់​ ​ហើយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋា​គារ​ហ៊ីម៉ា​វ៉ា​រី​ នៅ​ថ្ងៃទី ​២៥​ មិថុនា​នេះ។​

លោក​ ​ងិន​ ​សៅ​រ័ត្ន​ ​នាយក​ប្រតិ​បត្តិ​អង្គ​ការ​ជន​ពិការ​កម្ពុជា​ ​(CDPO) ​បាន​ថ្លែង​ថា ការ​គ្មាន​ការ​ងារ​ធ្វើរ​បស់​ជន​ពិការ​ ​គឺ​ជា​​ក្ដី​បារម្ភ​របស់​គ្រួសារ​ និង​សង្គម​ ដោយ​សារ​កត្តា​ចំណេះ​ដឹង​ ការ​អប់រំ និង​ជំនាញ​ទាក់​ទង​បំ​ណិ​ន​ជីវិត​នៅ​មាន​កម្រិត​នៅ​ឡើយ​ ព្រោះ​ជន​ពិការ​ភាគ​ច្រើន​មិន​សូវ​បាន​ទៅ​រៀន​បាន​ខ្ពស់​ ​ឬ​ចប់​ថ្នាក់​បរិញ្ញា​បត្រ​ ​ដូច​មនុស្ស​មិន​ពិការ​ទេ។​ ​ដូច្នេះ ​ពួក​គាត់​មិន​មាន​សញ្ញា​បត្រ ឬ​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​បំពេញ​ការ​ងារ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ​ឬ​ការងារ​រដ្ឋ​ទេ។​

​លោក​បន្ត​ថា ​លើស​ពី​នេះ ​និយោ​ជក​ភាគ​ច្រើន​ក៏​មិន​ទាន់​បាន​ជួយ​សម្រួល​ផ្ដល់​ការងារ​សម​រម្យ​ជូន​ជន​ពិការ​ ​ឬ​ទទួ​លយ​ក​​ពួ​ក​គាត់​មក​ធ្វើ​ការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន​​ដែរ​ ហើយ​កន្លែង​ខ្លះ​មិន​ទាន់​យល់​ពី​ការ​ធ្វើ​ការ​ជា​មួយ​ជន​ពិការ។​ ​ក្រុម​ហ៊ុន​មួយ​ចំនួ​ន​ក៏​មិន​ទាន់​យល់​ពី​គោល​ការណ៍​ច្បាប់​ស្ដី​ពី​ការលើក​កម្ពស់​សិទ្ធិ​ជន​ពិការ​ដែរ​ ​ទាំង​អស់​នេះ ជា​បញ្ហា​កំពុង​ប្រឈម​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម​កម្ពុជា។​

​លោក ​សៅ​រ័ត្ន​ ​បញ្ជាក់​ថា​៖ ​«​បច្ចុប្បន្ន​ អង្គ​ការ​ជន​ពិការ​កម្ពុជា​ ​បាន​សហ​ការ​ជា​មួយដៃគូ​អភិវឌ្ឍ​នា​នា​បាន​បង្កើត​ជា​ប​ណ្ដា​​ញ​ជ​ន​ពិការ​ ដើម្បី​ប្រមូល​ទិន្ន​ន័យ ​ក្នុង​ការ​ងាយ​ស្រួល​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ ​ព្រោះ​មាន​ក្រុម​ហ៊ុន​ខ្លះ​ចង់​ជួយ​ជន​ពិការ​ ​ប៉ុន្ដែ​យើង​គ្មាន​ចំនួន​ជន​ពិការ​​ច្បាស់​លាស់​ ​ហើយ​​អ្វី​ដែល​ជាបញ្ហា​ចោទ​​ខ្លាំង​​ជាង​នេះ​ គឺ​បញ្ហា​ធន​ធាន​មនុស្ស​​ដែ​ល​មាន​ជំនាញ​ចូល​ធ្វើ​ការ​ក្នុង​វិស័យ​ឯកជន​ ​និង​រដ្ឋ»។​

​លោក​បន្ថែ​ម​ថា​ ​សព្វ​ថ្ងៃ​នេះ​ ​សមាជិក​អង្គការ​ជន​ពិការ​កម្ពុ​ជា​មាន​ចំនួន​ជាង​ ​២ ម៉ឺន​នាក់​ នៅ​ទូទាំង​ប្រទេស​ ​ដោយ​បាន​បង្កើត​ជា​ក្រុម​ជួយ​ជន​ពិការ​ផ្សេងៗ​ទៀត​ចំនួន​ជិត​ ​២ ពាន់​ក្រុម​ ដើម្បី​ចុះ​ជួយ​ជន​ពិការ​តាម​មូល​ដ្ឋាន​ ​ដែល​កំពុង​ជួប​ការ​លំបាក ​តាម​រយៈ​ការ​ជួយ​បណ្ដុះ​បណ្ដាល​ជំនាញ​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​ ​និង​ជំនាញ​លក់​ដូរ​ចាប់​ហួយ​តាម​ផ្ទះ​ជាដើម។​

​លោក​ ​អ៊ុង​ ​សម្បត្តិ​ ​អគ្គលេខា​ធិការ​រង​ក្រុម​ប្រឹក្សា​សកម្ម​ភាព​ជន​ពិការ​នៃ​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន​ ​និង​យុវ​នី​តិ​ស​ម្ប​ទា ​បាន​ថ្លែង​ថា​ តាម​របាយ​ការណ៍​នេះ​ក្រសួង​ផែន​ការ​រក​ឃើញ​ថា​ ជន​ពិការ​ចាប់​ពី​ឆ្នាំ​ ២០១៤ ​មាន​ចំនួន​ ​៥៤២,០០០​ នាក់​ ​រហូត​ដល់​ឆ្នាំ ២០១៧ ​នេះ ​មាន​ជិត​ ១ លាន​នាក់​ ​ប៉ុន្ដែ​តួ​លេខ​ចាប់​ពី​ឆ្នាំ ២០១៧ ​ដល់​ឆ្នាំ ២០១៩​ នេះ ​បាន​កំពុង​​ធ្វើ​ជំរឿន​បន្ត​ទៀត មិន​ទាន់​ចេញ​លទ្ធ​ផល​នៅ​ឡើយ។​

​លោក​បន្ត​ថា ​​ក្នុង​ចំ​ណោម​ជន​ពិការ​ទាំង​ ​៥៤២,០០០​ នាក់​នេះ ​ពួកគា​ត់​​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ទៅ ​មានការងារ​ធ្វើ​សមរម្យ​ត្រឹម​តែ​ ​៣៨​ ភាគ​រយ​ប៉ុណ្ណោះ «​មូល​ហេតុ​ទាំង​នេះ​ ដោយ​សារ​ជន​ពិការ​ភាគ​ច្រើន​មាន​ចំណេះ​ដឹ​ង​ ​និង​ជំនាញ​នៅ​មាន​កម្រិត​ ព្រម​ទាំង​អង្គការ​ និង​ស្ថាប័ន​ដែល​ជួយ​ជ្រោមជ្រែង​គាត់​ក៏​មិន​សូវ​មាន​លុយ ​បច្ចេក​ទេស​នៅ​មាន​កម្រិត​ និង​នៅ​តាម​​ក្រុមហ៊ុន​ឯក​ជន​ និង​រដ្ឋ នៅ​បន្ត​មានការរើស​អើង​ជន​ពិការ​នៅ​ឡើយ»។​

​លោក​ ​អ៊ុង​ ​សម្បត្តិ​ ​បន្ថែម​ថា​ ​លើស​ពី​នេះ​ កា​រ​លំបាក​របស់​ជន​ពិការ​នៅ​បរិ​បទ​ខាង​ក្រៅ​នៅ​មិន​ទាន់​បាន​ទទួល​ស្គាល់​ពី​សមត្ថភាព​របស់​ជន​ពិការ​ បើ​ទោះ​គាត់​ពិការ​ ប៉ុន្ដែ​គាត់​អាច​ធ្វើ​ការ​ដូច​អ្នក​អត់​ពិការ​ដែរ។​ ម្យ៉ាង​ទៀត​ ក្រសួង​​បាន​ផ្ស​ព្វ​ផ្សា​យ​​​ពី​​សមត្ថ​ភាព​ជន​ពិការ​ ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​ក្រុម​និយោ​ជក​ខ្លះ​ថា ​សុំ​ឲ្យ​មើល​ឃើញ​ពី​សមត្ថ​ភាព​ជន​ពិការ​ កុំ​មើល​ឃើញ​តែ​ពិការភាព​របស់​គាត់។​ ​

បើ​សិន​គាត់​គ្មាន​ការងារ​ គាត់​ក៏​គ្មាន​លុយ​ចិញ្ចឹម​ជីវិត​ដែរ​ អ៊ី​ចឹង​នេះ​ ​ជា​ក្ដី​បា​រម្ភ​របស់​​ខ្លួន​គាត់​ដែរ​ ​ប៉ុន្ដែ​ដើម្បី​ឲ្យ​គាត់​មាន​ការងារ​ធ្វើ ​គឺ​ក្រសួង​ជំរុញ​ឲ្យ​គាត់​មាន​ជំនាញ ​ចំណេះ​ដឹង និង​មាន​ក្ដី​អនុ​គ្រោះ​ពី​និ​យោជក​ឲ្យ​ទទួល​យក​គាត់​ធ្វើការ​ផង។​

​លោក​ ​ពេជ្រ​ ​សារឿន​ អា​យុ ​៥៤​ ឆ្នាំ​ ជា​ជន​ពិការ​ ​និង​ជា​អ្នកតំណាង​បណ្ដាញ​ជន​ពិការ​នៅ​ខេត្ត​បាត់​ដំបង​ ​ដែល​បាន​ចូលរួម​​ក្នុង​កិច្ច​ប្រជុំ​នោះ ​បាន​ថ្លែង​ថា ​លោក​អាច​ធ្វើ​ការងារ​​គ្រប់​យ៉ាង​​បាន​ដូច​អ្នក​ដទៃ​ដែរ​ ប៉ុន្ដែ​មាន​មនុស្ស​មួយ​ចំនួន​ក្នុង​សង្គ​ម​​តែង​តែ​រើសអើង​ពិកា​រ​ភាព​របស់​លោក ដោយ​គិត​ថា ​លោក​ជា​ជន​ពិការ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ។​

លោក​បន្តថា​ ​ការ​គិត​ថា​ជនពិការ​គ្មាន​សមត្ថ​ភាព​នេះ ​គឺ​ជា​ការរើស​អើង​ បំបាក់​ទឹក​ចិត្ត​ និង​​មិន​ឲ្យ​តម្លៃ​ជន​ពិការ​ ​ផ្ទុយ​ទៅ​វិញ​ក្រុម​និយោជក​ទាំង​នោះ ​គួរ​តែ​នាំគ្នា​ជួយ​លើក​ទឹក​ចិត្ត​ និង​ជួយ​សង្គ្រោះ​ជន​ពិការ​ ​ព្រោះ​ជន​ពិការ​ក៏​ចង់​រស់​រាន​មាន​ជីវិត​សម​រម្យ​ដូច​អ្នក​មិន​ពិការ​ដែរ។​

​លោក​​បញ្ជាក់​ថា​៖ ​«​ការ​ងារ​សាមញ្ញ​ៗ​មួយ​ចំនួន​ ខ្ញុំ​ក៏​អាច​ធ្វើ​បាន​ដូច​អ្នក​ដ​ទៃ​ដែរ​ ប៉ុន្ដែ​កា​រងារ​ខ្លះ​ក៏​សុំ​ឲ្យ​មាន​ការជួយ​ស​ម្រួ​ល​ដល់​ខ្ញុំ​ដែរ ​ជួន​កាល​កន្លែង​ខ្លះ​គេ​អាច​ចូល​បាន​ តែ​ខ្ញុំ​មិន​អាច​ចូល​បាន​ ហើយ​កន្លែង​ខ្លះ​គេ​មិន​អាច​ចូ​ល​ទៅ​យក​បាន​ តែ​​ខ្ញុំ​អាច​ចូល​ទៅ​យក​ក៏​បាន​ដែរ។​ បើសិន​​ក្រុម​ហ៊ុន​យល់​ពី​តម្រូវការ​របស់​ពិការ​ភាព​ ហើយ​គាត់​ជួយ​សម្រួល​នោះ ​ខ្ញុំ​ថា ខ្ញុំ​​នឹង​អាច​ធ្វើ​កា​រងារ​បាន​ដូច​អ្នក​ដទៃ​អ៊ីចឹង​ដែរ»៕​