ព្រះសីហនុ: សំរាម​ដែល​ជា​កាកសំណល់​ប្លា​ស្ទិ​ក​ចំនួន ៨៣ កុងតឺន័រ​ ​មាន​ទម្ងន់​ប្រមាណ ១ ៦០០ តោន ​ជា​ទំនិញ​ហាមឃាត់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​​បង្ក្រាប​នៅ​ក្នុង​​កំពង់ផែ​ស្វយ័ត​ក្រុង​​ព្រះសីហនុ​​ ត្រូវ​បាន​មន្ត្រី​បញ្ជាក់​ថា មាន​ប្រភព​មក​ពី​សហរដ្ឋ​អាមេរិក និង​កាណាដា ហើយ​នៅ​ពេល​នេះ ​សមត្ថកិច្ច កំពុង​បន្តធ្វើ​ការ​ស្រាវជ្រាវ​​ស្វែងរក​ក្រុមហ៊ុន​ដែល​នាំចូល​សំរាម​ទាំង​នេះ​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

លោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ​​​ និង​ជាអ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថា​​ន​បាន​ថ្លែង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​និង​កំពុង​បន្ត​ការ​ស៊ើបអង្កេត​​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​ស្វែងរក​មូលហេតុ​ពិត​ប្រាកដ​ ដែល​នាំ​ឲ្យ​មាន​ការ​នាំចូល​សំណល់​ប្លាស្ទិក​​ដែល​ជា​ទំនិ​ញ​​ត្រូវ​ហាម​ឃាត់​នេះ មក​កាន់​ប្រទេស​ កម្ពុជា និង​ស្វែងរក​ក្រុមហ៊ុន​ដែល​លួច​នាំចូល​នូវ​​សំណល់​នេះ​ ​ដើម្បី​ចាត់​​វិធានការ​តាម​ច្បាប់​ជា​ធរមាន។

លោក​បានបញ្ជាក់ថា ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​សំណ​​ល់​ប្លា​ស្ទិ​ក​ត្រូវបាន​គេ​ក្លែង​ឈ្មោះ​ទំនិញ​ដោយ​ដាក់​ថា ជា «ផលិតផល​សម្រាប់​កែច្នៃ​ឡើង​វិញ» ដោយ​មិនបាន​បញ្ជាក់ថា​ ជា «សំណល់​ប្លាស្ទិក» ឡើយ។

លោក​បន្ថែមថា ការបង្ក្រាប​លើ​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក​ ពី​បរទេស​ចូល​មកប្រទេស​ កម្ពុជា ​នៅ​ពេល​នេះ ​បាន​បញ្ជាក់​ពី​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ ចំពោះ​មុខ​ទំនិញ​ដែល​ហាមឃាត់ និង​ប្រភេទ​សំណល់​ប្រកប​ដោយ​គ្រោះថ្នាក់។

ការ​បង្ក្រា​ប​​បាន​ទាន់ពេលវេលា​នូវ​ទំនិញ​ហាមឃាត់​សំណល់​ប្លា​ស្ទិ​ក​នេះ​​ក៏បាន​បង្ហាញ​ពី​កិច្ចសហការ​យ៉ាង​ល្អ​ រវាង​ក្រសួង​បរិស្ថាន ​និង​​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ និង​កំពង់ផែ​ស្វយ័ត​ក្នុងការ​ទប់ស្កា​ត់​​ទំនិញ​ហាមឃាត់​មិន​ឲ្យ​ចូល​មក​​កម្ពុជា។

លោក ភក្ត្រា បន្ត​ថា៖​​ «សមត្ថកិច្ច​បាន ​និង​កំពុង​រៀប​​ចំ​ដំណើរការ​នីតិវិធី​កំណត់​ថានឹ​ង​ត្រូវ​បញ្ជូនទៅ​ប្រភពដើម​វិញ​នៅពេលណា និង​ធ្វើ​ការ​​ផាក​ពិន័​យ​លើ​ក្រុមហ៊ុន​ដែល​នាំ​ចូលមក​នោះ​តាមច្បាប់​ជា​ធរមាន»។

អ្នកនាំពាក្យ​រូបនេះ​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​បន្ត​អនុវត្ត​វិធានការ​ច្បាប់​តឹ​ង​រឹុង​ ប្រឆាំងនឹង​ការ​លួច​នាំចូល​ទំនិញ​ហា​ម​ឃាត់​គ្រប់​ប្រភេទ។ រាជរដ្ឋាភិបាល​កម្ពុជា​មិន​អនុ​ញ្ញា​ត​ឲ្យ​មាន​ជាដាច់ខាត​ចំពោះ​​ការ​នាំ​ចូលសំណល់​ប្លា​ស្ទិ​កមក​កែ​​​ច្នៃ​នៅ​​កម្ពុជា​ពីព្រោះ​កម្ពុជា​ មិន​​​មែនជា​ធុងសំរាមសម្រាប់​ការ​បោះ​​​ចោលបច្ចេក​វិទ្យាហួស​សម័​​យ​នោះទេហើយ​កម្ពុជា​តែង​តែ​​ជំទា​ស់​​ជានិច្ច​នឹង​ការ​នាំចូល​សំណល់​ប្លាស្ទិក និង​ប្រេង​ម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា។

លោក ឃាង ភារ​ម្យ អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​បដិសេធ​ធ្វើ​អធិប្បាយ​ពី​បញ្ហា​នេះដោយ​បង្វែរ​សំណួរ​ទៅ​លោក យ៉ិក យូ ប្រធាន​សាខា​គ​យ​ និង​រដ្ឋា​ករកំពង់ផែ​អន្តរ​ជាតិ​ក្រុ​ង​ព្រះសីហនុ ប៉ុន្ដែ​លោក យ៉ិ​ក យូ​មិន​អាចទាក់ទង​សុំ​​អធិ​ប្បា​យ​​បា​​នទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ កាល​ពី​ម្សិលមិញ។

លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​នៃ​ក្រសួង​សេដ្ឋ​​កិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ប្រា​ប់​​ក្រុម​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី ១៦ ខែ​ កក្កដា ​​ថា តាម​ជំនាញ​របស់​មន្ត្រី ត្រូវ​ត្រួតពិនិត្យ​ទំនិ​ញ​​តាម​ប្រព័ន្ធគ្រប់គ្រង​ទំនិញ​ កុំ​ឲ្យ​មាន​ហា​និភ័យ​ណាមួយ​កើត​ឡើង។

លោក​បញ្ជាក់ថា​​៖​ «​ចំនួន​កុងតឺន័រ​នៅ​កំពង់ផែ​អន្ត​រ​ជាតិ​នេះ មានការ​កើន​ឡើង​ច្រើ​ន ដោយ​យើង​មិនអាច​មើល​គ្រប់​កុង​តឺ​ន័រ​​បានទេបើ​គិត​ជា​មធ្យ​ម គឺ​កុងតឺន័រ​ចូល​កំពង់ផែ​នេះ​មា​ន​​​ជាង ៧០០ កុងតឺន័រ​ក្នុង ១ ថ្ងៃ​។ អ៊ីចឹង តាម​ប្រព័ន្ធ​ត្រួត​ពិនិ​ត្យ​​រប​ស់​យើង​នេះ គឺ​មើល​ឃើញ​ចោះៗ​ទេ ​មិនបាន​គ្រប់​ជ្រុងជ្រោយ​ទេ ដោ​យ​គ្រាន់តែ​មើល​ប្រភព​ទំនិ​ញ​មកពីណា ឬ​ប្រ​ភេ​ទ​​ទំនិញ​អី។ បើ​យើង​រក​ឃើញ​ទំនិញ​ស្ថិត​នៅ​ក្នុង​បញ្ជី​ទំនិញ​ហាម​ឃាត់ គឺ​​យើង​ឃាត់ទុកដើម្បី​ស្រាវ​ជ្រា​វ និង​ចាត់​វិធានការ»។

លោកស្រី ជៀប សុធា​រី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុ​ស្ស​ នៃ​សមាគមការពារ​សិទ្ធិ​មនុ​ស្ស​អាដហុក ប្រចាំខេត្ត​ព្រះសីហនុ ថ្លែងថា ករណីនេះ​ ជា​លើក​ទី២ ​​ហើយ​សម្រាប់​ខេត្ត​ព្រះ​សីហនុ ដោយនៅ​ឆ្នាំ ១៩៩៨ ក៏មាន​កប៉ាល់​ដឹក​កាក​សំ​ណ​ល់​ជាតិ​វិទ្យុ​សកម្ម​មក​ម្តង​ដែរ​ ហើយ​ត្រូវ​​បាន​​យកទៅ​ចាក់ចោល​នៅ​ឃុំ​បិត​ត្រាំងធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ប៉ះពាល់​សុខភាព​បាន​នាំ​​កូន​ចៅ​ចាកចេញ​ស្ទើ​រស្ងាត់​ភូមិ។

លោ​ក​ស្រី​បន្តថា ចំណែក​ករណី​លើក​នេះមន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​តែ​ចាត់ចែង និង​ការពារ​ច្រក​កាកសំណល់​​ទាំង​នេះ​ ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ព្រមទាំង​ផាកពិន័យ ​អ្នក​ដឹក​ជញ្ជូន​កាកសំណល់​ទាំងនេះ។ លើ​ស​ពីនេះត្រូវតែមាន​ការ​ព្រមា​ន ឬ​ដាក់ទោស​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដែល​​អនុញ្ញាត​ឲ្យ​កាក​សំណល់​នេះ​មក​ដល់​កម្ពុជា។

លោកស្រី​បញ្ជាក់ថា៖ «ខ្ញុំ​មិន​ដឹងថា បរទេស​គេ​មើល​មក​ច្បា​ប់​យើង​យ៉ាងម៉េចឬ​គេ​មើល​ឃើ​ញ​​ច​រិ​តមន្ត្រី​ខ្មែរ​មួយចំនួន​ហ្នឹង​​យ៉ាង​​​ម៉េច​ទេប៉ុន្ដែ​រដ្ឋាភិបាល​ត្រូវ​ដា​ក់​ទោស​ក្រុមហ៊ុន​ដែល​នាំចូល និ​ង​អ្នកទទួលខុសត្រូវ​ក្នុងការ​អនុ​​ញ្ញាត​ឲ្យ​ទំនិញ​បែប​នេះនាំ​ចូល​ ហើយ​ឥឡូវ​យើង​ចាំ​តាម​ដាន​ទាំងអស់​គ្នា​»។

លោក​ស្រី Emily Zeeberg អ្នកនាំពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​សារ​អេ​ឡិច​ត្រូ​និ​កកាល​ពី​ម្សិលមិញ​ថា ស្ថាន​ទូត​អាមេ​រិក កំពុង​តាម​ដាន​មើល​របាយ​ការ​​ណ៍​ស្ដី​ពី​កាក​សំណល់​ប្លា​ស្ទិក នៅ​កំព​ង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ ហើ​យ​​​ក៏​បាន​ស្នើសុំ​ព័ត៌​មាន​បន្ថែម និង​កំពុង​តែ​ផ្តល់​ព័ត៌​មាន​បន្ថែម​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេ​រិក ដើម្បី​ឲ្យ​ស្វែង​រក​អ្នក​នាំ​ចេញ​សំរាម​ទាំង​នេះ និង​អង្គភាព​ឬ​ក្រុម​ហ៊ុនដែល​នាំចូល​នៅ​កម្ពុជា​ផងដែរ។

គួរ​បញ្ជាក់​ថា នៅពី​​រសៀល​ថ្ងៃទី ១៦ ខែ ​កក្កដា ឆ្នាំ​​​​​​ ២០១​៩ ​នេះ ក្រសួ​ង​​បរិស្ថាន និង​អគ្គ​​នាយក​ដ្ឋាន​គយ និង​រដ្ឋាករនៃ​ក្រ​សួ​ង​​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​សម្រេ​ច​​គាស់​ទូកុង​តឺ​ន័​រ ចំនួន ៨៣ ដែល​គេ​ដាក់​តម្រៀប​នៅ​ក្នុង​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​ ក្រោយពី​មានការ​សង្ស័យ លើ​ទំនិញ​ដែលមាន​នៅក្នុង​ទូ​កុងតឺន័រ​នោះក៏​ឃើ​ញ​​សុទ្ធតែ​សំរាម​ប្លាស្ទិក៕