ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ផ្តល់​ហេតុផល​ចំនួន ៦ ដែល​លោក​ថា​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ «​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​» និង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​តាមរយៈ​សមិទ្ធផល​នានា​ដែល​លោក​តែងតែ​អះអាង​ប្រាប់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​កន្លង​មក ប៉ុន្តែ​បក្ស​នយោបាយ​មួយ​ចំនួន និង​អ្នកវិភាគ​វិញ​មិន​យល់​ស្រប​ឡើយ​ដោយ​ថា ពលរដ្ឋ​បច្ចុប្បន្ន​ត្រូវការ​អ្វី​ដែល​ថ្មី​។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង ៣៣ ​ឆ្នាំ​មក​ហើយ​នោះ​បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​ ១១ ខែ​កក្កដា ឆ្នាំ​ ២០១៨ ចំ​ពេល​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ថា គណបក្ស​ប្រជាជន​គឺជា​ «​បក្ស​ដែល​មាន​ពលរដ្ឋ​ខ្មែរ​គាំទ្រ​ច្រើន​ជាង​គេ​បំផុត​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​» ដោយ​លើក​យក​ហេតុផល​ចំនួន ៦ ​ចំណុច​ដែល​លោក​ជឿថា ពលរដ្ឋ​ម្ចាស់ឆ្នោត​ «​គាំទ្រ​បោះឆ្នោត​ឲ្យ​»​។

ដោយ​ចំណុច​ទី​ ១ លោក​លើក​ឡើង​ពី​ការ​ «​រំដោះ​ប្រទេស​ពី​របប​ប្រល័យ​ពូជសាសន៍​ដែល​បាន​សង្គ្រោះ​ជាតិ​ពិតប្រាកដ​» ទី​ ២៖ រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ ទោះបី​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ ទី​ ៣៖ ថែរក្សា​សុខ​សន្តិភាព​យូរអង្វែង ដែល​កំពុង​ផ្តល់​ក្តី​សុខ​ដល់​ពលរដ្ឋ​ទូទាំង​ប្រទេស ទី​ ៤៖ ផ្តល់​ឱកាស​ដល់​យុវជន និង​កូនក្មួយ​កម្មករ ទី​ ៥៖ ប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត​មក​ជា​កម្ពុជា​អច្ឆរិយ ស្មើ​មុខ​ស្មើ​មាត់​ជាមួយ​អន្តរជាតិ ដែល​មាន​ការទាក់ទាញ​បំផុត​នៅក្នុង​តំបន់​។

រីឯ​ចំណុច​ទី​ ៦ លោក ហ៊ុន សែន ថា CPP គឺជា​ «​គណបក្ស​តែ​ ១ ​គត់​ដែល​សម្បូរ​ធនធាន​មនុស្ស​មាន​សមត្ថភាព​ពេញលេញ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​យូរអង្វែង​» ​ជាដើម​។

ក៏​ប៉ុន្តែ​លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ (KW- P) មិន​យល់​ស្រប​នឹង​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ឡើយ​ដោយ​ថា គ្រាន់​តែ​ជា​ «​ហេតុផល​ដដែលៗ​»​។

លោក​សរសេរ​ថា​៖ «​គណបក្ស ឆន្ទៈ​ខ្មែរ​យល់​ឃើញ​ថា ការលើក​ឡើង​ទាំងឡាយ​ខាង​លើ​គ្រាន់តែ​ជា​ហេតុផល​ដដែលៗ ដើម្បី​រក្សា​សំឡេង​អ្នក​គាំទ្រ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដោយ​ពុំបាន​គិតថា ៧០% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​គឺជា​យុវជន​ដែល​ចង់​បាន​ការងារ​ត្រឹមត្រូវ​ចង់​បាន​ប្រាក់​ចំណូល​សមរម្យ សម្រាប់​ជីវភាព​រស់នៅ​របស់​ខ្លួន​ចង់​បាន​ការអប់រំ​ល្អ ចង់​បាន​សុខភាព​ល្អ និង​ជាពិសេស​ប្រជាជន​កម្ពុជា​ទូទៅ​ចង់​បាន​សន្តិភាព​ផ្លូវចិត្ត​»​។

លោក​បន្ត​ថា​៖ «​គណបក្ស​កាន់​អំណាច​ពុំ​មាន​លទ្ធភាព​បំពេញ​តម្រូវការ​ពិតប្រាកដ និង​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ឡើយ​។ វា​ល្មម​ដល់​ពេល​ដែល​អ្នក​ស្រករ​ក្រោយ​ត្រូវ​ចូលរួម​យ៉ាង​សកម្ម ដើម្បី​អភិវឌ្ឍ​ប្រទេស​ដ៏កម្សត់​នេះ​ហើយ តាមរយៈ​ការចូលរួម​បោះឆ្នោត ដើម្បី​ឈាន​ទៅ​រក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​»​។

ទោះ​យ៉ាង​ណា​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា (CYP) ​យល់​ឃើញ​ថា​ការលើក​ឡើង​របស់​លោក​ ហ៊ុន សែន ជា​ការ ​«​ត្រឹមត្រូវ​» ដែល​មិន​អាច​បំភ្លៃ​បាន​។ «​វា​ត្រឹមត្រូវ​ហើយ​សម្រាប់​គណបក្ស​លោក​ដែល​កាន់អំណាច​អស់​រយៈពេល​ជិត ៤០ ​ឆ្នាំ​មក​ហើយ និង​ក៏​ជា​ភាព​មួយ​ជាក់ស្ដែង​ផង​ដែរ​...​ក៏​ប៉ុន្តែ​ខ្ញុំ​សូម​គូសបញ្ជាក់​ថា អ្វី​គ្រប់​យ៉ាង​មក​ដល់​បច្ចុប្បន្ន​នេះ មាន​ការ​ចូលរួម​ជាច្រើន​ពី​គ្រប់​និន្នាកា​នយោបាយ​ក្រោយ​រំដោះជាតិ​ពី​ក្រញ៉ាំ​ ប៉ុល ពត មក​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវការ​លើស​ពី​នេះ​ទៅ​ទៀត​។ មិនមែន​ត្រឹម​តែ​ ៦ ​ចំណុច​នោះ​ទេ គឺ​យើង​ត្រូវការ​ឲ្យ​ប្រទេស​មួយ​ក្លាយ​ជា​ប្រទេស​ស៊ីវិល័យ សម្បូរ​សប្បាយ ហើយ​ពលរដ្ឋ​មិន​មាន​បញ្ហា​សេដ្ឋកិច្ច​ហើយ​យុវជន​មិន​មាន​បញ្ហា​អត់​ការងារ​ធ្វើ​»​។

ចំណែក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​វិញ អះអាង​ថា​ខ្លួន​ក៏​មាន​សមិទ្ធផល​ច្រើន​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ជាតិ​ដែរ គ្រាន់តែ​ហ៊្វុនស៊ិនប៉ិច​គ្មាន​ទូរទស្សន៍ ឬ​វិទ្យុ សម្រាប់​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ចៀសវាង​មិន​រិះគន់​គណបក្ស​ដទៃ​ឡើយ ដោយ​លើក​ឡើង​ថា​គណបក្ស​របស់​លោក​មាន​ស្នាដៃ​ច្រើន​ក្នុង​អតីតកាល​ចាប់​តាំងពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការដឹកនាំ​ប្រទេស​ក្រោយ​ខ្លួន​ឈ្នះឆ្នោត​នៅ​ក្នុង​ឆ្នាំ​ ១៩៩៣ ដោយ​បាន​រួម​ចំណែក​នាំ​មក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។

លោក​បន្ត​ថា​៖ «​យើង​មាន​សមិទ្ធផល​ធំៗ​ជាច្រើន​រួម​បញ្ចូល​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​តាំង​ពី​ឆ្នាំ​ ១៩៩៣ ជា​ចំណែក​មួយ​ដែល​ខ្ញុំ​មិន​ទាមទារ​អ្វី​ទេ គ្រាន់តែ​ចង់​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រោះ​ហ៊្វុនស៊ិនប៉ិច បាន​បម្រើ​ជាតិ​ច្រើន​ណាស់​។ ប្រជាពលរដ្ឋ ជាពិសេស​ក្មេងៗ​ជំនាន់​នេះ​លោក​អត់​បាន​យល់ ពីព្រោះ​គេ​មិន​ចាក់​ឲ្យ​ឃើញ​»​។

លោក​បញ្ជាក់​ថា ហ៊្វុនស៊ិនប៉ិច បាន​រួម​ចំណែក​ធ្វើឲ្យ​មាន​ស្ថិរភាព​នយោបាយ ក្រោយ​ពី​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ តាមរយៈ​ការចែករំលែក​អំណាច​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ចាញ់​ឆ្នោត​។

លោក​បន្ត​ថា​៖ «​ស្ថិរភាព​នយោបាយ​នេះ​ក៏​ធំ​ណាស់​ដែរ បើ​គ្មាន​ការចែក​អំណាច​នៅក្នុង​ឆ្នាំ​ ១៩៩៣ ទេ​ក៏​យើង​គ្មាន​ថ្ងៃ​នេះ​ដែរ​។ ការបែងចែក​អំណាច​នេះ​ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​លោក​មិន​ទាន់​យល់​ច្បាស់​ខឹងសម្បា​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច តែ​ផ្ទុយ​ទៅ​វិញ​ការ​បែងចែក​អំណាច​នេះ​ហើយ ដែល​ធ្វើឲ្យ​ពលរដ្ឋ​មាន​បាន​មក​ទល់​សព្វ​ថ្ងៃ​នេះ​»​។

ចំណែក​អ្នកវិភាគ​វិញ​ក៏​មិន​យល់ស្រប​នឹង​ការលើក​ឡើង​របស់​លោក ហ៊ុន សែន ផង​ដែរ​ដោយសារ​តែ​ការបោះឆ្នោត​ឆ្នាំ ២០១៣ គណបក្ស​ប្រជាជន​បាន​បាត់បង់​អាសនៈ​រដ្ឋសភា​ចំនួន ២២ ហើយ​ការបោះឆ្នោត ឃុំ សង្កាត់ ឆ្នាំ​ ២០១៧ គណបក្ស​កាន់​អំណាច​ក៏​បាន​បាត់បង់​អាសនៈ​មេឃុំ ចៅសង្កាត់​ជិត​ ៥០០ និង​បាត់បង់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​រហូត​ដល់​ប្រមាណ​ ៥០០០ អាសនៈ​ផង​ដែរ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា ការលើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​គ្មាន​អ្វី​ថ្មី​នោះ​ទេ​ ខណៈ​ចាប់​តាំងពី​មុន​ឆ្នាំ​ ២០១៣ មក​ប្រជាជន​កម្ពុជា​ត្រូវការ​ការផ្លាស់ប្តូរ​នូវ​អ្វីដែល​ថ្មី​។

លោក​បាន​បញ្ជាក់​ថា​៖ «​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ និង​ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា​ប្រជាជន​បាន​បាត់បង់​ជំនឿ​ចិត្ត​របស់​ពួកគេ​ទៅ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ការ​បាត់បង់​ជំនឿ​ចិត្ត​គឺ​ដោយសារ​ការ​កម្ចាយ​មេដឹកនាំ​បក្សប្រឆាំង និង​ក្រោយ​មក​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដែល​តំណាង​ឱ្យ​សេចក្តី​ប្រាថ្នា​បែប​នេះ​ (​ចង់​ផ្លាស់ប្តូរ​) ​គឺ​មិន​ថយ​ចុះ​នោះ​ទេ​។ វា​តម្រូវ​ឱ្យ​មាន​ការ​ប្រព្រឹត្ដ​មិនមែន​វោហារស័ព្ទ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឈ្នះ​ការជឿ​ទុកចិត្ត​នេះ​ត្រឡប់​មក​វិញ​ទេ​»​។

ទោះ​យ៉ាង​ណា​ទាំង​អ្នក​វិភាគ​ និង​មជ្ឈដ្ឋាន​ជាច្រើន​យល់​ថា​នៅ​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី ២៩ ខែ​កក្កដា​គណបក្ស​ប្រជាជន​នឹង​ឈ្នះឆ្នោត​ភ្លូកទឹក​ភ្លូកដី ដោយសារ​តែ​អវត្តមាន​របស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ខ្លាំងក្លា​របស់​ខ្លួន​៕ NS