ភ្នំពេញៈ ​បើ​ទោះបី​ជា​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ មិន​ទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ប្រកាស​ជា​ផ្លូវការ​ក្ដី​ក៏​កាលពី​ម្សិលមិញ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា​គណបក្ស​កាន់​អំណាច​មួយ​នេះ​ទទួល​បាន​ជ័យជម្នះ​លើស​ពី​ ៧៧ ​ភាគរយ ឬ​នឹង​កាន់កាប់​អាសនៈ​ស្ទើរតែ​ទាំងអស់​នៅក្នុង​សភា ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។

យោងតាម គ.ជ.ប លទ្ធផល​បណ្តោះអាសន្ន​ពី​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃ​អាទិត្យ​មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ចំនួន ៦ ៨៨៥-៧២៩ នាក់ ឬ ៨២,១៧ ភាគរយ​ក្នុង​ចំណោម​ពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ចំនួន ៨ ៣៨០ ២១៧ នាក់​។ គ.ជ.ប នឹង​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៅ​ថ្ងៃទី​ ១១ ខែ​សីហា ខណៈ​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ១៥ ខែ​សីហា ឆ្នាំ​ ២០១៨ ខាង​មុខ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​គណបក្ស​របស់​លោក​ទទួល​បាន​ជ័យជម្នះ​ចំនួន ៧៧,៧៧ ភាគរយ​ ដែល​លោក​ថា​ជា​ចំនួន​ឈ្នះ​អាសនៈ​ «​ជិត ១០០%» និង​ថា ជា​ជ័យជម្នះ​ធំ​បំផុត​មិន​ធ្លាប់​មាន​តាំងពី​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី ១ ក្នុង​ឆ្នាំ​ ១៩៩៣ មក​។

លោក​ថ្លែង​ថា​៖ «​លទ្ធផល​គឺ​គ្របដណ្ដប់​នូវ​អាសនៈ​ភាគច្រើន​លើសលប់​នៅក្នុង​សភា​។ គឺ​ជិត​គ្រប់​អាសនៈ​អាច​ថា ១២៣ ​ឬ​ ១២៤ អាសនៈ​វា​មិន​ទៀង​»​។

តែ​លោក​ថា​មាន​តែ គ.ជ.ប ទេ​ដែល​អាច​ប្រកាស​លទ្ធផល​ផ្លូវការ​បាន​។

ប៉ុន្តែ​បើ​យោង​តាម​លទ្ធផល​បឋម​របស់ គ.ជ.ប ដែល​ចេញ​ផ្សាយ​កាលពី​ល្ងាច​ម្សិលមិញ​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ៤ ៨៧៥ ១៨៩ សំឡេង​គឺ​ស្មើនឹង ៧៦,៧៨ ​ភាគរយ​។

លោក​ ឥសាន ​បាន​ថ្លែង​ទៀត​ថា​គណបក្ស​មិនមែន​ជា​សមត្ថកិច្ច​បែងចែក​អាសនៈ​ទេ​ ប៉ុន្តែ​តាម​ការ​គណនា​ក្រៅ​ផ្លូវការ​របស់​គណបក្ស​តាម​រូបមន្ត​បែងចែក​អាសនៈ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​ឈ្នះ​ក្នុង​សំឡេង​លើសលប់​។ លោក​ក៏​អះអាង​ដែរ​ថា​ផ្អែក​តាម​រូបមន្ត​គណបក្ស​ផ្សេងៗ​មិន​មាន​សំឡេង​គ្រប់​ដើម្បី​ទទួល​បាន​ ១ ​អាសនៈ​ឡើយ​។

ក្រាហ្វិកអំពីការបោះឆ្នោតនៅកម្ពុជា។ ភ្នំពេញ ប៉ុស្តិ៍

លោក​បន្ត​ថា​៖ ​ផ្អែក​តាម​តួលេខ​ដែល​មាន​សំឡេង​គាំទ្រ​គណបក្ស​នីមួយៗ យើង​អាច​គិត​ឃើញ​ហើយ​គណបក្ស​ប្រជាជន​គ្របដណ្ដប់​ភាគច្រើន​លើសលប់​លើ​អាសនៈ​នៅក្នុង​សភា ចំណែក​គណបក្ស​ផ្សេងៗ​ទៀត​ដែល​គណបក្ស​មាន​សំឡេង​ខ្ពស់​វា​មាន​ត្រឹម​តែ​ ៥-៦ ភាគរយ​ទេ​។ ៥-៦ ភាគរយ បើ​គិត​កៅអី​ទៅ កៅអី​វា​មាន​ជើង ៤ ហើយ​ខ្លះ​បានតែ ៣ ជើង វា​មិន​គ្រប់​អាសនៈ​ ១ ​ទេ​»​។

លោក​ ឥសាន ចាត់ទុក​ការបោះឆ្នោត​នេះ​ថា​ជា​ជោគជ័យ​ «​ធំធេង​ហួស​ពី​ការ​ស្មាន​» ​របស់​គណបក្ស​ប្រជាជន​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​លោក​គាំទ្រ​លោក ហ៊ុន សែន ​បន្ត​បេសកកម្ម​ដឹកនាំ​ប្រទេស​ជាតិ​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​ ៦ ​នៃ​រដ្ឋសភា​តទៅ​ទៀត​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់ថា ទោះបី​លទ្ធផល​មិន​ទាន់​ផ្លូវការ ខ្ញុំ​យល់​យើង​មាន​មូលដ្ឋាន​សម្រាប់​សន្និដ្ឋាន​ពី​លទ្ធផល​នៃ​ការបោះឆ្នោត ពីព្រោះ​តួលេខ​ដែល​បាន​មក​គឺជា​តួលេខ​ដែល​ស្រង់​ពី​មូលដ្ឋាន​តាម​ការិយាល័យ​បោះឆ្នោត និង​តាម​មណ្ឌល​បោះឆ្នោត​នីមួយៗ​រួច​ហើយ អ៊ីចឹង​ទេ​វា​ជា​តួលេខ​ពិត គ្រាន់តែ​ថា​យើង​រង់ចាំ​តាម​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា​ផ្សេងៗ​»​។

ជាមួយ​គ្នា​នេះ​លោក សាម អ៊ីន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ​ថ្លែង​ថា​បើ​ទោះបី​ជា​គណបក្ស​លោក​មិន​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ក៏ដោយ ប៉ុន្តែ​គណបក្ស​នឹង​គោរព​តាម​ការសម្រេចចិត្ត​របស់​ពលរដ្ឋ​ម្ចាស់ឆ្នោត​។

លោក​ថ្លែង​ថា​៖ «​យើង​ចែក​ដំណើរការ​បោះឆ្នោត​ជា ២ ដំណាក់​។ ដំណាក់​ទី ១ ក្រោយ​ចុង​ឆ្នាំ​ ២០១៧ វា​មាន​បញ្ហា​ប្រឈម​ច្រើន​គឺ​មាន​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​មាន​ការគំរាម​ដល់​អង្គការ​សង្គម​ស៊ីវិល មាន​ការ​បំបិទ​សិទ្ធិសេរីភាព​អ្នក​សារព័ត៌មាន​។ ប៉ុន្តែ​យើង​បាន​ដឹង​រឿង​ហ្នឹង យើង​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ផ្លូវ​ចូលរួម​ការ​បោះឆ្នោត​។ យើង​បាន​ប្រឹងប្រែង​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន​»​។

លោក​បាន​បន្ត​ថា​៖ «​សម្រាប់​យុទ្ធនាការ​ឃោសនា​ថ្ងៃ​បោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត យើង​គិត​ថា​មាន​ដំណើរការ​ជា​រួម​ល្អ ទោះបី​មាន​បញ្ហា​ប្រឈម​ខ្លះៗ​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏ដោយ​។ យើង​ទទួល​យក​លទ្ធផល​ហ្នឹង​...»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នឹង​បន្ត​កិច្ចការ​របស់​យើង​ក្នុង​ការ​សាប​ព្រោះ​វប្បធម៌​នយោបាយ​ថ្មី​ទោះបី​ជា​គ្រាប់ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី​នេះ វា​មាន​មិន​ច្រើន តែ​វា​ចាប់ផ្តើម​មាន​នៅ​ស្ទើរ​គ្រប់​ឃុំ-សង្កាត់​ដែល​យើង​ទទួល​បាន​តាមរយៈ​សន្លឹកឆ្នោត​គាំទ្រ​។ យើង​នឹង​បន្ត​បេសកកម្ម​របស់​យើង​បន្ត​ទៅ​ទៀត​»​។

លោក គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ (KWP) ​ថ្លែង​ថា​លោក​ពុំ​ជឿជាក់​ទាំងស្រុង​នៅ​ឡើយ​ទេ ចំពោះ​តួលេខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ទោះ​យ៉ាង​ណា​លោក​ថា ឆន្ទៈ​ខ្មែរ​ពុំ​មាន​ផែនការ​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ​។

លោក​ថ្លែង​ថា​៖ «​គណបក្ស ឆន្ទៈ​ខ្មែរ យល់​ឃើញ​ថា​ដំណើរការ​ការបោះឆ្នោត​ជារួម​អាច​ទទួល​យក​បាន ប៉ុន្តែ​ពុំ​ជឿជាក់​ចំពោះ​លទ្ធផល​ទាំង​ស្រុង​នៅ​ឡើយ ដោយសារ​យើង​ពុំ​មាន​ភ្នាក់ងារ និង​កំពុង​រង់ចាំ​លទ្ធផល​របស់ គ.ជ.ប នៅ​ឡើយ​»​។

លោក ញ៉េប ប៊ុនជិន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ថា តើ​គណបក្ស​របស់​លោក​នឹង​ទទួល​យក​លទ្ធផល​នៃ​ការបោះឆ្នោត​ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​?

លោក​ថ្លែង​យ៉ាង​ខ្លី​ថា​៖ «​ខ្ញុំ​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្ញុំ​។ ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ជាមួយ​អ្នកកាសែត​»៕