ភ្នំពេញ៖​ ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​បញ្ជី​ផ្តល់​សិទ្ធិ​នាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​​រោងចក្រ​កាត់​ដេរ​សម្លៀក​​បំពាក់​ស្បែក​ជើង​ និង​រោងចក្រ​​ផលិតផល​កាបូប​ សរុប​​ចំនួន ​៧៨ ​រោងចក្រ ក្នុង​រយៈពេល ​១១ ​ខែ ​ឆ្នាំ ​២០១៩​។ ​នេះ​​បើ​តាម​របាយការណ៍​បូក​សរុប​​លទ្ធផល​ការងារ​​ពាណិជ្ជកម្ម​ឆ្នាំ ​២០១៩ ​និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ ​២០២០​។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ​ចាប់​ពី​ខែ​មករា ​ដល់​ខែ​វិច្ឆិកា ​ក្រសួង​បាន​ចុះ​បញ្ជី​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ ​និង​ផលិត​ស្បែក​ជើង ​៥១ ​រោងចក្រ​ កើន​ឡើង ​២៤ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៨​ ដែល​មាន​ចំនួន​ ​៤១ រោងចក្រ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​រយៈពេល ​១១ ខែ​នេះ ​ការ​ចុះ​បញ្ជី​រោងចក្រ​ផលិត​កាបូប​មាន​ចំនួន ​២៧ រោងចក្រ​ កើន​ឡើង ​១៧០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​​គ្នា​កាល​ពី​ឆ្នាំ ២០១៨​ ដែល​​មាន​ចំនួន ​១០ រោងចក្រ​។ ​ទន្ទឹម​នឹង​នេះ ​ការ​​ចុះ​បញ្ជី​ក្រុមហ៊ុន​នាំចេញ​ និង​រោងចក្រ​ផ្សេងៗ​ទៀត​មាន​ចំនួន​ ១៣៨ ​ក្រុមហ៊ុន​ កើនឡើង​​ ​២១​ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨​ ដែល​មាន​ចំនួន ​១១៤​។

លោក​ កាំង ​ម៉ូនីកា ​អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​​ដេរ​នៅ​កម្ពុជា ​(GMAC) បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ពុធ​ថា ​កម្ពុជា​បាន​ទទួល​ផល​​ជា​វិជ្ជមាន​អំពី​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក​ និង​ចិន​ ដែល​ជំរុញ​ឲ្យ​ការ​​ចុះ​បញ្ជី​រោងចក្រ​កាត់​ និង​ស្បែក​ជើង​មាន​​ការ​កើន​ឡើង​​។ ​លោក​ថ្លែង​ថា​៖ «ការ​កើន​ឡើង​រោងចក្រ​កាត់​ដេរ​នៅ​ឆ្នាំ ២០១៩ មាន​ប្រភព​ចម្បង​ពី​ប្រទេស ​ចិន​ ​ដោយសារ​ថ្មី​នេះៗ​បញ្ហា​ជម្លោះ​ពាណិជ្ជកម្ម​អាមេរិក និង​ចិន»។ លោក​បន្ត​ថា​៖ ​«​ការ​កើន​ឡើង​រោងចក្រ​ផលិតផល​កាបូប​ ដោយសារ​​ផលិតផល​ធ្វើ​ដំណើរ​ទទួល​បាន​​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ ​GSP»។

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​មាន​សមាជិក​ប្រតិបត្តិការ​ជាង ​៥០០ ​រោងចក្រ​ និង​​មាន​និយោជិត​​ជាង​​ ៧០ ​ម៉ឺន​នាក់។​

ការ​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​ជាង ​១០ ​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល ​១០ ​​ខែ​ដំបូង ​ឆ្នាំ ​២០១៩ ​ដែល​រួម​ចំណែក​​ភាគ​ច្រើន​មក​ពីវិស័យ​កាត់​ដេរ​ វាយនភណ្ឌ​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​។​​ នេះ​បើ​តាម​របាយការណ៍​ពាណិជ្ជកម្ម​កើន​ឡើង ​៦,៤ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ ២០១៨​។

តាម​ទិន្នន័យ​ការ​នាំចេញ​សម្លៀក​បំពាក់​មាន​តម្លៃ ​៦,៤ ​ពាន់​​លាន​ដុល្លារ វាយនភណ្ឌ ​៤០ លានដុល្លារ ​ស្បែក​ជើង​ ៩០៥ ​លាន​ដុល្លារ​ អង្ករ​​ ២៨៦ ​លាន​ដុល្លារ និង​ផលិតផល​ផ្សេង​ទៀត​ជាង ​៣ ​ពាន់​លាន​​ដុល្លារ​។​

លោក​ ប៉ាន ​សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ​២០១៩ ​និង​ទិសដៅ​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ ​២០២០ ​កាល​ពី​ខែ​ធ្នូ​ថា ​ដើម្បី​ជំរុញ​ការ​នាំចេញ​ផលិតផល​ទៅ​ទីផ្សារ​អន្តរជាតិ ​ក្រសួង​កំពុង​បន្ត​ពង្រឹង​ចង្វាក់​ផលិតកម្ម ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំចេញ​តាមរយៈ​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។

លោក​​ថ្លែង​ថា៖ «​ដើម្បី​ចូលរួម​ប្រកួត​​ប្រជែង​ក្នុង​ក្របខ័ណ្ឌ​តំបន់ ​និង​ពិភព​លោក ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ខិតខំ​ពង្រឹង​សមត្ថភាព ​និង​ប្រសិទ្ធ​ភាព​​ការងារ​មន្ត្រី​រាជ​ការ​តាមរយៈ​ការ​ពង្រឹង​ធនធាន​មនុស្ស ​ការ​ធ្វើ​​​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​​រដ្ឋបាល​គ្រប់គ្រង ​និង​ការ​កែ​លម្អ​សេវា​សាធារណៈ​ជា​ដើម​»​៕LA