ភ្នំពេញ: មន្ត្រី​នគរបាល​ជាន់ខ្ពស់​ចំនួន​ ១០ ​រូប​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ទូលថ្វាយ​ព្រះមហាក្សត្រ​សុំ​ដាក់​ឲ្យ​ចូលនិវត្តន៍ ខណៈ​ ៣ ​រូប​សុំ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ជា​អគ្គនាយក​នៅ​ក្រសួង​មហាផ្ទៃ​។ ​នេះ​តាម​លិខិត​របស់​លោក​​ ហ៊ុន សែន ចុះ​ថ្ងៃទី ​៣១ ខែ​សីហា​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។

មន្ត្រី​ជាន់ខ្ពស់​ទាំង​ ១០ ​រូប​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូល​សុំ​ដាក់​ឲ្យ​ចូលនិវត្តន៍​​នោះ​រួម​មាន​៖ នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​,​នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​, នាយឧត្តមសេនីយ៍ ថោង សំអាត អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​, នាយឧត្តមសេនីយ៍ ផាង ពៅ ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​ក្រសួង​មហាផ្ទៃ​, នាយឧត្តមសេនីយ៍ មួន សារ៉ន អគ្គ​ស្នងការរង​នគរបាលជាតិ​, នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរង​នគរបាលជាតិ​, នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​,​នាយឧត្តមសេនីយ៍ ឯម សំណាង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ និង​នាយឧត្តមសេនីយ៍ លី គឹមឡុង អគ្គលេខាធិការ​ស្តីទី​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​។

ជាមួយ​គ្នា​នោះ​ដែរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អគ្គនាយក​ចំនួន​ ៣ ​រូប​ផង​ដែរ​រួមមាន​៖១. ​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង​នគរបាលជាតិ​ទៅ​​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជំនួស​នាយឧត្តមសេនីយ៍ សុខ ផល ២. ​នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរង​នគរបាលជាតិ​ទៅ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​​ជំនួស​នាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា និង​៣. ​លោក សេង យូអ៊ាន់ អគ្គនាយករង​ទៅ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ​ជំនួស​នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន​។

លោក សុខ ផល មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ កាលពី​ម្សិលមិញ​។ ប៉ុន្ដែ​លោក ម៉ៅ ច័ន្ទតារា បាន​លើក​ឡើង​ថា​រឿង​នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដោយសារ​ដល់​អាយុ​។

លោក​បាន​ថ្លែង​ថា​៖ «​វា​គ្មាន​អ្វី​ចម្លែក​ទេ​តែ​ដល់​អាយុ​គឺ​ត្រូវតែ​ឈប់​អ៊ីចឹង​ហើយ ប្រៀប​ដូចជា​មនុស្ស​អ៊ីចឹង​ដែរ បើ​ដល់​អាយុ​ងាប់ គឺ​ងាប់ អ៊ីចឹង​ហើយ វា​គ្មាន​ធ្វើ​អ្វី​បាន​ទេ​។ កុំ​ចង់​ដឹង​រឿង​របស់​ខ្ញុំ​ច្រើន​ពេក វា​ជា​រឿង​ឯកជន​របស់​ខ្ញុំ​ទេ លោក​សួរ​​ខ្ញុំ​បែប​ហ្នឹង តើ​បាន​ប្រយោជន៍​អ្វី​ទៅ​?»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​យល់​ថា មន្ត្រី​ដែល​បម្រើ​ការងារ​សាធារណៈ​ទាំងអស់​ត្រូវ​តែ​ចូលនិវត្តន៍ ប្រសិន​បើ​ដល់​អាយុ ព្រោះ​ជា​លក្ខខណ្ឌ​នៃ​ច្បាប់ ប៉ុន្ដែ​ប្រសិនបើ​ពួកគាត់​នៅ​មាន​សមត្ថភាព និង​កម្លាំង​បន្ត​ការងារ​បាន​គឺ​​អាច​ទទួល​តំណែង​ណា​មួយ​ក្នុង​នយោបាយ​បក្ស​ខ្លួន​។

លោក​បន្ត​ថា​ការចូល​និវត្តន៍​នេះ​វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ ប្រសិន​បើ​ពួកគាត់​ដល់​អាយុ​ពិតប្រាកដ​មែន​នោះ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​គឺ​អាច​មាន​មន្ត្រី​មួយ​ចំនួន​តូច​ពេល​ដល់​អាយុ​ចូល​​និវត្តន៍​ហើយ តែ​បែរ​ជា​សុំ​ពន្យារ​អាយុ ឬ ស្នើសុំ​បន្ត​ការងារ ៣ ឬ​ ៤ ​ឆ្នាំ​ទៀត​។

លោក​បាន​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​មន្ត្រី​ហ្នឹង មិន​ទាន់​គ្រប់​អាយុ​ចូលនិវត្តន៍​ទេ ហើយ​មាន​ការ​ផ្ទេរតំណែង ការដោះដូរ​​តំណែង​មួយ​ទៅ​តំណែង​មួយ​ទៀត គឺ​អាច​ពាក់ព័ន្ធ​នឹង​លទ្ធភាព​ការងារ ឬ​អាច​និយាយ​បាន​ថា​វា​មាន​ភាព​មិន​ប្រក្រតី​ណា​មួយ​កើតឡើង​ក្នុង​មុខតំណែង​ហ្នឹង ហើយ​ប្រសិន​បើ​ដល់​អាយុ​ត្រូវ​តែ​ចូលនិវត្តន៍​​អ៊ីចឹង​ហើយ​»៕