ភ្នំពេញ: លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) កាលពី​ម្សិលមិញ​ព្រមាន​ធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ ប្រសិន​បើ​រដ្ឋាភិបាល​​កម្ពុជា​មិន​ព្រម​ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​ក្នុង​ការ​បន្ទន់​ឥរិយាបថ​ចរចា​គ្នា​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​បញ្ចៀស កលិយុគ​នោះ ប៉ុន្ដែ​មន្ត្រី​អះអាង​ពី​ជំហរ​រាជរដ្ឋាភិបាល​មិន​អាច​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ទេ ហើយ​នឹង​ចាត់វិធានការ​ចំពោះ​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ១៨ កញ្ញា លោក រ៉ុង ឈុន ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទទួល​យក​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច និង​រក្សា​កំណើន​សេដ្ឋកិច្ច​បន្ត​ទៀត ជាពិសេស​រក្សា​ការងារ​ជូន​កម្មករ​កម្មការិនី​ទាំង​ជិត​ ៨០ ​ម៉ឺន​នាក់​។

លោក ឈុន ថ្លែង​ថា​៖ «​យើង​រៀបចំ​បាតុកម្ម​មួយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ងាក​មក​គិត​រឿង​ផលប្រយោជន៍​កម្មករ​ និង​ប្រជាជន​ទូទៅ​។ ខ្ញុំ​ហ៊ាន​និយាយ​គឺ​ខ្ញុំ​ធ្វើ​វា (​បាតុកម្ម​) ​ហើយៗ យើង​គ្រោង​នឹង​ធ្វើ​នៅ​ក្រោយ​ភ្ជុំបិណ្ឌ​»​។

ក្នុង​នោះ​លោក រ៉ុង ឈុន បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​យក​សេចក្តី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ទាំង ១៣ ​ចំណុច​ដើម្បី​ចៀសវាង​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ព្យួរ EBA ដែល​ជា​ក្ដី​ព្រួយបារម្ភ​ចំពោះ​អនាគត​របស់​កម្មករ-កម្មការិនី​ថា​នឹង​បាត់បង់​ការងារ និង​បាត់បង់​អត្ថប្រយោជន៍​ផ្សេងៗ ប្រសិន​បើ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​មិន​ព្រម​ទទួល​យក ឬ​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​សហគមន៍​អឺរ៉ុប​ (EU) ​នោះ​ទេ​។

លោក ឈុន បាន​អះអាង​ថា​៖ «​នៅ​ពេល​សហគមន៍​អន្ដរជាតិ​បញ្ឈប់​ការអនុគ្រោះ​ពន្ធ និង​ឡោមព័ទ្ធ​សេដ្ឋកិច្ច​នឹង​បណ្ដាល​ឲ្យ​កម្មករ​គ្មាន​ការងារ​ធ្វើ កម្ពុជា​នឹង​ធ្លាក់​ចូល​សភាព​កលិយុគ​។ នៅពេល​ដែល​កម្មករ​គ្មាន​ការងារ​ធ្វើ អ្នក​ដែល​រងគ្រោះ​មិន​ត្រឹម​តែ​កម្មករ​រោងចក្រ​ទេ ប្រជាពលរដ្ឋ​ទាំងអស់​នឹង​រងគ្រោះ​ដែរ​។ ខ្ញុំ​យល់​ថា​អ្នក​នយោបាយ​បក្ស​កាន់​អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​អង្គុយ​និយាយ​គ្នា រក​ដំណោះស្រាយ​នយោបាយ និង​រៀបចំ​ការបោះឆ្នោត​ត្រឹមត្រូវ​ឡើង​វិញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​កលិយុគ​នៅ​កម្ពុជា​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ការប្រកាស​ធ្វើ​បាតុកម្ម​គ្រាន់​តែ​ចង់​យក​លេស និង​ឆ្លៀតឱកាស​បង្កើត​ឲ្យ​មាន​អំពើ​អនាធិបតេយ្យ​នៅ​ក្នុង​សង្គម​ខ្មែរ ឬ​បម្រើ​នយោបាយ​បរទេស​តែ​ប៉ុណ្ណោះ មិនមែន​ចំណេញ​ផលប្រយោជន៍​ជាតិ​ខ្មែរ​នោះ​ឡើយ​។ លើស​ពី​នេះ​សហគមន៍​អឺរ៉ុប​នៅ​មិន​ទាន់​ចេញ​ជា​វិធាន​ផ្លូវ​ច្បាប់​ណា​មួយ​ប្រឆាំង​នឹង​កិច្ច​មិន​សហការ​​ជាមួយ​កម្ពុជា​នោះ​ទេ​។

លោក ផៃ ស៊ីផាន ថ្លែង​ថា​៖ «​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ក្នុង​កិច្ច​ថែរក្សា​អធិបតេយ្យ ឯករាជ្យ និង​ឯកភាព​ជាតិ​។ ខ្ញុំ​សូម​ទាញ​អារម្មណ៍​សាជាថ្មី​ដល់​លោក រ៉ុង ឈុន និង​បក្ខពួក​ថា​សហគមន៍​អឺរ៉ុប មិនមែន​ជា​អាណានិគម​លើ​កម្ពុជា​នោះ​ទេ ហើយ​កម្ពុជា​មាន​កិច្ចសហការ​ល្អ​ណាស់​ជាមួយ​គ្នា​អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​»​។

លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ថ្លែង​ថា​អ្វី​ដែល​សម្រេច​ដោយ​សហគមន៍​អឺរ៉ុប ពួកគេ​មិន​ចង់​ឲ្យ​ប្រទេស​កម្ពុជា​វិនាស​ទេ គឺ​គេ​ចង់​ឲ្យ​កម្ពុជា​ត្រឡប់​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ដើម្បី​ការអភិវឌ្ឍ ប្រជាជន​មាន​ការងារ​ធ្វើ​ចិញ្ចឹមជីវិត និង​ឈាន​ទៅ​រក​ចំណុច​រីកចម្រើន​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​យល់​ថា​រដ្ឋាភិបាល​គួរតែ​សម្របសម្រួល​តាម​សេចក្ដី​សម្រេច​ហ្នឹង ហើយ​ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​ខ្លួន​អាច​ធ្វើ​បាន ហើយ​កាល​ដែល​ធ្វើ​បាតុកម្ម​ក្ដី ឬ​មិន​ធ្វើ​ក្ដី គឺជា​ឆន្ទៈ​ទេ កាលណា​ពលរដ្ឋ​គាត់​រស់​លែងកើត វា​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព និង​ជីវភាព​គាត់​អាហ្នឹង​ថ្ងៃ​ណា​មួយ វា​នឹង​ផ្ទុះ​ឡើង​ជា​មិន​ខាន​ទេ​»​។

យោង​តាម​គេហទំព័រ​សភា​អឺរ៉ុប​កាលពី​ថ្ងៃទី ១១ ខែ​កញ្ញា​បាន​ឲ្យ​ដឹង​ថា​ក្រុម​សមាជិកសភា​អឺរ៉ុប​បាន​លើក​ឡើង​នូវ​សេចក្តី​យោង និង​សំអាង​ហេតុ​មួយ​ចំនួន​ដែល​រួមមាន ការបង្ហាញ​ក្តីបារម្ភ​អំពី​ការបោះឆ្នោត​ឆ្នាំ ២០១៨ ទម្លាក់​បទចោទ​ប្រកាន់​លើ​លោក កឹម សុខា បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​លើ​សង្គម​ស៊ីវិល​បញ្ឈប់​ការធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ​លើ​ក្រុមប្រឆាំង និង​ធ្វើឲ្យ​មាន​កិច្ចសន្ទនា​ជាមួយ​ក្រុមប្រឆាំង​ធានា​នូវ​ឯករាជភាព​នៃ​ប្រព័ន្ធតុលាការ និង​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ជំរុញ​ឲ្យ​មាន​ការបន្ត​ស៊ើបអង្កេត​អំពី​ការរំលោភ​ដីធ្លី​នៅ​កម្ពុជា និង​ជំរុញ​ឲ្យ​បេសកកម្ម​ស្វែងរក​ការពិត​រាយការណ៍​ពី​ការរកឃើញ​របស់​ខ្លួន​ទៅ​កាន់​សភាអឺរ៉ុប និង​ស្នើឲ្យ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ប្រសិន​បើ​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​។ ​

លើស​ពី​នេះ​ទៀត​ ក៏​មាន​ការស្នើ​ឲ្យ​សេវាកម្ម​ការងារ​ក្រៅ​ប្រទេស​របស់​អឺរ៉ុប​ (EEAS) និង​គណៈកម្មការ​អឺរ៉ុប​ «​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​បុគ្គល​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការរំលាយ​គណបក្ស​ប្រឆាំង និង​ការរំលោភ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​រួម​ទាំង​មន្ត្រី​ដែល​ស្ថិត​ក្នុង​បញ្ជី​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ដែល​ចេញ​ផ្សាយ​នៅ​ខែ​មិថុនា ឆ្នាំ ២០១៨»​។

សំណើ​នេះ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​អនុស្សរណៈ​នៃ​ការ​យោគយល់​ក្នុង​ការដាក់​ការិយាល័យ​ OHCHR ដែល​នឹង​ត្រូវអស់​សុពលភាព​នៅ​ចុង​ខែ​ធ្នូ​៕