ប៉ៃលិនៈ ជនសង្ស័យ​ ៤ ​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់​កាលពី​ចុងខែ​សីហា​នោះ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ​ «​ជីក​កកាយ​ដីភ្នំ​ធម្មជាតិ​ដោយ​ខុសច្បាប់​» តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។

លោក មិន រ៉ាវុធ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ជនសង្ស័យ​មាន​ឈ្មោះ ដា លីន អាយុ​ ៤១ ​ឆ្នាំ​, ខែ ធឹម អាយុ​ ៣៨ ​ឆ្នាំ​, ម៉ន សាវិត អាយុ​ ២៨ ​ឆ្នាំ និង ឈ្មោះ មិត្ត សំណាង អាយុ​ ២២ ​ឆ្នាំ​។

ពួកគេ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន​ចុះ​បង្ក្រាប​ចាប់​នៅ​នឹង​កន្លែង ខណៈ​កំពុង​បញ្ជា​គ្រឿងចក្រ ឈូសឆាយ និង​ជីក​កកាយ​ដីភ្នំ​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលា​ក្រៅ​កាលពី​ថ្ងៃទី​ ៣១ ខែ​សីហា ឆ្នាំ​ ២០១៨​។ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​រួមមាន គ្រឿងចក្រ​អេស្កាវ៉ាទ័រ​ចំនួន​ ២ និង​រថយន្ត​ដឹក​ដី​ចំនួន​មួយ​ផង​ដែរ​។

លោក រ៉ាវុធ ថ្លែង​ថា​៖ «​យោង​តាមរយៈ​បទ​ចោទ និង​មាត្រា​ខាង​លើ​នេះ​ពួកគេ​នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០-១០០ ​លាន​រៀល​»​។

លោក នង វន្នី ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ក្នុង​អំឡុងពេល​សាកសួរ​ដោយ​មន្ត្រី​ជំនាញ ជនសង្ស័យ​ឈ្មោះ​ មិត្ត សំណាង បាន​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​អនុគ្រោះ និង​ដោះលែង​ឲ្យ​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​អះអាង​ថា​ គាត់​គ្រាន់តែ​ជា​កម្មករ​ស៊ីឈ្នួល​បើក​អេស្កាវ៉ាទ័រ កាយ​អាចម៍ដី​ឲ្យ​គេ ដើម្បី​យក​ប្រាក់​ខែ​ផ្គត់ផ្គង់​គ្រួសារ​ប៉ុណ្ណោះ​។ ព្រោះ​គាត់​មិន​បាន​ដឹងថា​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ឡើយ​។

ក្រុម​អ្នកភូមិ​បាន​និយាយ​ថា ដីភ្នំ​ជាច្រើន​កន្លែង​ក្នុង​ឃុំ​ស្ទឹងកាច់ ត្រូវ​បាន​គេ​លួច​ជីក​កកាយ​អាចម៍ដី​យក​ទៅ​លក់​ដោយ​ខុសច្បាប់​។ កូនភ្នំ​តូចៗ​ចំនួន​ ២ ត្រូវ​បាន​គេ​ជីក​កាយ​រាបស្មើ​អស់​ទៅ​ហើយ ខណៈ​ទីតាំង​ថ្មី​នេះ​កំពុង​ត្រូវ​បាន​គេ​ជីក​កាយ​អស់​មួយ​ចំហៀង​ភ្នំ​ទៅ​ហើយ​។

អ្នកស្រី ឱម សំអុល ប្រជាកសិករ​នៅ​ភូមិ​ភ្នំក្រិច​បាន​និយាយ​ថា​៖ «​កូន​ភ្នំ​មួយ​ចំនួន​បាន​ក្លាយ​ទៅ​ដី​កម្មសិទ្ធិឯកជន​តាមរយៈ​ការ​លួច​ឈូសឆាយ និង​ការជីក​កកាយ​យក​អាចម៍ដី​លក់​បែប​នេះ​»៕