ភ្នំពេញៈ ​លោក​នាយក​រដ្ឋមន្ត្រី​សរសើរ​ចិន​ចំពោះ​ការ​ផ្តល់​ជំនួយ និង​វិនិយោគ​នៅ​កម្ពុជា ខណៈ​សៀវភៅ​មួយ​ក្បាល​ដែល​សរសើរ​ពី​គោលនយោបាយ​ចិន​មាន​ចំណងជើង​ថា​ «​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​» ត្រូវ​បាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ដំណាល​នឹង​ការសម្ពោធ​​ស្ពាន​អាកាស​ថ្មី​នៅ​កម្ពុជា​។

ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​ក្នុង​តម្លៃ​ ១៧ ​លាន​ដុល្លារ​ក្រោម​ជំនួយ​របស់​ចិន ​ពី​ម្សិលមិញ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​ថា​កម្ពុជា​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទទួល​បាន​ផលប្រយោជន៍​ជាច្រើន​ពី​គម្រោង​ «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ​របស់​ចិន​។

លោក​បាន​ថ្លែង​ថា​ ចាប់ពី​ឆ្នាំ​ ២០១០ រហូត​បច្ចុប្បន្ន​កម្ពុជា​ និង​ចិន​គឺជា​ដៃគូ​ «​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​» ដោយ​ប្រធានាធិបតី​ចិន​ស៊ី ជីនភីង បាន​ចាត់​ទុក​កម្ពុជា​ជា​ «​មិត្ត​ដែកថែប​»​។

លោក​បាន​លើក​ឡើង​ថា​ផលប្រយោជន៍​មួយ​ដែល​ប្រទេស​នៅ​អាស៊ាន​ទទួល​បាន​ពី​ចិន​គឺ​ការនាំ​ទំនិញ​ចូល​ទីផ្សារ​ចិន​ច្រើន​ជាង​ចិន​នាំ​ចូល​មក​អាស៊ាន​។

ចំពោះ​វត្តមាន​ជនជាតិ​ចិន​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា​លោក​ថា​ដោយសារ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ផ្គត់ផ្គង់​បុគ្គលិក​ជំនាញ​ទើប​មាន​កម្មករ​ចិន​ទាំង​នោះ​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​វត្តមាន​របស់​ចិន​នៅក្នុង​ប្រទេស​របស់​យើង សូម​បងប្អូន​កុំ​មាន​ការ​ភាន់ច្រឡំ​។ នេះ​ជា​វត្តមាន​នៃ​ការដ្ឋាន​រាប់រយ​ការដ្ឋាន​ដែល​​កំពុង​ធ្វើការ​នៅ​កម្ពុជា​។ យើង​មិន​ទាន់​ផ្គត់ផ្គង់​អ្នក​បច្ចេកទេស​ឲ្យ​ចិន​គ្រប់គ្រាន់​ទេ​។ ដូច្នេះ​បាន​ជា​មាន​វត្តមាន​ជនជាតិ​ចិន​​ក្នុង​ការកសាង​សំណង់ ឧទាហរណ៍​ការធ្វើ​ស្ពាន​មួយ​ត្រូវការ​អ្នក​បច្ចេកទេស​ចិន​ប៉ុនណា​ត្រូវ​ការ​បុគ្គលិក​ខ្មែរ​ប៉ុនណា​ត្រូវ​​ធ្វើការ​រួម​គ្នា យើង​មិន​ទាន់​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​នូវ​អ្នក​ជំនាញ កម្មករ​ជំនាញ​ឲ្យ​ចិន​បាន​ទេ រាប់រយ​ការដ្ឋាន​ដែល​ជា​ការដ្ឋាន​របស់​រដ្ឋ​ផង និង​ការដ្ឋាន​វិស័យ​ឯកជន​ផង​»​។

ប៉ុន្តែ ​លោក​មិន​បាន​លើក​ពី​បុគ្គលិក​ដែល​បម្រើការ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដូចជា​កាស៊ីណូ និង​ជនល្មើស​ចិន​ដែល​យក​កម្ពុជា​ធ្វើ​ជា​ទីតាំង​ជំរិត​ទារប្រាក់​តាម​អនឡាញ​ឡើយ​។

ក្រៅពី​ការកោតសរសើរ​មិត្ត​ចិន​លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​រិះគន់​ប្រទេស​មួយ​ចំនួន​តែ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ថា ខណៈ​ប្រទេស​ទាំង​នោះ​រិះគន់​លើ​ការវិនិយោគ​របស់​ចិន​នៅ​កម្ពុជា ប្រទេស​ទាំងនោះ​បែរ​ជា​ទៅ​ចរចា​ធ្វើ​វិនិយោគ​ខ្លួនឯង​ទៅវិញ តួយ៉ាង​ដូចជា ការវិនិយោគ​លើ​វារីអគ្គិសនី​ជាដើម​។

សៀវភៅ​គោលនយោបាយ​ចិន​ដែល​ទើប​ដាក់​ឱ្យ​ប្រើ​កាលពី​ម្សិលមិញ​។ហេង ជីវ័ន

លោក​ថា​៖ «​ប្រទេស​នានា​រកស៊ី​ជាមួយ​​ចិន​សឹង​ងាប់ សឹង​រស់ ហើយ​ម៉េច​មក​ហាមឃាត់​កម្ពុជា​កុំ​ឲ្យ​រកស៊ី​ជាមួយ​ចិន​?

វា​ដូចជា​ឆ្ងល់​។ ប្រទេស​នានា​បើ​ប្រទេស​នៅ​អឺរ៉ុប​សុទ្ធ​តែ​ជិះ​យន្តហោះ​មក​ចរចា​ជាមួយ​ចិន​នៅឯ​ប៉េកាំង​ដើម្បី​បង្កើត ការនាំ​ទំនិញ ការវិនិយោគ​ស្អីៗ​ទល់​គ្នា គេ​រកស៊ី​ជាមួយ​ចិន​បាន ហើយ​អាស៊ាន​អ្នក​ទទួល​ផល​ច្រើន​ជាង​គេ​»​។

យោង​តាម​តួលេខ​ពី​ក្រសួង​ទេសចរណ៍​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ក្នុង​ឆ្នាំ​ ២០១៧ កម្ពុជា​បាន​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ ៥,៦ ​លាន​នាក់ ក្នុង​នោះ​ភ្ញៀវទេសចរ​ចិន ១ ២១០ ៧៨២ ​នាក់ និង​បាន​នាំ​មក​នូវ​ប្រាក់​ចំណូល​​ប្រមាណ ៣ ៦៣៨ លាន​ដុល្លារ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ​គឺ​រួមចំណែក ១៣% លើ​ផលិតផល​ក្នុង​ស្រុក​សរុប ​(GDP)​។

នៅ​ ៤ ​ខែ​ដើម​ឆ្នាំ​​ ២០១៨ ​នេះ​កម្ពុជា​ទទួល​​បាន​ភ្ញៀវទេសចរ​ចិន ៦៤៧ ៣៥២ ​នាក់ កើនឡើង​ ៧៩,៤ ​ភាគរយ​។

កាលពី​ម្សិលមិញ​ដែរ​ សៀវភៅ​មួយ​ក្បាល​ដែល​កោតសរសើរ​ពី​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​របស់​ចិន​ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែល​មាន​កម្រាស់​ជិត​ ៣០០ ​ទំព័រ​ជា​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​ត្រូវ​បាន​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​។ សៀវភៅ​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​លោក សួស យ៉ារ៉ា តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក កឹមរ័ត្ន វិសិដ្ឋ ។

សៀវភៅ​ដែល​មាន​ ៧ ​​ជំពូក​នេះ​ត្រូវ​បាន​ចងក្រង​សម្រាប់​ឧទ្ទិស​ដល់​ខួប​អនុស្សាវីយ៍​លើក​ទី​ ៦០ នៃ​ការបង្កើត​ទំនាក់ទំនង កម្ពុជា-ចិន​។ ដូច​ចំណងជើង​បាន​លើក​ឡើង​ស្ទើរ​តែ​គ្មាន​ជំពូក​ណា​មួយ​នៃ​សៀវភៅ​នេះ បាន​និយាយ​អំពី​ផល​ប៉ះពាល់​នៃ​វិនិយោគ​ចិន​លើ​កម្ពុជា​ទេ​។

ចំពោះ​ទំនោរ​ទៅ​រក​ចិន​នេះ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ម្នាក់​យល់​ថា​ក្រៅពី​មាន​ផល​ល្អ​ដូច​លោក​នាយករដ្ឋមន្ត្រី​លើក​ឡើង​ក៏​នៅ​មាន​ផល​អវិជ្ជមាន​មួយ​ចំនួន​ដល់​កម្ពុជា​ដែរ​។

លោក​ថ្លែង​ថា​ ផលប៉ះពាល់​ទាំង​នោះ​រួមមាន​៖ «​លោក​នាយករដ្ឋមន្ត្រី​មាន​ជំហរ​ប្រឆាំង​នឹង​អាមេរិក​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​គោរព​សិទ្ធិមនុស្ស មិន​ប្រតិបត្តិ​តាម​នីតិរដ្ឋ​។ កម្ពុជា​សុខ​ចិត្ត​ធ្វើ​តាម​ចិន​ដោយ​គ្មាន​ចម្ងល់ ហើយ​ការធ្វើ​អាណានិគម​របស់​ចិន​លើ​កម្ពុជា ដោយ​ជន​អាណានិគម​ចិន ឬ​ពលរដ្ឋ​ចិន និង​ការ​បន្សាំ​ក្រុមហ៊ុន​ចិន​ដោយ​ការជួល​បុគ្គលិក​ និង​និយោជិត​ជនជាតិ​ចិន​»​។

ចំពោះ​កម្មករ​ចិន​ដែល​កំពុង​បំពេញ​ការងារ​នៅ​កម្ពុជា​លោក​មើល​ឃើញ​ថា មាន​កម្មករ​សំណង់​ជាតិចិន​ជាច្រើន​ដែល​មិនមែន​មាន​ជំនាញ​ចាំបាច់​។ លោក​បាន​សួរ​ថា​៖ «​តើ​អ្នក​ណា​ដឹង​ទៅ​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​ស្រុក​វិញ​ក្រោយ ពេល​បញ្ចប់​កិច្ចសន្យា​ការងារ​»៕