ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ជាតិ​ និង​អន្តរជាតិ សាកល​វិទ្យាល័យ សាលារៀន និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​ចាប់ផ្ដើម​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ដើម្បី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​។

យោងតាម​តារាង​កម្មវិធី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​សកម្មភាព​នានា​នឹងត្រូវ​រៀបចំ​ឡើង​នៅក្នុង​ខេត្ត​មួយចំនួន និង​នៅ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ២៥ វិច្ឆិកា ដល់​ថ្ងៃ​ ១០ ​ធ្នូ​។ សកម្មភាព​ទាំងនោះ​ធ្វើ​ឡើង​ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​អំពើហិង្សា​ពាក់ព័ន្ធ​នឹង​យេនឌ័រ និង​ហិង្សា​លើ​ក្មេងស្រី​ដោយ​រួមមាន​ការដើរ​ជា​ក្បួន និង​ស្រែក​ពាក្យស្លោក​នៅក្នុង​ភូមិ និង​នៅតាម​សាលា ការតាំងពិព័រណ៍​រូបថត ការតាំង​សមាធិ ការដាំ​ដើមឈើ ការសម្អាត​បរិស្ថាន និង​កម្មវិធី​កម្សាន្ត​សប្បាយ​ដោយ​បង្កប់​ការអប់រំ​។

យុទ្ធនាការ​នេះ​ក៏​មាន​ធ្វើឡើង​តាមរយៈ​ការផ្សព្វផ្សាយ​ពន្យល់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​តាម​វិទ្យុទូរទស្សន៍​ផងដែរ​។

លោក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា លោក​មិន​មាន​តួលេខ​ជាក់លាក់​ទៅលើ​អំពើ​ហិង្សា​លើ​ស្ត្រី​ដោយ​ផ្អែកលើ​យេនឌ័រ​ទេ ហើយ​ម្យ៉ាង​ទៀត​អំពើហិង្សា​ខ្លះ​លើ​ស្ត្រី​មិន​ត្រូវ​បាន​រាយការណ៍​ទេ​។

លោកស្រី​ រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​ការអភិវឌ្ឍ​ដើម្បី​កម្ពុជា បាន​ថ្លែង​ថា​លោកស្រី​ក៏​មិនមាន​តួលេខ​លើ​បញ្ហា​នេះដែរ ហើយ​ក៏​មិនអាច​ថា បញ្ហា​នេះ​កើនឡើង​ ឬ​ចុះ​ទេ ដោយសារ​តែ​មិនមាន​ការសិក្សា​លើ​បញ្ហា​នេះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ប៉ុន្តែ​លោកស្រី​សង្កេត​ឃើញ​មាន​ព័ត៌មាន​អំពី​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ជា​ញឹកញាប់​តាម​បណ្ដាញ​ព័ត៌មាន និង​បណ្ដាញ​សង្គម​។

លោកស្រី Sarah Knibbs តំណាង​អង្គការ UN Women នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រកឃើញ​ថា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​ នៅ​កម្ពុជា​ធ្លាប់​ទទួល​រង​ហិង្សា​ផ្លូវកាយ​ និង​ផ្លូវភេទ​ពី​សំណាក់​ដៃគូ​របស់​ខ្លួន ហើយ​ស្ទើរតែ​ពាក់កណ្ដាល​នៃ​ស្ត្រី​ដែល​រងគ្រោះ​មិនបាន​ប្រាប់​អ្នកដទៃ​អំពី​ការរំលោភបំពាន​លើ​ពួកគេ ឬក៏​មិនបាន​សុំ​ជំនួយ​ទេ​។

លោកស្រី​បន្តថា យោងតាម​ការស្រាវជ្រាវ​មួយ​ធ្វើឡើង​ជាមួយ​នឹង​បុរស​បាន​បង្ហាញថា បុរស​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​ ៥ ​នាក់​បាន​រាយការណ៍​ថា បាន​រំលោភ​ស្ត្រី​ម្នាក់ ហើយ​បុរស​ ៥ ​ភាគរយ​បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​រំលោភ​បូក​។

លោកស្រី Sarah បន្តថា បញ្ហ្រាប​ឈម​ដែល​ស្ត្រី​កម្ពុជា​កំពុង​ជួបប្រទះ​រួមមាន​ឥរិយាបថ​យោគយល់​ដល់​ទៅលើ​ការប្រព្រឹត្ត​ហិង្សា​លើ​ស្ត្រី និង​ការ​ជឿថា ហិង្សា​ផ្លូវកាយ គឺ​វា​ស័ក្តិសម​ជា​ការផ្តន្ទាទោស​។

លោកស្រី​បន្តថា ការទទួល​បាន​យុត្តិធម៌​ក៏​នៅ​មាន​កម្រិត ហើយ​ការសម្របសម្រួល​ក្រៅផ្លូវការ​ដែល​ធ្វើឡើង​នៅ​តាម​សហគមន៍​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ដោយសារ​តែ​អ្នក​ប្រព្រឹត្ត​មិនត្រូវ​បាន​ដាក់​ឲ្យ​ទទួល​ខុសត្រូវ​។

ក្រុមយុវជន​ និង​យុវនារី​ប្រមូល​ផ្ដុំគ្នា​រៀបចំ​យុទ្ធនា​ការបញ្ឈប់​ហិង្សា​លើ​ស្ត្រី​ និង​ក្មេងស្រី​។ រូបថត សហការី

លោកស្រី រស់ សុភាព បាន​ថ្លែងថា ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ ធនធាន​យ៉ាង​ច្រើន​ត្រូវបាន​ចំណាយ​ទៅលើ​ការប្រឆាំង​នឹង​ហិង្សា​លើ​ស្ត្រី​នៅ​កម្ពុជា ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​កើត​មាន​ឡើង​ដោយសារ​តែ​អំណាច​មិន​ស្មើគ្នា​រវាង​បុរស​ និង​ស្ត្រី ជាពិសេស​នៅក្នុង​គ្រួសារ​។ អំពើហិង្សា​ភាគច្រើន​ប្រព្រឹត្ត​ដោយ​បុរស ខណៈ​ដែល​ហិង្សា​ប្រព្រឹត្ត​ដោយ​ស្ត្រី​មាន​តិច​ជាង​ ១ ​ភាគរយ ហើយ​ធ្វើ​ឡើង​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​ថា​ច្បាប់​ដែល​ធ្វើឡើង​ដើម្បី​ការពារ​ស្ត្រី​ និង​ប្រឆាំងនឹង​ហិង្សា​ផ្នែក​យេនឌ័រ គឺ​មិន​គ្រប់គ្រាន់​ហើយ​ខ្សោយ​។ និយមន័យ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​មិនបាន​ដាក់​បញ្ជូល​ចំណុច​ខ្លះ​ដែល​ស្ត្រី​ជួប​ប្រទះ​ហិង្សា​។

លោកស្រី ចក់ សុភាព ថ្លែង​ថា​៖ «​ពលរដ្ឋ​កម្ពុជា​មិន​ទទួល​ស្គាល់​ថា ហិង្សា​ផ្នែក​យេនឌ័រ​ជា​អំពើ​ខុសឆ្គង​ទេ ប្រសិន​បើ​ហិង្សា​នោះ​មិន​ធ្វើឲ្យ​មាន​របួស​ផ្លូវកាយ​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​ស្លាប់ ឬក៏​អ្នកប្រព្រឹត្ត​បាន​រំលោភបំពាន​មាត្រា​ជាក់លាក់​ណាមួយ​ក្នុង​ក្រមព្រហ្មទណ្ឌ​។ ដូច្នេះ​ហើយ​វា​មិនមាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ករណី​ហិង្សា​ជាច្រើន​មិន​ត្រូវបាន​រាយការណ៍​»​។

លោកស្រី​បន្តថា​៖ «​បើទោះ​ជា​ករណី​ទាំងនោះ​ត្រូវបាន​រាយការណ៍​ក៏ដោយ មាន​តិចតួច​ប៉ុណ្ណោះ​ដែល​ឈាន​ដល់​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​មាន​តិចតួច​ត្រូវបាន​ផ្តន្ទាទោស​។

លោកស្រី ចក់ សុភាព និយាយ​ថា​បន្ថែម​លើ​បញ្ហា​ប្រឈម​ផ្លូវច្បាប់ ស្ត្រី​ជា​ជនរងគ្រោះ​ប្រឈម​នឹង​សេវា​ព្យាបាល​ដែល​មិន​យល់ដឹង​ពី​ភាពចាំបាច់​ក្នុងការ​ព្យាបាល​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ហិង្សា​ផ្នែក​យេនឌ័រ​។

ទាំង​លោកស្រី ចក់ សុភាព និង​លោកស្រី រស់ សុភាព បានលើក​ឡើង​ដូចគ្នា​ថា រដ្ឋាភិបាល​គួរ​បន្ថែម​ថវិកា​ក្នុង​ខ្ទង់ចំណាយ​ថ្នាក់ជាតិ​ទៅលើ​សេវា​សុខភាព ផ្លូវច្បាប់ ផ្លូវចិត្ត និង​សេដ្ឋកិច្ច ដោយ​ឥតគិតថ្លៃ​សម្រាប់​ជនរងគ្រោះ​ស្ត្រី​ទាំងអស់​។

លោកស្រី រស់ សុភាព បញ្ជាក់​ថា​រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ប៉ុន្តែ​ការងារ​នេះ​ត្រូវការ​រយៈពេល​វែង ដើម្បី​ឲ្យ​មនុស្ស​មាន​ការយល់ដឹង​ពី​អំពី​ហិង្សា​ផ្នែក​យេនឌ័រ​លើ​ស្ត្រី​។ ហិង្សា​លើ​ស្ត្រី ធ្វើឲ្យ​រារាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ សហគមន៍​ និង​ប្រទេសជាតិ​។

លោកស្រី Sarah និយាយ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្ដល់សេវា​សុខភាព​ និង​ផ្លូវច្បាប់​ដល់​ស្ត្រី​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ផែនការ​សកម្មភាព​ថ្នាក់ជាតិ​ដើម្បី​ប្រឆាំង​នឹង​ហិង្សា​លើ​ស្ត្រី ដែល​ការងារ​នេះ​ដឹកនាំ​ដោយ​ក្រសួង​កិច្ចការនារី​។

លោកស្រី​ថ្លែងថា​៖ «​ក្នុង​រយៈពេល​វែង បើ​យើង​ចង់​ទប់ស្កាត់​ហិង្សា​ផ្នែក​យេនឌ័រ យុទ្ធសាស្ត្រ​ដែល​សំខាន់​គឺ​ប្ដូរ​ឥរិយាបថ​របស់​មនុស្ស​ជាមុនសិន​»​។

លោកស្រី ស ស៊ីណែត អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់​នៃ​ក្រសួង​កិច្ចការនារី​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ដើម្បី​ទប់ស្កាត់​ហិង្សា​លើ​ស្ត្រី​ក្រសួង​កិច្ចការនារី​មាន​យុទ្ធសាស្ត្រ​ជាច្រើន​រួមមាន ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​។

លោកស្រី ស៊ីណែត បាន​ថ្លែងថា​៖ «​ក្រសួង​មាន​យន្តការ​ដូចជា​មាន​ក្រុមការងារ​ឆ្លើយតប​អំពើហិង្សា​លើ​ស្ត្រី​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ និង​មាន​ការបណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​ដល់​អ្នក​ផ្តល់​សេវា​អំពី​ការយល់ដឹង​ផលប៉ះពាល់​នៃ​អំពើហិង្សា និង​ច្បាប់​ពាក់ព័ន្ធ​ផ្តល់​សេវា និង​សម្របសម្រួប​បញ្ជូន​ជនរងគ្រោះ​ទៅរក​សេវា​ពាក់ព័ន្ធ​។ លើសពីនេះ​ក៏មាន​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​អំពើហិង្សា និង​របៀប​ស្វែងរក​ជំនួយ​ដល់​សហគមន៍​តាមរយៈ​ផ្ទាល់ និង​ប្រព័ន្ធ​ព័ត៌មាន​»៕