ភ្នំពេញៈ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងធ្វើសេចក្តីព្រាងគោលនយោបាយស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជនក្នុងការលើកកម្ពស់សុខភាពសាធារណៈសោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ី។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៤ ខែមករាបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងក្នុងការពិនិត្យ និងពិភាក្សាអំពី «សេចក្តីព្រាងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ២០១៩-២០២៨ និងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកែសម្រួលមាត្រា ៤ មាត្រា ៨ និងមាត្រា ១០ នៃអនុក្រឹត្យលេខ ២៣៨ ចុះថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ស្តីពីការបង្កើតមូលនិធិបរិស្ថាន និងសង្គម» ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងគោលនយោបាយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើកាលពីថ្ងៃទី ១៤ ខែមករា បញ្ជាក់ថា៖ «ការដាក់ចេញនូវគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននេះគឺជាកិច្ចការបន្ទាន់ និងប្រកបដោយសារវន្តក្នុងការដោះស្រាយនូវបញ្ហាប្រឈមនាពេលបច្ចុប្បន្នក៏ដូចជាពេលអនាគតដើម្បីលើកកម្ពស់សុខភាពសាធារណៈ សោភណភាពទីប្រជុំជន និងការពារប្រព័ន្ធអេកូឡូស៊ីដែលជាឧត្តមប្រយោជន៍ជាតិ»។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ជាកិច្ចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋការគាំពារនូវគុណភាពទឹក ដី ខ្យល់ពីការបំពុលគឺត្រូវដើរទន្ទឹមគ្នានឹងកិច្ចការអភិវឌ្ឍន៍នានាដែលក្នុងនោះការទប់ស្កាត់ការបំពុលពីសំរាម សំណល់ទីប្រជុំជនជាកិច្ចការចម្បងមួយក្នុងកិច្ចការចម្បងធំៗដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្ដទុកដាក់ និងដោះស្រាយជាបន្ទាន់ និងជានិរន្តរ៍។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា៖ «ការពង្រឹងកិច្ចការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនគឺត្រូវផ្តោតការយកចិត្ដទុកដាក់ខ្ពស់ចាប់តាំងពីចំណុចបង្កើតសំរាម សំណល់រឹងរហូតដល់ការច្នៃសំរាម សំណល់រឹងនេះដោយត្រូវស្ថិតនៅក្រោមក្របខ័ណ្ឌគោលនយោបាយ ផែនការសកម្មភាព និងវិធានការអនុវត្ដជាក់លាក់ច្បាស់លាស់ និងម៉ឺងម៉ាត់»។
បើតាមគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «សេចក្តីព្រាងគោលនយោបាយ» នេះនឹងត្រូវបានគាំទ្រ និងអនុវត្តតាមការកំណត់ក្របខ័ណ្ឌយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដូចជាកំណត់ក្របខ័ណ្ឌលិខិតបទដ្ឋានគតិយុត្ត ក្របខណ្ឌការងារ និងការទទួលខុសត្រូវរបស់ក្រសួងស្ថាប័ន អង្គភាព និងអ្នកពាក់ព័ន្ធនានាលើការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ រៀបចំឱ្យមានយន្តការ និងវិធានការ បច្ចេកទេស បច្ចេកវិទ្យា និងធនធាន សម្រាប់ការគ្រប់គ្រង និងគាំទ្រលើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។
ជំរុញ និងលើកទឹកចិត្តការអនុវត្តមុខងារគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ បង្កើតឱកាសវិនិយោគដល់វិស័យឯកជនលើការផ្តល់សេវាគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ លើកកម្ពស់ការចូលរួមគាំទ្រពីសាធារណជន វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងការអនុវត្ដកាតព្វកិច្ចគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រកបដោយសុវត្ថិភាពបរិស្ថាន និងលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងជំរុញឱ្យមានការចូលរួមពីសាធារណជន។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងកាលពីម្សិលមិញថា លោកមិនមានអត្ថាធិប្បាយបន្ថែមទៅលើសេចក្តីព្រាងគោលនយោបាយស្តីពី «ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០១៩-២០២៨» នេះទេ៕