ភ្នំពេញៈ ក្រុមប្រឹក្សាធម្មនុញ្ញកាលពីម្សិលមិញបានត្រួតពិនិត្យ និងបានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មមាត្រាចំនួន ១០ នៃច្បាប់ស្ដីពីសហជីព ខណៈសង្គមស៊ីវិលជាតិ និងអន្តរជាតិយល់ថា ច្បាប់សហជីពនៅតែមានការរឹតត្បិតលើសហជីព។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទច្បាប់ស្ដីពីវិសោធនកម្មមាត្រា ៣,១៧, ២០,២១, ២៧,២៨, ២៩,៥៤, ៥៥, និង ៥៩ នៃច្បាប់ស្ដីពីសហជីពដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី ១៧ ខែសភា ឆ្នាំ ២០១៦»។ ច្បាប់នេះត្រូវបានរដ្ឋសភាអនុម័តកាលពីចុងខែវិច្ឆិកា ហើយត្រូវបានព្រឹទ្ធសភាអនុម័តកាលពីថ្ងៃចន្ទសប្ដាហ៍មុនដោយគ្មានការកែប្រែ។
កាលពីខែវិច្ឆិកា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅរដ្ឋសភាថាការធ្វើវិសោធនកម្មនេះ ធ្វើឡើងតាមសំណើរបស់សហជីព និងភាគីពាក់ព័ន្ធ។
លោកថ្លែងនៅពេលនោះថា៖ «វាមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តទេ ប៉ុន្តែយ៉ាងហោចណាស់ច្បាប់នេះប្រសើរជាងមុន»។ លោកបន្តថា មាត្រាថ្មីដែលត្រូវបានធ្វើវិសោធនកម្មធ្វើឲ្យមានភាពងាយស្រួលក្នុងការចុះបញ្ជីសហជីពគឺបានកាត់បន្ថយនូវលក្ខខណ្ឌខ្លះ ដូចជាមិនតម្រូវឲ្យសហជីពផ្ញើរបាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុទៅកាន់ក្រសួងការងារ។ លើសពីនេះ ក៏ធ្វើឲ្យមានភាពងាយស្រួលក្នុងការរំលាយសហជីពក្នុងករណីដែលក្រុមហ៊ុនសហគ្រាសបិទទ្វារ និងបានបើកប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករចប់សព្វគ្រប់។
ប៉ុន្តែ ១ ថ្ងៃមុនការសម្រេចរបស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណជិត ៤០ បានសរសេរលិខិតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយជំរុញឲ្យលោកពិនិត្យម្ដងទៀតលើមាត្រាពាក់ព័ន្ធ និងអនុសាសន៍ធ្វើឡើងដោយសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស និងអង្គការពលកម្មអន្តរជាតិ។
លិខិតរបស់អង្គការសង្គមស៊ីវិលសរសេរថា៖ «ការធ្វើដូច្នេះរដ្ឋាភិបាលកម្ពុជាអាចធានាបានថា ការកែប្រែច្បាប់សហជីពនឹងអាចអនុលោមតាមកាតព្វកិច្ចដែលមានចែងក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងអនុសញ្ញាការងារអន្តរជាតិ»។
ក្រុមអង្គការសង្គមស៊ីវិលដដែលលើកឡើងថាមាត្រា ៣ ដែលត្រូវបានធ្វើវិសោធនកម្មនោះ មិនគ្របដណ្ដប់លើកម្មករដែលធ្វើការក្នុងវិស័យក្រៅប្រព័ន្ធ លោកគ្រូអ្នកគ្រូ និងមន្ត្រីរាជការ។ ការមិនបញ្ចូលពួកគេក្នុងច្បាប់នេះធ្វើឲ្យពួកកម្មករដែលធ្វើការក្នុងធុរកិច្ចមានគ្នាតិចជាង ១០ នាក់មិនអាចបង្កើតសហជីពបាន។
ក្រុមសង្គមស៊ីវិលបញ្ជាក់ថា មាត្រា ១៧ ដែលត្រូវបានធ្វើវិសោធនកម្មនៅតែរឹតត្បិតសិទ្ធិសហជីពក្នុងការសម្រេចកិច្ចការផ្ទៃក្នុងរបស់ពួកគេ ដោយសារតែមានការបញ្ចូលយន្តការធ្វើសវនកម្មដែលអាចធ្វើឡើងតាមការស្នើសុំពីសំណាក់សមាជិកសហជីព ១០ ភាគរយ ឬតាមរយៈការស្នើសុំរបស់ម្ចាស់ជំនួយសហជីព។
ក្រុមអង្គការដដែលបាននិយាយថា មាត្រាខ្លះដែលពួកគេចង់ឲ្យមានការធ្វើវិសោធនកម្មមានដូចជាមាត្រា ៥, ១២, និង ១៨ មិនត្រូវបានធ្វើវិសោធនកម្មឡើយ។ ទន្ទឹមនឹងនេះមាត្រា ២០, ២១ និងមាត្រា ៣៨ ដែលត្រូវបានធ្វើវិសោធនកម្មនៅតែរឹតត្បិតសិទ្ធិសហជីពក្នុងការជ្រើសរើសអ្នកតំណាងដោយសេរី។
លិខិតដដែលបានអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់បទចោទប្រកាន់លើមេដឹកនាំសហជីព កម្មករ និងអ្នកតស៊ូមតិសិទ្ធិការងារ និងអំពាវនាវឲ្យបញ្ឈប់គ្រប់ទម្រង់នៃការបៀតបៀនលើពួកគេ។
ពួកគេស្នើសុំឲ្យរដ្ឋាភិបាលបង្កើតនូវការពិភាក្សាសាជាថ្មី «ដោយមានការចូលរួម ត្រឹមត្រូវ និងតម្លាភាព» ទៅលើច្បាប់នេះនៅខែមករា ឆ្នាំ ២០២០ ខាងមុខ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍៕