ភ្នំពេញៈ មន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ​បាន​ចុះ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ និង​បន្ទាយមានជ័យ​សរុប​ចំនួន ១ ១៥៦ ​ការដ្ឋាន​ ក្នុង​នោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែល​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន​ ២៧ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​តាម​នីតិវិធី​ច្បាប់​ចំនួន ៦៣៦ ​ការដ្ឋាន​។

តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញ​ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​ ២០១៩ ដែល​ធ្វើឡើង​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា ក្រុមការងារ​ដោះស្រាយ​វិវាទ​ពាក់ព័ន្ធ​ការងារ​សាងសង់ និង​ផ្អាក​ការដ្ឋាន​បាន​ទទួល​ពាក្យបណ្ដឹង​ទាក់ទង​នឹង​វិវាទ​ការងារ​សាងសង់​សរុប​ចំនួន​ ២៤ ​ករណី​។ ក្នុង​នោះ​ដោះស្រាយ​បញ្ចប់​ ១ ​ករណី បញ្ជូន​ទៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ក្រុង​ចំនួន​ ៣ ​ករណី​បញ្ជូន​ទៅ​រដ្ឋបាល​រាជធានី ខេត្ត​ចំនួន​ ៤ ​ករណី​ បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​សុរិយោដី​ចំនួន​ ១ ​ករណី​ កំពុង​បន្ត​ដោះស្រាយ​ចំនួន ១៤ ​ករណី និង​បាន​ផ្អាក​ការដ្ឋាន​ចំនួន ១ ​ករណី​។

របាយការណ៍​បន្តថា ក្រុមការងារ​ត្រួតពិនិត្យ​ការដ្ឋាន​បាន​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ដើម្បី​ផ្ដល់​លិខិតអនុញ្ញាត​បើក​ការដ្ឋាន​សាងសង់ លិខិត​បិទ​ការដ្ឋាន​សំណង់ លិខិតអនុញ្ញាត​ជួសជុល និង​សម្របសម្រួល​វិវាទ​សំណង់​ចំនួន ៣៣០ ​ការដ្ឋាន​។ ក្រុម​ការងារ​បាន​ធ្វើការ​អប់រំ និង​ពន្យល់​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់ កម្មករ និង​អ្នកពាក់ព័ន្ធ​បាន​ចំនួន ៧ ៦២៥ ​រូប​។

របាយការណ៍​បញ្ជាក់ថា៖ «​ក្រុមការងារ​ក្រសួង​បាន​ចូលរួម​ជាមួយ​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន ៥៧០ ការដ្ឋាន​។ ក្នុងនោះ​តម្រូវ​ឲ្យ​រុះរើ​សំណង់​ដែលមាន​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​ចំនួន ២៣ ​ការដ្ឋាន ណែនាំ​ឲ្យ​ធ្វើ​កោសល្យវិច័យ ១៦៦ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​នីតិវិធី​ ៣៨១ ​ការដ្ឋាន​។ រីឯ​ការត្រួតពិនិត្យ​ស្ថានភាព​ការដ្ឋាន​សំណង់​នៅ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​ ៥៨៦ ​ការដ្ឋាន សំណង់​ដែល​បានកែតម្រូវ​ ២ ​ការដ្ឋាន​ ផ្អាក​ការដ្ឋាន​​ ៤ ​ការដ្ឋាន និង​ណែនាំ​ឲ្យ​បំពេញ​នីតិវិធី​ចំនួន ៤៧០ ​ការដ្ឋាន​»​។

លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​អាន​របាយការណ៍​សម្រាប់​ឆ្នាំ​ ២០២០ ថា ក្រុមការងារ​នឹង​បន្ត​ចុះ​ពិនិត្យ​ការងាររដ្ឋបាល ការផ្តល់​សេវាសាធារណៈ ការងារ​បច្ចេកទេស​សុរិយោដី និង​បន្ត​ស្រាវជ្រាវ​បណ្ដឹង​ពាក់ព័ន្ធ​ការងាររដ្ឋបាល​។

លោក​បន្តថា ក្រុមការងារ​នឹង​បន្ត​ការផ្តល់​សេវាសាធារណៈ និង​ការងារ​បច្ចេកទេស​សុរិយោ​ដី ព្រមទាំង​វិវាទ​ដីធ្លី​ផ្សេងៗ​ទៀត​។ ក្រុមការងារ​នឹង​បន្ត​តាមដាន​អំពី​ការអនុវត្ត​ច្បាប់ គោលការណ៍​ណែនាំ និង​នីតិវិធី​លើ​ការងាររដ្ឋបាល និង​ការងារ​បច្ចេកទេស​សុរិយោដី​នៅ​តាម​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត និង​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ក្រុង ស្រុក ខណ្ឌ​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែងថា ក្រសួង​បាន​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​សំណង់​ចេញ​គោលការណ៍​ណែនាំ និង​ដាក់​ឲ្យ​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ​ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​ខ្ពស់​ក៏ដូចជា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បន្តថា ការងារ​លំនៅឋាន​ក្រសួង​បាន​ជំរុញ​ឲ្យ​ប្រជាជន​មាន​លំនៅឋាន​សមរម្យ​អាច​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព សុវត្ថិភាព និង​សេចក្ដីថ្លៃថ្នូរ​។ ជាពិសេស​ពលរដ្ឋ​មាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ពលរដ្ឋ​ងាយ​រងគ្រោះ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ផ្ដល់​សម្បទាន​ដី​សង្គមកិច្ច​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​បានផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​បាន​ពង្រឹង​ការប្រមូលផ្ដុំ​កម្លាំង​មន្ត្រីជំនាញ​ឲ្យ​ក្លាយជា​ធនធាន​ដ៏សំខាន់​សម្រាប់​អនុវត្ត​ភារកិច្ច និង​សមត្ថកិច្ច​របស់​ក្រសួង និង​ការខិតខំ​អនុវត្ត​ការផ្ដល់សេវា​តាម​បរិបទ​ដែល​បានកំណត់​»​។

លោក សួ ឆ្លូញ មន្ត្រី​ទំនាក់ទំនង​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល បន្ទាប់ពី​មាន​ករណី​បាក់​រលំ​អគារ​ ១ ​នៅ​ខេត្ត​ព្រះសីហនុ​។ ប៉ុន្ដែ​លោក​ថា​នៅ​មាន​ចំណុច​ខ្វះខាត​ជាច្រើន​ទៀត ដូចជា គុណភាព​សំណង់​នៅ​មាន​កម្រិត​។

លោក​ថា​៖ «​រាល់​សំណង់​ទាំងអស់ មិនគួរ​ធ្វើឲ្យ​តែ​រួចៗ​ពី​ដៃ​បានទេ គឺ​យើង​ត្រូវ​តែ​គិត​លើ​បញ្ហា​ធំ​ ២ បើ​សំណង់​នោះ​គ្មាន​គុណភាព​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​សាងសង់​។ បញ្ហា​មួយទៀត ប្រសិន​បើ​អគារ​នោះ​សាងសង់​រួចរាល់ តែ​គ្មាន​គុណភាព​គឺ​វា​បង្ក​គ្រោះថ្នាក់​ដល់​អ្នករស់នៅ​៕