ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីម្សិលមិញបានប្រាប់ឲ្យមន្ត្រីមន្ទីររៀបចំដែនដីតាមខេត្ត-ក្រុងចុះវាស់វែងដីធ្លីជូនពលរដ្ឋដោយប្រើឆន្ទៈត្រឹមត្រូវ មិនលម្អៀង និងមិនកេងប្រវ័ញ្ចចង់ចំណេញពីពលរដ្ឋ ខណៈទើបទទួលបានឧបករណ៍ទំនើបដែលវាស់វែងតាមប្រព័ន្ធផ្កាយរណប។
ការលើកឡើងនេះបានធ្វើឡើងក្នុងកម្មវិធីបិទវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវាស់វែងតាមប្រព័ន្ធផ្កាយរណបរយៈពេល ១ ថ្ងៃកន្លះនៅទីស្ដីការក្រសួងដោយមានការចូលរួមពីសិក្ខាកាមប្រមាណ ៤០០ នាក់ក្នុងនោះមានមន្ត្រីទទួលបន្ទុកវាស់វែងដីចំនួន ១៨៣ នាក់ និងមន្ត្រីបចេ្ចកទេសពីអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ២៥ នាក់ដើម្បីផ្ដល់ចំណេះដឹងបន្ថែមលើការងារវាស់វែងដោយប្រើឧបករណ៍ទំនើបបែបប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។
លោក ជា សុផារ៉ា បានថ្លែងថាក្រោយពីស្រាវជ្រាវរហូតមកដល់បច្ចេកវិទ្យាចុងក្រោយនេះ មន្ត្រីដែលមានភារកិច្ចចុះវាស់វែងដីធ្លីជូនពលរដ្ឋត្រូវប្រើប្រាស់ម៉ាស៊ីនដ៏ទំនើបនេះដោយប្រើឆន្ទៈមិនលម្អៀង តម្លាភាព ត្រឹមត្រូវយុត្តិធម៌ និងមិនកេងប្រវ័ញ្ចចង់ចំណេញពីពលរដ្ឋ។
លោកបន្តថាក្នុង ១ ខណ្ឌ ឬ ១ ស្រុក ដាច់ខាតត្រូវតែគូសក្បាលដី ហើយបញ្ចូលប្រព័ន្ធទិន្នន័យដោយគូសទៅជាតំបន់សម្រាប់មានមូលដ្ឋានប្រកាសតំបន់វិនិច្ឆ័យ។ នេះមិនមែនជាការពិបាកពេកទេ ដោយសារទីតាំងនោះត្រូវដកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សាធារណៈចេញនៅពេលបានជាគំនូសប្លង់ព្រាងនេះហើយត្រូវរាយការណ៍ជូនប្រធានមន្ទីររួចប្រធានមន្ទីរត្រូវសម្របសម្រួលជាមួយមន្ទីរសាធារណការ មន្ទីរអភិវឌ្ឍន៍ជនបទដើម្បីផ្ទៀងផ្ទាត់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានក្នុងមូលដ្ឋានគោលដៅនៃការប្រកាសតំបន់វិនិច្ឆ័យ។
លោក ជា សុផារ៉ា បញ្ជាក់ថា៖ «យើងបានឧបករណ៍ទំនើបប្រើ ដើម្បីធ្វើឲ្យការងាររបស់យើងទំនើប បើឧបករណ៍ទំនើប ទាល់តែយើងមានឆន្ទៈជួនកាលឧបករណ៍ហ្នឹងគឺវាតាមតែមនុស្សចុចដាក់កន្លែងនេះ កន្លែងនោះទេ។ បើមនុស្សចង់យ៉ាងណាវាទៅជាយ៉ាងហ្នឹងហើយ ! ឧទាហរណ៍ថាទៅវាស់ដីពលរដ្ឋ ១០ ហិកតាទុកឲ្យសល់កន្លះហិកតាសម្រាប់ចែកគ្នា អាហ្នឹងវាអត់ទំនើបស្អីទេ។ ខ្ញុំដឹងថាអស់លោកដឹងហើយ ប៉ុន្ដែមិនហ៊ានទទួលស្គាល់ការពិត ហើយបើខ្ញុំមិននិយាយការពិតទៀត ខ្លាចឧបករណ៍ទំនើបយកទៅវាស់ទៅ វាលម្អៀង ហើយលម្អៀងនេះគឺលម្អៀងពីមនុស្ស ឯឧបករណ៍វាមិនលម្អៀងទេ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានយល់ឃើញថា ការលើកឡើងនេះគឺជាករណីចាស់ៗ ហើយគ្រាន់តែជាការក្រើនរំឭកដល់មន្ត្រីមួយចំនួនកុំឲ្យភ្លេចមេរៀន និងបណ្ដាំមួយចំនួន។
លោកបន្តថាអ្វីដែលគេកំពុងចាប់អារម្មណ៍ខ្លាំងពេលនេះគឺក្រសួងដែនដីត្រូវដោះស្រាយបញ្ហាចម្បងៗដូចជា ទំនាស់ដីធ្លីរ៉ាំរ៉ៃកំពុងជាប់គាំងរវាងពលរដ្ឋមានដីតែគ្មានអំណាច ទាស់ជាមួយអ្នកមានអំណាច ឬអ្នកមានលុយ។ ក្រសួងត្រូវចាត់វិធានការប្រឆាំងជនណាមានអំណាច ឬមានលុយដែលកំពុងបំពានដីរដ្ឋរួមមាន ការរំលោភយកឆ្នេរសមុទ្រ បឹងធម្មជាតិ ព្រែក អូរ និងតំបន់អភិរក្ស ជាដើម។
លោក សន ជ័យ បញ្ជាក់ថា៖ «អ្វីដែលខ្ញុំលើកឡើងនេះគឺគេកំពុងចាប់អារម្មណ៍ ហើយរឿងវាស់វែងដីយកលុយពីពលរដ្ឋនេះ ជារឿងធម្មតាទេ។ រឿងដែលឯកឧត្តមរំឭកក៏វាល្អម្យ៉ាងដែរ ប៉ុន្ដែក្រសួងត្រូវដោះស្រាយរឿងចាំបាច់ដូចជា អ្នកធំរំលោភដី អ្នកតូច និងមន្ត្រីប្រព្រឹត្តពុករលួយជាទ្រង់ទ្រាយធំ»។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុកាលពីម្សិលមិញ បដិសេធការធ្វើអត្ថាធិប្បាយជុំវិញករណីនេះ។
តាមរបាយការណ៍បូកសរុបវគ្គបណ្ដុះបណ្ដាលបានឱ្យដឹងថាការរៀបចំនេះក្នុងគោលដៅផ្ដល់ចំណេះដឹងបន្ថែមដល់មន្ត្រីដោយប្រើឧបករណ៍បែបប្រព័ន្ធផ្កាយរណប GNSS (Global Navigation Satellite System)។ ឧបករណ៍ដែលយកមកបណ្ដុះបណ្ដាលនេះមានម៉ាក SINO-GNSS-G300-PLUS ជាឧបករណ៍វាស់វែងកំណត់និយាមការនៃចំណុចនៅលើផែនទីយ៉ាងសុក្រឹត។ ឧបករណ៍នេះអាចចាប់យកទិន្នន័យពីផ្កាយរណបអាមេរិក GPS រុស្សី GLONASS ចិន BeiDOU អឺរ៉ុប GALILEO។
ការជំរុញការងារនេះគឺក្នុងគោលដៅចាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ ឬយ៉ាងយូរដល់ឆ្នាំ ២០២១ ត្រូវចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឱ្យបានចប់លើ ៧ លានក្បាលដីដោយបច្ចុប្បន្នក្រសួងរៀបចំដែនដីសម្រេចគោលដៅនេះ ៦៨ ភាគរយហើយ៕