ត្បូងឃ្មុំ/ស្វាយរៀងៈ ពលរដ្ឋមានជម្លោះដី្លធីជាង ៥០ នាក់ មកពីខេត្តចំនួន ២ គឺខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងកាលពីម្សិលមិញបាននាំគ្នាមកដាក់ញត្តិនៅក្រសួងយុត្តិធម៌ ក្រសួងកសិកម្ម និងក្រសួងមហាផ្ទៃដើម្បីស្នើឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេដែលបន្តអូសបន្លាយជាយូរឆ្នាំ ខណៈអ្នកខ្លះកំពុងត្រូវបានចាប់ខ្លួន និងជាប់បណ្តឹងនៅតុលាការ។
អ្នកស្រី ខៀវ សារ៉ុន តំណាងពលរដ្ឋមកពីខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ការប្រមូលផ្តុំគ្នានៅមុខក្រសួងទាំងនេះគឺដើម្បីដាក់ញត្តិសុំអន្តរាគមន៍រឿងដីធ្លី ដោយសារលែងមានជំនឿលើមន្ត្រីថ្នាក់ក្រោម និងបានសង្ឃឹមថា ស្ថាប័នទាំងនេះ អាចជួយបាន។
លោកស្រីថា៖ «ការដែលយើងរួមគ្នាដាក់ញត្តិនៅពេលនេះព្រោះតែពួកយើងមានបញ្ហាដីធ្លីដូចគ្នា ហើយនៅខេត្តត្បូងឃុំតំណាងសហគមន៍ពួកគាត់ ឈានដល់ការចាប់ឃុំឃាំងនៅពន្ធនាគារ។ ពួកយើងមកនេះ គឺដើម្បីស្វែងរកឲ្យមានភាពយុត្តិធម៌សម្រាប់ខ្លួនឯង»។
លោក សែម ចំណាន តំណាងសហគមន៍ខេត្តត្បូងឃ្មុំបានប្រាប់ភ្នំពេញប៉ុស្តិ៍ដែរថា ពលរដ្ឋកំពុងតែបារម្ភ ខណៈឈ្មោះរបស់ពួកគេត្រូវបានអាជ្ញាធរកោះហៅជាបន្តបន្ទាប់ និងជាប់ក្នុងការចោទប្រកាន់ពីតុលាការទាំងបញ្ហាដីធ្លីខ្លះនៅមិនទាន់ទទួលបានដំណោះស្រាយនោះ។
លោកថា៖ «យើងស្នើសុំឲ្យជួយស្វែងរកយុត្តិធម៌ និងជួយដោះស្រាយបញ្ហាដែលអាជ្ញាធរចាប់តំណាងរបស់ពួកយើងដាក់គុក ព្រោះការចាប់ខ្លួននេះមិនមានកំហុសនោះទេ...»។
លោក ចំណាន បានអះអាងដែរថា ការដែលពួកគាត់ទៅក្រសួងកសិកម្មនាពេលនេះគឺដើម្បីតាមដានញត្តិដែលពួកគាត់ធ្លាប់បានដាក់កាលពីខែធ្នូឆ្នាំមុន និងដាក់ញត្តិថ្មីបន្ថែមឲ្យក្រសួងជួយដោះស្រាយផង។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងពីម្សិលមិញថា ជាទូទៅចំណាត់ការរបស់តុលាការ ក្រសួងមិនអាចលូកដៃអន្តរាគមន៍បានទេ។
ប៉ុន្តែចំពោះសំណើជុំវិញបញ្ហាដីធ្លីនេះលោកនឹងបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធ ឬថ្នាក់ខេត្ត ដើម្បីធ្វើការដោះស្រាយ ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងបញ្ហាដីធ្លីដែលជាប់បណ្តឹងក្តីក្តាំនៅតុលាការគឺជាសមត្ថកិច្ចរបស់តុលាការដែលក្រសួងក៏មិនអាចបង្គាប់បញ្ជាបានដែរ។ ប៉ុន្តែចំពោះញត្តិនេះក្រសួងនឹងបញ្ជូនទៅខាងតុលាការដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ដែលមានជាធរមាន»។
តាមតំណាងពលរដ្ឋទាំង ២ ខេត្តនេះបានឲ្យដឹងថា ជម្លោះដីធ្លីនៅខេត្តស្វាយរៀងគឺបានកើតឡើងតាំងពីឆ្នាំ ២០១០ ជាមួយនឹងក្រុមហ៊ុនចិនដែលប៉ះពាល់ពលរដ្ឋ ៤៤០ គ្រួសារ លើផ្ទៃដីជាង ៦០០ ហិកតា។ ចំណែកជម្លោះដីធ្លីនៅខេត្តត្បូងឃ្មុំវិញគឺបានកើតឡើងតាំងពីឆ្នាំ ២០១១ លើផ្ទៃដីជាង ១ ០០០ ហិកតា ជាមួយក្រុមហ៊ុនចិន និងអ្នកមានអំណាចដែលប៉ះពាល់ពលរដ្ឋក្នុងសហគមន៍ចំនួន ៣ គឺសហគមន៍ស្រែប្រាំង សហគមន៍បុស្សស្នោ និងសហគមន៍ត្រពាំងព្រីងស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
លោក ចាន់ ហេង នាយករងខុទ្ទកាល័យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ពីម្សិលមិញថា កន្លងទៅក្រសួងរៀបចំដែនដីធ្លាប់បានប្រកាសហើយថា ករណីរបស់ពលរដ្ឋទាំងនេះគឺបានដោះស្រាយបញ្ចប់ហើយ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ក្រសួងនៅតែទទួលញត្តិដោយតម្រូវឲ្យពួកគាត់កែតម្រូវញត្តិទាំងនេះឲ្យបានត្រឹមត្រូវ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ និងបញ្ចូនសំណើទាំងនេះទៅអាជ្ញាធរដែនដីធ្វើការពិនិត្យបន្ត។
លោកបញ្ជាក់ថា៖ «ក្រសួងដែនដីគេបានចេញសេចក្តីប្រកាសព័ត៌មានថា រឿងនេះ គ្រាន់តែបង្កចលនាអីអ៊ីចឹងទៅ ព្រោះគេបានដោះស្រាយរួចរាល់ហើយតែក្រសួងនៅតែទទួលហើយពិនិត្យមើលតើវាយ៉ាងម៉េចដែរ?
យើងនឹងចាត់មន្ត្រីជំនាញចុះទៅស្រាវជ្រាវជាក់ស្តែងបន្ថែមទៀត តើដូចទៅនឹងការប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីដែរទេ? បើមានរឿងថ្មីអ្វីទៀតយើងនឹងដោះស្រាយតាមហ្នឹង»៕