ភ្នំពេញៈ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ (YRDP) ​និង​យុវជន​មួយចំនួន​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ដាក់បញ្ចូល សិស្ស និស្សិត និង​ព្រះសង្ឃ​ក្នុង​បញ្ជី​បេឡា​ជាតិ របប​សន្ដិសុខ​សង្គម​ (​ប ស ស​) ដើម្បី​បាន​សេវា​ពិនិត្យ និង​ព្យាបាល​សុខភាព​ដោយ​ឥតគិតថ្លៃ​។

ការស្នើ​ឡើង​នេះ​គឺ​បាន​ធ្វើឡើង​នៅក្នុង​វេទិកា​យុវជន​ស្តីពី​កាលានុវត្តភាព​ទីផ្សារ​ការងារ​របស់​យុវជន​កម្ពុជា​ក្នុង​ស្ថានភាព​កូវីដ​ ១៩ និង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA) ​ពី​ថ្ងៃ​ទី​ ៦ កញ្ញា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​ ២ រាជធានី​ភ្នំពេញ ដែល​មាន​យុវជន​ជាង​ ១០០ ​នាក់​បាន​ចូលរួម​។

លោកស្រី ចាន់ រ៉ាមី នាយិកា​អង្គការ​ (YRDP) បាន​លើកឡើង​ថា ប ស ស គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​សង្គម​រយៈពេល​ ១០ ​ឆ្នាំ ​ដែល​ផ្ដោត​តែ​លើ​អ្នកមាន​ការងារ​ធ្វើ ប៉ុន្តែ​យុវជន​ដែលជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ និង​សេដ្ឋកិច្ច មិនទាន់​​ត្រូវ​បាន​ដាក់បញ្ចូល​ផង​ទេ​។

លោកស្រី​បន្ត​ថា​៖ «​ដូច្នេះ​យើង​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ដឹង​ពីអ្វី​ដែល​ជា ប ស ស ដើម្បី​ដឹង​ពី​សារៈសំខាន់​របស់​វា​។ យើង​បាន​ជជែក​ក្នុង​វេទិកា​យុវជន​ច្រើនដង​ដែរ ដើម្បី​ដាក់សំណើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា គួរតែ​ដាក់​យុវជន​ដែល​កំពុង​សិក្សា​ឲ្យ​ក្លាយ​ជា​សមាជិក ប ស ស ដើម្បី​ទទួល​បាន​ការថែ​សុខភាព ដោយ​ឥត​បង់ថ្លៃ​»​។

ការអះអាង​របស់​លោកស្រី ចាន់ រ៉ាមី ដូចនេះ​បន្ទាប់ពី​មាន​យុវជន​ជាច្រើន​បាន​លើក​ពី​បញ្ហា​នេះ ស្រប​ពេល​ដែល​ពួកគេ​គួរតែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នេះ ព្រោះ​ពួកគេ​គឺជា​ធនធាន​ដ៏មាន​សារៈសំខាន់​ដែល​ត្រូវការ​គាំពារ​ពី​រដ្ឋាភិបាល​។

ម្យ៉ាងទៀត​បច្ចុប្បន្ន​ដោយសារ​មាន​​ករណី​កូវីដ​ ១៩ និង​ការបាត់បង់​ផ្នែក​​ខ្លះ​នៃ​ (EBA) ​ក៏​បាន​ធ្វើឲ្យ​យុវជន​បាត់បង់​ការងារ និង​ពិបាក​រក​ការងារ​ធ្វើ​ដើម្បី​ទ្រទ្រង់​ការសិក្សា និង​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ​។

យុវជន វង រក្សា ជា​និស្សិត​ឆ្នាំ​ទី​ ២ នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​បាន​ថ្លែងថា មាន​យុវជន​ជាច្រើន ជាពិសេស​សិស្ស និស្សិត រួមទាំង​ព្រះសង្ឃ​ផង តែង​ប្រឈម​បញ្ហា​សុខភាព និង​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​តាម​មន្ទីរពេទ្យ​ដែល​រដ្ឋាភិបាល​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​។

យុវជន​រូបនេះ​បន្តថា​៖ «​ខ្ញុំ​រំពឹងថា រដ្ឋាភិបាល​នឹង​យក​សំណើ​ទាក់ទង​នឹង​ព្រះសង្ឃ និង​យុវជន​ហ្នឹង​ដាក់​ទៅក្នុង​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​គ្នា​។ បើ​គាត់​ [​រដ្ឋាភិបាល​] ​មិន​ទាន់​បដិសេធ​ ឬ​ក៏​មិន​អើពើ យើង​នឹង​ប្រមូល​គ្នា ឬ​សួរ​ទៅ​ក្រសួង​ ឬ​ក៏​ស្នើ​ជាថ្មីទៀត​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៦ កញ្ញា​ថា នៅ​ចំពោះមុខ រដ្ឋាភិបាល​បានសម្រេច​ផ្តល់ ប ស ស ដល់​កម្មករនិយោជិត និង​មន្ត្រី​រាជការ និង​អ្នក​ដែល​ស្ថិត​នៅមុខ​​សញ្ញា​នៃ​មូលនិធិ​សមធម៌​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​​ក្នុង​ការផ្តល់​ជូន​ទៅកាន់​មុខសញ្ញា​ផ្សេងៗ​ទៀត​ក្នុង​ពេល​ខាង​មុខ​។

លោក​ថា​៖ «​ចំពោះមុខ បសស ផ្តល់​សេវា​ដល់​កម្មករ​និយោជិត​ដល់​មន្ត្រីរាជការ និង​អ្នក​ស្ថិតនៅ​មុខសញ្ញា​នៃ​មូលនិធិ​សមធម៌​តែប៉ុណ្ណោះ​។ ​តាមច្បាប់​ស្តីពី បសស ​គឺ​យើង​នឹង​ពង្រីក​មុខសញ្ញា និង​​កំណត់​លក្ខខណ្ឌ​ដើម្បី​មុខសញ្ញា​នីមួយៗ​ចូល​ជា​សមាជិក និង​ទទួល​បាន​សេវា បសស បន្តទៀត​»៕