ភ្នំពេញៈ រដ្ឋាភិបាល​សម្រេច​ប្រើប្រាស់​ថវិការដ្ឋ​សម្រាប់​កាត់​សម្លៀកបំពាក់​ជា​ឯកសណ្ឋាន​ និង​សញ្ញាស័ក្តិ​ជូន​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​ចំនួន​ ៤៩ ​នាក់​មកពី​គណបក្ស​នយោបាយ​ចំនួន​ ១៦ ជា​អ្វីដែល​មន្ត្រី​អះអាង​ថា គឺ​ដើម្បី​ជា​ការធ្វើឲ្យ​មាន​ភាពសមរម្យ​មួយ​សម្រាប់​ចូលរួម​កម្មវិធី​ជាតិ​ធំៗ​ឲ្យ​សម​នឹង​ឋានៈ​។

លិខិត​មួយច្បាប់​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃទី ២៧ ខែមករា​ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ចំណារ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រាជរដ្ឋាភិបាល​បាន​ឯកភាព​ប្រគល់​ជូន​ឯកសណ្ឋាន និង​សញ្ញាស័ក្តិ​ជូន​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ចំនួន​ ៤៩ ​នាក់​ដោយ​ផ្តល់​ថវិការដ្ឋ​សម្រាប់​កាត់​ជូន​។

លិខិត​នោះ​បន្តថា «​ក្នុងនោះ​រួមមាន ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​ចំនួន​ ១៥ ​រូប​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ចំនួន ១៧ ​រូប និង​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ចំនួន ១៦ ​រូប​។ ដោយឡែក​ឯកឧត្តម ឯក សំអុល ទីប្រឹក្សា​រាជរដ្ឋាភិបាល ឋានៈ​ស្មើ​ឧបយករដ្ឋមន្ត្រី​ប្រគល់​ជូន​ឯកសណ្ឋាន និង​សញ្ញា​ស័ក្តិ​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​»​។

កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា ឆ្នាំមុន លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ដាក់​សំណើសុំ​ខោ អាវ ឯកសណ្ឋាន និង​សញ្ញាស័ក្តិ​ជូន​ប្រធាន​ប្រតិភូ អនុប្រធាន​ប្រតិភូ និង​មន្ត្រី​លេខា​ប្រតិភូ​គណបក្ស​ដែលជា​​សមាជិក​នៃ​ស្ថាប័ន​នេះ​ចំនួន​ ៦៤ រូប​។

លោក ឈឹម ផលវរុណ ប្រធាន​លេខាធិការដ្ឋាន​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ឯកសណ្ឋាន​ដែល​ឧត្តមក្រុមប្រឹក្សា​ស្នើឡើង​នេះ​គឺជា​ឯកសណ្ឋាន​ផ្លូវរដ្ឋ​មួយ​សម្រាប់​ឲ្យ​សមាជិក​ទាំងអស់​ពាក់ នៅពេល​ចូលរួម​ពិធីបុណ្យ​ជាតិ​ធំៗ​។

លោក​បន្តថា ដោយសារ​ស្ថាប័ន​នេះ​ទើបតែ​បង្កើតឡើង ដូច្នេះ​ឧត្តមក្រុមប្រឹក្សា​ត្រូវ​បន្ត​រៀបចំ​រចនាសម្ព័ន្ធ និង​ការទទួល​បាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល ដូចជា​ការស្នើ​នូវ​សិទ្ធិ​សម្រាប់​ប្រើប្រាស់​នូវ​ឯកសណ្ឋាន និង​សញ្ញា​ស័ក្តិ​នេះ​។

លោក​បាន​បន្ថែមថា​៖ «​ឯកសណ្ឋាន​នេះ​គឺជា​ឯកសណ្ឋាន​ផ្លូវរដ្ឋ​សម្រាប់​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​ចូលរួម​បុណ្យជាតិ និង​អន្តរជាតិ​ផ្លូវការ​ព្រោះ​ពួកគាត់ ជា​ឥស្សរជន​នយោបាយ ហើយ​ឯកសណ្ឋាន​នេះ​ដូច​ទៅនឹង​ឯកសណ្ឋាន​របស់​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ឋានានុក្រម ហើយ​ឯកសណ្ឋាន​នេះ​ក៏​មិនមែន​សម្រាប់​ពួកគាត់​ពាក់​ក្នុងពេល​ចុះ​បេសកកម្ម​ដែរ ឧទាហរណ៍​គឺ​ពាក់​នៅពេល​ចូលរួម​បុណ្យ​ឯករាជ្យ ៩ វិច្ឆិកា​អីហ្នឹង ព្រោះ​ប្រទេស​ណា​ក៏​ដូចគ្នា​ដែរ គេ​មាន​ទម្រង់​ឯកសណ្ឋាន​បែបបទ​របស់គេ ដើម្បី​ជា​តម្លៃ​របស់​រដ្ឋ​គេ​នីមួយៗ​»​។

យ៉ាងណា​ចំពោះ​ថវិការដ្ឋ​ដែល​ត្រូវ​ចំណាយ​លើ​ឯកសណ្ឋាន និង​សញ្ញាស័ក្តិ​នេះ​លោក ឈឹម ផលវរុណ មិនទាន់​អាច​បញ្ជាក់​បាន​ទេ​ថា ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ដោយ​គ្រាន់តែ​ថា វា​ជា​ចំនួន​ថវិកា​តិចតួច​ដែល​អាច​ក្នុង​សមាជិក​ម្នាក់ ចំណាយ​ប្រមាណ ២០០ ​ដុល្លារ​ប៉ុណ្ណោះ​។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើងថា តាមពិត​ទៅ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​មួយ​នេះ​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ​រួច​​មកហើយ​ដោយ​មាន​ការបញ្ជាក់​ពី​កិច្ចការ​របស់​ពួកគេ​ច្បាស់​ហើយ​។ ដូច្នេះ​សម្រាប់​ការផ្តល់​ឯកសណ្ឋាន​នេះ​គឺ​គ្រាន់តែ​ជា​រឿង​មួយ​សម្បក​ក្រៅ​ទេ ព្រោះ​អ្វី​សំខាន់​គឺ​ប្រសិទ្ធភាព​ការងារ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​នោះ គឺ​ប្រសិទ្ធភាព​ការងារ​នៃ​ការអនុវត្ត​ការងារ​របស់​ពួកគេ​នៅក្នុង​បេសកកម្ម​មួយ​ដែល​ស្នើឡើង​ដោយ​រដ្ឋាភិបាល​។ ខ្ញុំ​ចាប់អារម្មណ៍​ទៅលើ​ទង្វើ និង​សកម្មភាព​របស់​ពួកគេ​ក្នុង​ការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ ឬ​ក៏​យក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ជជែក​ជាជាង​បញ្ហា​ឯកសណ្ឋាន​នេះ​ដែល​វា​ជា​រូបភាព​ខាងក្រៅ​»​។

យ៉ាងណា​លោក សន ជ័យ សង្ឃឹម​ថា​ការប្រើប្រាស់​ថវិកាជាតិ​នេះ គឺ​គួរតែ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ និង​មាន​ផែនការ​ចំណាយ​ច្បាស់លាស់​ដោយ​ដាក់​ឲ្យ​ដេញថ្លៃ​ត្រឹមត្រូវ បើ​ទោះ​ជា​មើល​ទៅ​លើ​ចំនួន​សមាជិក​នេះ​តិច​​ក៏ដោយ ព្រោះ​ឯកសណ្ឋាន​នេះ បើ​​គិត​តាម​តម្លៃ​ទីផ្សារ មិន​ថ្លៃ​ប៉ុន្មាន​នោះ​ទេ​៕