ព្រះវិហារៈ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ដាក់​បម្រាម​ពលរដ្ឋ​ចំនួន​ ៣១ ​គ្រួសារ​ ឱ្យ​បញ្ឈប់​ការដឹកឈើ​ដែល​បាន​កាប់​រួច​ចេញ​ពី​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន​ឫស្សីត្រឹប​ដែល​ស្ថិតនៅក្នុង​ឃុំ​ឆែប២ ស្រុក​ឆែប ខេត្តព្រះវិហារ ខណៈ​សកម្មភាព​ដឹក​​បាន​ប្ដូរ​ពី​ប្រើ​រថយន្ត​ ឬ​គោយន្ត​មក​ជំនួស​ដោយ​ម៉ូតូ ហើយ​បាន​ព្រមាន​ថា បើ​ ៣ ​ថ្ងៃ​ទៀត​មិន​ព្រម​បញ្ឈប់​នឹងត្រូវ​ចាប់​យក​​ឈើ​ និង​មធ្យោបាយ​ដឹកជញ្ជូន​​ទាំងនោះ​។

លោក​ សុខ ទូច ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ពី​ ម្សិលមិញ​ថា ពលរដ្ឋ​​ទាំង​ ៣១ ​គ្រួសារ​នេះ​បាន​កាប់​ឈើ​ និង​ខ្លះ​ច្រៀក​ជា​កំណាត់​ប្រវែង​ប្រហែល​ ១ ​ម៉ែត្រ​យកទៅ​រក្សាទុក​នៅផ្ទះ​ដែល​មាន​ពី​ ២ ​ទៅ​ ៣ ​ពាន់​កំណាត់ ជា​ប្រភេទ​ឈើ​ធ្នង់ ហើយ​បច្ចុប្បន្ន​ពួកគាត់​បាន​ចាប់ផ្តើម​ដឹក​ចេញ​។

លោក​បានឱ្យ​ដឹងថា កាលពី​​មុន​លោក​បាន​ចាប់​ឈើ​ចំនួន​ ១៥ ​ផ្ទះ​ប្រគល់​ជូន​ឱ្យ​មេព្រៃ ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ប៉ុន្តែ​ហាក់​មិន​រាងចាល​ទេ​។

ករណី​នេះ​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ប្រាប់​ និង​អប់រំ​ពួកគាត់​មុន​ឱ្យ​ហើយ បើ​នៅតែ​ដឹក​ចេញ​ទៀត​នឹង​ចាប់​ទាំង​ឈើ និង​ម៉ូតូ​យកមក​រក្សាទុក ចំណែក​មនុស្ស​នឹងត្រូវ​ដោះលែង​វិញ​។

បើតាម​លោក សុខ ទូច បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ទាំងនោះ​លែង​ដឹក​តាម​ឡាន​ និង​គោយន្ត​ទៀតហើយ ព្រោះ​មន្ត្រី​ឧទ្យាន​ចាប់​យកមក​រក្សាទុក ប៉ុន្តែ​ពេលនេះ​​ពួកគាត់​ចាប់ផ្តើម​ប្ដូរ​មក​ដឹក​តាម​ម៉ូតូ​វិញ ដែល​សុទ្ធសឹង​តែ​ជា​ប្រភេទ​ឈើ​ធ្នង់​កាប់​ចេញ​ពី​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោសែន ឫស្សីត្រឹប​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ផ្ដល់​ឱកាស​ត្រឹមតែ​ ៣ ​ថ្ងៃ​ទៀត​ទេ [​គិតពី​ថ្ងៃ​ ៦ មេសា ទៅ​] ​ប្រសិន​បើ​បន្ត​ដឹក​ទៀត យើង​នឹង​​ចាប់យក​។ ឈើ​ធ្នង់​នេះ គឺជា​សត្រូវ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ននេះ ឈើ​ដែល​មាន​មុខកាត់​ត្រឹម​តែ​ ២ ​តឹក គេ​កាត់​យក​ ១ ​ម៉ែត្រ តែ​បើ​ជាដើម​តូច​គេ​គាស់​ទាំង​ដើម​យក​ទៅ​លក់​។ ដូច្នេះ យើង​នឹង​ចាត់​វិធានការ​ក្ដៅ​នាពេល​ខាងមុខនេះ​»​។

លោក សុខ ទូច បាន​បន្តទៀត​ថា លោក​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​ដឹក​​ចេញ​ពី​ផ្ទះ​នោះទេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​រស់​នៅក្នុង​ឧទ្យាន​នេះ​​ដោយ​ខុសច្បាប់​។ បើទោះបី​ឱ្យ​ពួកគាត់​រើចេញ​ពី​នោះ​ទៅ​រស់នៅ​លើ​ដី​ដែល​រៀបចំ​ប្រគល់​ជូន​រួច​ហើយក៏​ពួកគាត់​មិន​ព្រម​ចេញ​ដែរ​។ ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​នោះ​គឺ​រស់នៅ​ក្រោយ​ព្រះរាជក្រឹត្យ​ដែល​ត្រូវ​អភិរក្ស ហើយ​​បើ​ពួកគាត់​រស់នៅ​ទីនេះ ពួកគាត់​​នឹង​កាប់​ឈើ​អស់ពី​ឧទ្យាន​ជាតិ ខណៈ​កម្លាំង​របស់​ឧទ្យាន​មាន​ចំនួន​តិច​មិនអាច​ទប់​ជាប់​ទេ​។

ទោះ​ជា​យ៉ាងណា​លោក ផាវ ឈឿន មេភូមិ​ដងផ្លិត ឃុំ​ឆែប​​បាន​បដិសេធ​ថា ពលរដ្ឋ​ទាំង ៣១ ​គ្រួសារ​ដែល​រស់នៅក្នុង​ឧទ្យាន​នេះ​លែង​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ទៀតហើយ បន្ទាប់ពី​មាន​ការហាមប្រាម តែ​នៅមាន​ការកាប់​ឈើ​តូច​សម្រាប់​ធ្វើ​របង​ផ្ទះ ហើយ​​បើ​មាន គឺ​មានតែ​អ្នក​មកពី​ចម្ងាយ​ប៉ុណ្ណោះ​។

លោក ផាវ ឈឿន ថ្លែង​ថា ចំពោះ​មន្ត្រី​ឧទ្យាន​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ សែន ឫស្សីត្រឹប ស្នើឱ្យ​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​នេះ​ចេញពី​ឧទ្យាន គឺមាន​អ្នក​ខ្លះ​ចង់​ចេញ​តែ​អ្នកខ្លះ​​ទៀត​មិន​ចង់​ចេញ​ទេ​។

លោក​មេភូមិ​រូបនេះ​បាន​ស្នើថា​អ្នក​ដែល​មិន​ចង់​ចេញ​ត្រូវធ្វើ​កិច្ចសន្យា​មិន​ឱ្យ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​បន្តទៀត បើ​នៅតែ​ប្រព្រឹត្ត​គឺ​ត្រូវមាន​វិធានការ​អនុវត្ត​តាមច្បាប់​ដោយ​ចាប់​យក​ទៅ​ដាក់គុក​ជាដើម​។

លោក ផាវ ឈឿន ថ្លែងថា​៖ «​ខ្ញុំ​ក៏បាន​ទៅ​សម្របសម្រួល​ជាមួយនឹង​មន្ត្រី​ឧទ្យាន​ដែរ​ថា ឱ្យ​គាត់​ធ្វើ​កិច្ចសន្យា​ទៅ ឬ​បង្កើត​លក្ខន្ដិកៈ​សម្រាប់​អ្នក​ដែល​រស់នៅក្នុង​ឧទ្យាន​នេះ​ឱ្យ​ពួកគាត់​ជាប់​ពន្ធនាគារ​កុំ​ឱ្យ​កាប់​ឈើ ប៉ុន្តែ​មិនទាន់​បាន​ធ្វើ​ទេ​»​។

លោក ជា សម្បត្តិ អនុប្រធាន​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា តេជោសែន ឫស្សីត្រឹប បាន​ថ្លែងថា សកម្មភាព​ការកាប់​ឈើ​ក្នុង​ឧទ្យាន​នេះ​នៅតែ​មាន​ជាពិសេស​នៅ​រដូវប្រាំង​នេះ គឺ​ទាំង​ពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន​ និង​អ្នក​មកពី​ខាងក្រៅ​។

លោក​ថា ស្ថានភាព​នៃ​ការចូលមក​កាប់​ឈើ​នៅក្នុង​ឧទ្យាន​នេះ​មាន​ការលំបាក​ក្នុង​ការទប់ស្កាត់ ព្រោះ​មិនមាន​ច្បាប់​ដូច​ទៅនឹង​ក្រសួង​បរិស្ថាន នៅពេល​ដែល​គេ​ចាប់​បាន​គេ​អនុវត្ត​ច្បាប់ ប៉ុន្តែ​សម្រាប់​មន្ត្រី​នៅ​​ទីនេះ​ចាប់​បាន​តែ​ឈើ និង​គោយន្ត​ ឬ​វត្ថុតាង​នៃ​បទល្មើស តែ​​សម្រាប់​មនុស្ស​គឺ​មិនអាច​ទេ ព្រោះ​អត់​មានច្បាប់​។

លោក ជា សម្បត្តិ ថ្លែងថា​៖ «​ដូច្នេះ​យុទ្ធសាស្ត្រ​របស់​យើង​​គឺ​ចាប់​យកមក​រក្សាទុក​កុំឱ្យ​ពួកគាត់​យក​ទៅ​ដឹកឈើ​ទៀត​ហើយ​​នៅពេល​សមស្រប​ណាមួយ​​យើង​នឹង​ឱ្យ​គាត់​វិញ​ទេ​»៕

វីដេអូ៖