ភ្នំពេញៈ ក្រសួង​បរិស្ថាន​បាន​កសាង​សំណុំរឿង​បទល្មើស​ធនធាន​ធម្មជាតិ​ដាក់​ទៅ​តុលាការ​ខេត្ត​/​ក្រុង​ចំនួន​ ២៧៨ ​ករណី​ ក្នុង​រយៈពេល​ ១០ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ ខណៈ​មនុស្ស​ចំនួន​ ៥០៧ ​នាក់​ ត្រូវបាន​អប់រំ និង​ធ្វើ​កិច្ចសន្យា ព្រម​ទាំង​ដកហូត​រណារ និង​ម៉ូតូ​សរុប​ចំនួន​ ៦៥៧ ​គ្រឿង និង​អន្ទាក់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ​ខ្សែ​។ ប៉ុន្ដែ​សកម្មជន​បរិស្ថាន​អះអាងថា របាយការណ៍​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ជាក់ស្ដែង​ទេ​។

តាម​របាយការណ៍​របស់​ក្រសួង បរិស្ថាន បាន​បង្ហាញ​ពី​ថ្ងៃ​ចន្ទ​ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ បាន​ឲ្យ​ដឹងថា មន្ទីរ​បរិស្ថាន រាជធានី​ខេត្ត និង​ឧទ្យានុរក្ស បាន​ចុះ​ល្បាត​ជាប្រចាំ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​ភូមិសាស្ត្រ រាជធានី ខេត្ត​សាមី​ដើម្បី​តាមដាន ពិនិត្យ អង្កេត កត់ត្រា បង្ក្រាប និង​ដកហូត​វត្ថុតាង​នៃ​បទល្មើស​ធនធាន​ធម្មជាតិ ធ្វើ​កំណត់ហេតុ និង​របាយការណ៍​ស្ដីពី​ការបង្ក្រាប និង​ដកហូត​វត្ថុតាង​រៀបចំ​ចងក្រង​សំណុំ​រឿង​ពី​បទល្មើស​ធនធាន​ធម្មជាតិ​ចំនួន​ ២៧៨ ​ករណី និង​បានដាក់​ទៅ​តុលាការ​ក្នុង​រយៈពេល ១០ ​ខែ​ នៃ​ឆ្នាំ​ ២០១៩ ​នេះ​។

របាយការណ៍​បាន​បន្តថា មន្ទីរជំនាញ​តាម​បណ្ដា​ខេត្ត​បាន​សហការ​ជាមួយ​ក្រុម​អ្នកច្បាប់​ក្រសួង​បរិស្ថាន​ចំនួន​ ១២ ករណី​ ទាក់ទង​នឹង​បទល្មើស​ធនធាន​ធម្មជាតិ ការកាប់​គាស់​រុករាន​ដីព្រៃ ទន្ទ្រាន​ដីព្រៃ ត្រូវ​បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​។ លើស​ពី​នេះ​មន្ត្រី​បាន​អប់រំ និង​ធ្វើ​កិច្ចសន្យា​ចំពោះ​ជន​ស្ស័យ​ចំនួន​ ៥០៧ ​នាក់​ ចាប់​និង​ដកហូត​រណារយន្ត​ចំនួន​ ១៩០ ​គ្រឿង រណារដៃ​ ១៥៣ ​គ្រឿង ម៉ូតូ​ ៣១៤ គ្រឿង និង​អន្ទាក់​ចាប់​សត្វព្រៃ​ចំនួន​ ៤ ០៤៧ ​ខ្សែ​។

លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា ការងារ​បរិស្ថាន​អាច​សម្រេច​ជោគជ័យ​ទៅ​បាន​លុះត្រា​តែមាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​ការចូលរួម​យ៉ាង​សកម្ម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ទាំង​ក្នុង​វិស័យ​សាធារណៈ វិស័យ​ឯកជន គ្រឹះស្ថានសិក្សា​ស្រាវជ្រាវ និង​សង្គម​ស៊ីវិល ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​។

លោក​គូសបញ្ជាក់​ថា​៖ «​ទោះបី ក្រសួង​បរិស្ថាន និង​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ត្រូវ​ការគាំទ្រ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក៏ដោយ ក៏​យើង​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ «​ភាពជា​ម្ចាស់​» និង​ «​អធិបតេយ្យភាព​ជាតិ​» ដើម្បី​ធានា​ឲ្យ​កិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស ជីវចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

ក្នុង​កម្មវិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​បរិស្ថាន​ប្រចាំ​ឆ្នាំ​ ២០១៩ កាលពី​ថ្ងៃ​ចន្ទ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួងបរិស្ថាន ថ្នាក់​ដឹកនាំ តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ និង​តំណាង​វិស័យ​ឯកជន​ប្រមាណ​ជាង ៥០០ ​នាក់​ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។

លោក​ ហេង ស្រស់ សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​បាន​ថ្លែងថា របាយការណ៍​ដែល​ក្រសួង​បរិស្ថាន​បាន​បូកសរុប​នេះ​ហាក់ដូចជា​មិនសូវ​ស៊ីចង្វាក់​ទៅនឹង​បទល្មើស​ធនធាន​ធម្មជាតិ និង​ព្រៃឈើ​ទេ​។ ប្រសិនបើ​គេ​មើល​ពី​បទល្មើស​ធនធាន​ធម្មជាតិ​នេះ គឺ​សុទ្ធតែ​ក្រុម​ឧកញ៉ា ជា​អ្នកប្រព្រឹត្ត ប៉ុន្ដែ​ឧកញ៉ា​ប្រមាណ ២ ឬ​ ៣ ​នាក់​ ត្រូវ​បាន​ឃាត់ខ្លួន រីឯ​ឧកញ៉ា​មួយ​ចំនួន​ធំ​ផ្សេងទៀត​ត្រូវ​បាន​រួចខ្លួន​រស់នៅ​ក្រៅ​ច្បាប់​យ៉ាង​សប្បាយរីករាយ​។

លោក​បន្តថា ចំណែក​ក្រសួង​បរិស្ថាន​ក៏​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ក្ដៅ​ទៅលើ​ជនល្មើស​ទាំងអស់​នោះ​ដោយ​គ្រាន់តែ​ដើរ​បន្លាច​ជនល្មើស​ឲ្យ​ផ្អើល​មួយរយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ប្រសិន​បើ​មន្ត្រី​ក្រសួង​បរិស្ថាន​ឃាត់ខ្លួន​មនុស្ស អាច​ចាប់​បាន​តែ​អ្នករកស៊ី​ដឹកឈើ​តាម​ម៉ូតូ ឬ​គោយន្ត​។ ចំណែកឯ​អ្នក​កាប់​ទន្ទ្រាន​ដី ចាប់​បាន​តែ​ពលរដ្ឋ​តូចតាច ក្រខ្សត់​គ្មាន​ដីធ្លី ប៉ុន្ដែ​អ្នកមាន​អំណាច​តែងតែ​រួចខ្លួន ឬ​ត្រឹមតែ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា​អប់រំ​ប៉ុណ្ណោះ​។

សកម្មជន​ព្រៃឈើ​រូបនេះ​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ក្រសួងបរិស្ថាន​គួរតែ​ស្វែងរក​ក្រុម​អ្នក​នៅ​ពី​ក្រោយខ្នង​ជនល្មើស​ដែល​ជា​អ្នក​កាប់​ទន្ទ្រាន​ដី និង​បំផ្លាញ​ធនធាន​ធម្មជាតិ មិនមែន​ទៅ​ចាប់​តែ​ពលរដ្ឋ​គ្មាន​ដីធ្លី​ ឬ​អ្នកក្រក្រី​ទេ​។ ពេលខ្លះ​យើង​មើល​ទៅ​វា​អយុត្តិធម៌​សម្រាប់​អ្នកក្រ​ណាស់​។ បើ​យើង​ក្រឡេក​ទៅ​មើល​រោងចក្រ​ធំៗ ឬ​ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​បំផ្លាញ​ធនធាន​ធម្មជាតិ​គឺ​បាន​ដំណើរការ​យ៉ាង​រលូន​ហើយ​សម្រាប់​របាយការណ៍​នេះ ខ្ញុំ​គិត​ថា គ្មាន​ប្រសិទ្ធភាព​អ្វី​ទេ​»៕