ភ្នំពេញៈ លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា កំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនឹងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកកាន់តែច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីកម្មវិធីគ្រូបណ្ដុះបណ្ដាល «ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៃការអភិវឌ្ឍសហគ្រិនស្ដ្រី» ដែលរៀបចំឡើងរួមគ្នាដោយ NBC និងក្រសួងកិច្ចការនារីក្រោមការគាំទ្រពី VISA នៅក្នុងខេត្តសៀមរាបកាលពីថ្ងៃចន្ទ លោកស្រី ជា សិរី បានឲ្យដឹងថា ជាមួយនឹងលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើនដោយសហគ្រិនស្ដ្រីនឹងមិនគ្រាន់តែជួយកែលម្អអាជីវកម្មគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពសហគមន៍ និងសេដ្ឋកិច្ចផងដែរ។
លោកស្រីថ្លែងថា៖ «ស្ដ្រីកាន់តែច្រើនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើប្រាស់ហិរញ្ញវត្ថុទាំងនោះដោយការទទួលខុសត្រូវ និងត្រឹមត្រូវ។ ការទទួលបានកាន់តែច្រើនរបស់ពួកគេអាចនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច សេដ្ឋកិច្ចគ្រួសារ និងសហគមន៍របស់ពួកគេ»។
លោកស្រីបន្តថា៖ «នៅពេលស្ត្រីកាន់តែច្រើនមានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការនោះ ពួកគាត់នឹងមានលទ្ធភាពកាន់តែខ្ពស់ និងឱកាសកាន់តែច្រើនក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមគ្រួសារ និងសហគមន៍តាមរយៈការលើកកម្ពស់ជីវភាពរស់នៅការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់នឹងបញ្ហាហិរញ្ញវត្ថុនាពេលមានអាសន្ន ដែលកត្តាទាំងនេះនឹងនាំឲ្យគ្រួសារ និងសហគមន៍មានលទ្ធភាពច្រើនជាងមុននៅក្នុងការទទួលបានសេវាចាំបាច់នានាដូចជា សេវាអប់រំ សុខភាព អនាម័យ និងទឹកស្អាត។ ដូច្នេះការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រីនឹងដើរតួនាទីជាគ្រឹះក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី»។
កម្មវិធីនេះគឺជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី និងក៏ជាសកម្មភាពអាទិភាពមួយដែលកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ជាពិសេសការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុសម្រាប់ស្ត្រី។
លោកស្រី កែវ មុំ ម្ចាស់អាជីវកម្ម Ly Ly Food Industry និងជាអនុប្រធាន CamWen បានឲ្យដឹងថា បច្ចុប្បន្នមានការកើនឡើងចំនួនសហគ្រិនស្ដ្រីទទួលបានសេវាហិរញ្ញវត្ថុដោយសារតែពួកគេកំពុងកែលម្អគំរូអាជីវកម្មរបស់ពួកគេតាមរយៈការមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។
លោកស្រីលើកឡើងថា៖ «ខ្ញុំសង្កេតឃើញការប្រសើរឡើងអំពីលទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់ស្ដ្រី ដោយសារសមាជិកភាគច្រើនបំផុតរបស់សមាគម បានទទួលការបណ្ដុះបណ្ដាលអំពីរបៀបក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុបានល្អប្រសើរ ប្រសិនបើពួកគេត្រូវការស្វែងរកហិរញ្ញប្បទានកាន់តែច្រើនពីគ្រឹះស្ថានហិរញ្ញវត្ថុ»។ លោកស្រីបញ្ជាក់ថា៖ «ទោះបីយ៉ាងណានៅតែមានបញ្ហាប្រឈមជាច្រើន ដោយសារគ្រឹះស្ថានហិរញ្ញវត្ថុនៅតែយកទ្រព្យបញ្ចាំ ជាសំខាន់សម្រាប់ការទទួលបានកម្ចី»។
បច្ចុប្បន្នសមាគម CamWen មានសមាជិកជាង ៦០០ នាក់ ហើយលោកស្រីកំពុងស្វែងរកមូលនិធិបន្ថែមសម្រាប់ការផ្ដល់ការបណ្ដុះបណ្ដាលបន្ថែមដល់បណ្ដាខេត្តផ្សេងទៀត ដើម្បីបង្កើនចំនួនសមាជិកឲ្យយល់ដឹងកាន់តែច្រើនថែមទៀតអំពីគំរូអាជីវកម្ម របាយការណ៍ហិរញ្ញវត្ថុ និងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
របាយការណ៍សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិហៅកាត់ IFC បង្ហាញថា សហគ្រិនស្ដ្រីនៅកម្ពុជាមិនសូវមានជំនាញ និងមានកង្វះជំនាញភាពជាអ្នកដឹកនាំ។ របាយការណ៍នេះបានឲ្យដឹងថា ៩០ ភាគរយនៃសហគ្រាសធុនតូច និងមធ្យម គ្រប់គ្រងដោយស្ដ្រីទទួលបានប្រាក់ចំណេញកាលពីឆ្នាំ ២០១៨។
ប្រជាជនពេញវ័យនៅកម្ពុជាប្រហែល ៥៩ ភាគរយមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការក្នុងចំណោមនោះ ១៧ ភាគរយនៅក្នុងគ្រឹះស្ថានធនាគារ ៤២ ភាគរយនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុ ១២ ភាគរយទទួលបានសេវាហិរញ្ញវត្ថុក្រៅផ្លូវការ និង ២៩ ភាគរយទទួលសេវាផ្លូវការ និងក្រៅផ្លូវការផ្សេងទៀត។ នេះបើយោងតាមធនាគារជាតិនៃកម្ពុជា៕LA