​ព្រះ​សីហនុ​: រដ្ឋមន្ត្រី​ក្រសួងបរិស្ថានលោក សាយ សំ​អា​ល់ ​បាន​ប្រកាស​ដាក់​ចេ​ញ​​ផែនការ​ការងារ​ជា​អាទិភាព​ចំនួ​ន ៤​​ ចំណុ​ច​ដូច​ជា​ បញ្ហា​ស​ន្ដិសុ​ខ សណ្តាប់​​ធ្នាប់ ​ការ​គ្រប់គ្រង​ការ​​ងារ​សំណ​ង់ និង​បញ្ហា​បរិស្ថាន ដើម្បី​ឲ្យ​ក្រុម​ការងារ​ថ្នាក់ជាតិ និង​ក្រុម​ការ​​ងារ​ថ្នាក់​មូលដ្ឋាន ​​ដែល​ទើបតែ​ចូលកាន់​​តំណែ​ង​ថ្មី​ រួម​គ្នា​​ដោះ​ស្រាយ​បញ្ហា​​ប្រឈ​ម​​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ក្នុង​ខេត្ត​​ទេសចរណ៍​ជាប់​មាត់​សមុ​ទ្រ​មួយ​នេះ​។

លោក ​សាយ សំអាល់ ដែល​​ក៏​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជា​តិ​គណ​បក្ស​ប្រជា​ជន​​ចុះជួយ​ខេ​ត្ត​ព្រះសីហនុ​ផង​នោះ​ ​បាន​ថ្លែង​បែបនេះ​ក្នុង​ឱកាស​ដែល​លោ​ក​​ចុះទៅ​ប្រកាស និង​ប្រគល់​ភារ​​កិច្ច​ជូន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​​មូលដ្ឋាន និង​ការ​ចូលកាន់​មុខតំណែង ​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី៣ នៅ​សាលាខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សុក្រ។

លោក សំ​អាល់ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ស្ថាន​​ភាព​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​ បច្ចុប្ប​ន្ន​នេះ មាន​ភាព​ស្មុគ​ស្មាញ​​​ជាង​មុន និង​មាន​បញ្ហា​ច្រើន​ ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា។ ហេតុដូ​ច្នេះ​លោក​ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ជាប់​មាត់​សមុទ្រ​មួយ​នេះ​ទាំង​អស់​ ត្រូវ​សហការគ្នា និង​រួមគ្នា​ដោះស្រាយដែលចាំបាច់​ត្រូ​​វ​បង្កើន​សមត្ថភាព​ដោះ​ស្រា​យ​ឱ្យបាន​ខ្ពស់ និង​រួមគ្នា​កសាង​រដ្ឋបាល​ទំនើប​មួយ ​សម្រាប់​ខេត្ត​ព្រះសីហនុ ។

លោក ​សំអាល់​ ​បញ្ជាក់​ថា៖ «សមាជិក​ក្រុមប្រឹក្សា​ ត្រូវ​ចូល​រួម​ឱ្យ​សកម្ម​ដោះស្រាយ​បញ្ហា​កង្វល់​ប្រជាពលរដ្ឋ​កាន់តែខ្លាំង​ឡើង​ប្រកប​ដោយ​តម្លាភាព និ​ង​ប្រសិទ្ធភាព​កាន់តែខ្លាំង​ថែម​ទៀត​។ មិន​តែប៉ុណ្ណោះ​សមា​ជិ​ក​ក្រុមប្រឹក្សា​ខេត្ត​ នឹង​ជ្រោង​ទង់​សាមគ្គី​ភាព និង​ឯកភាព​ខ្ពស់​ ក្នុងចំណោម​មន្ត្រីរាជ​ការ កម្លាំ​ង​ប្រដាប់​អាវុធ និង​ប្រជាជន​នៅ​ក្នុង​ខេត្ត»។

លោកជឿជាក់ថា សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ដែល​ជា​តំណាង​ប្រជា​ពលរដ្ឋ នឹង​ដោះ​ស្រាយ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​តម្លា​ភាព និ​​ង​​ប្រសិទ្ធភាព​ខ្ពស់ ខណៈ​លោ​កស្នើឱ្យ​កង​កម្លាំង​សមត្ថ​កិច្ច រក្សា​​សន្តិសុខ សុវត្ថិ​ភាព​សាធា​រណៈ ធានា​សន្តិសុខ​ដល់​ជនបរទេស លើកកម្ពស់​សេវាសាធារណៈ ផ្តល់ជូន​ប្រជា​ពលរដ្ឋ​ឱ្យមាន​ភាព​ងាយ​ស្រួលដោយ​ប្រែ​ក្លា​យ​​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​អន្តរ​ជា​តិ​នា​ទិស​និរ​តី ។

លោក នេ​ត្រ ភ​ក្ត្រា អ្នក​នាំ​ពា​ក្យ​​ក្រសួង​បរិស្ថានបាន​​​ប្រា​ប់​​ភ្នំពេ​​ញ​ប៉ុស្តិ៍​កាល​​ពី​ម្សិលមិញ​ថា ផែនការ​ជា​អាទិភាព​ចំនួន ៤ ដែល​លោក​ សាយ សំ​អាល់ ដាក់​ចេញ ​ក្នុងចំណោម​ការងារ​ជាច្រើន ដើម្បី​ឲ្យ​ក្រុមការងារ​ត្រូវ​​ដោះស្រាយ​ឱ្យបាន​នោះ គឺទី១ ការពង្រឹង​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​នៅក្នុង​ខេត្ត​ព្រះសី​​ហនុ​ទាំងមូល​ដោយ​សហ​កា​រ​គ្នា​រវាង​អាជ្ញាធរខេត្ត កងកម្លាំង​សមត្ថកិច្ចនិង​ក្រុម​ការ​ងារ​ឱ្យ​​បានល្អ។ ទី២ ការពារ​ឱ្យបាន​នូវបរិយា​កាស​សុខ​សុវត្ថិភាព​សម្រា​ប់​ពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ព្រម​ទាំ​ង​វិនិយោគិន។

លោក​ ភក្ត្រា បញ្ជា​​​ក់​បន្តថា៖ «ទី៣ គឺ​ការ​គ្រប់គ្រង​ការងារ​សំណង់​ដែលជា​គម្រោ​ង​​សាងសង់ថ្មីៗ ត្រូវមាន​ការ​គ្រប់​​​គ្រ​ង​​ឱ្យបាន​ល្អ កាត់បន្ថយ​ការ​បំពុល​ខ្យល់ និង​ទី៤ ការ​គ្រប់​គ្រ​ង​សំណល់​រឹង​ រាវ និង​សំរាមឱ្យ​បា​ន​ល្អ​ ដើម្បី​ធ្វើ​ឱ្យខេត្ត​ព្រះ​សីហនុ​ មាន​សោ​ភណភាព​មាន​អនា​ម័​យ​​​បរិស្ថាន​ល្អ​ស្អាត និង​ពលរដ្ឋ​រស់​នៅ​​ប្រកប​ដោយ​ផាសុក​ភាព និង​កាន់តែ​មាន​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត។ លោក ជាម ហ៊ីម ប្រធាន​ក្រុម​ប្រឹក្សា​អាណត្តិ​ទី៣ ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ក្នុង​អាណត្តិ​ថ្មី ដែល មាន​សមា​ជិ​ក ១៩ រូប នឹង​សម្រេច​ឲ្យ​បាន​នូវ​ភារកិច្ចដែលបានដាក់​ចេញ ដោយ​ខិតខំ​ធ្វើយ៉ាងណា ត្រូវ​ពង្រឹង​រដ្ឋបាល​ឯកភាព​ខេត្ត ធ្វើ​ឲ្យ​រដ្ឋបាល​នេះម្ចាស់ការ​ក្នុង​កា​រ​​​​គ្រប់គ្រង ចាត់ចែង​មុខងារ និង​ធនធាន​ហិរញ្ញវត្ថុ បុគ្គលិក ទ្រ​ព្យ​សម្បត្តិ​សម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ចំពោះ​រាជ​រដ្ឋា​ភិបាល ​និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ចរបស់ខ្លួន។ «ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ទំនាក់​ទំនង​ល្អ ជាមួយ​ក្រសួង ស្ថាប័ន មន្ទីរ ក្នុង​ដែន​សមត្ថកិច្ច ដើម្បី​សុខដុម​នីយកម្មលើ​ទិដ្ឋ​ភាព​នយោបាយ និង​រដ្ឋបា​ល​​សំដៅ​រួម​ចំណែក​ក្នុង​ការ​អភិ​​វឌ្ឍ​សង្គម ​សេដ្ឋកិច្ច​ កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ»​។

ទោះ​​យ៉ាង​ណា លោ​កស្រី ជៀប សុធា​រី មន្ត្រី​សម្រប​សម្រួ​ល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ ថ្លែង​​ពី​ម្សិលមិញ​ថា លោក​ស្រី​​ហាក់​មិនមាន​ទំនុក​​ចិត្ត​ចំពោះ​ការដាក់ចេញ​ផែនការ​ទាំង​នេះ​នោះទេ។ «ការដាក់​ចេញ​ផែន​​ការ​នេះ គឺ​ល្អ ប៉ុន្តែ​មើល​ឃើញ​ថា សមាសភាព​ថ្មី​នេះគឺ​ធ្លា​ប់​បា​ន​កាន់​តំ​ណែង​ជា​ប្រធាន ជា​សមា​​ជិក​យូរ​ឆ្នាំមកហើយដែ​ល​មាន​សមាសភាព​ថ្មី​តិចតួច​បំផុត។ ដូច្នេះ ខ្ញុំ​ដូចជា​មិនសូវ​ជា​សង្ឃឹ​ម​​ប៉ុន្មាន​ទេ ថា វា​នឹង​ជោគជ័យ ព្រោះថា បញ្ហា​មួយ​ចំនួន ដែល​លើក​ឡើង​ដូចជា ​បញ្ហា​សំរាម ​និង​បរិស្ថាន​ហ្នឹង វា​ហាក់ដូចជា​កើត​ឡើង​ដដែលៗ គ្មានអ្វី​ផ្លាស់ប្តូ​រសោះ​»​។ «​ទោះ​ជា​យ៉ាង​ណាក៏ដោយមាន​តែ​ពេល​វេលា​ដែល​អាច​បញ្ជាក់ថា តើ​រដ្ឋមន្ត្រី សាយ សំអាល់ អាច​ធ្វើ​ឱ្យ​មានការ​ផ្លាស់ប្តូរយ៉ាងណា នៅ​ខេត្ត​ព្រះ​សីហនុ»៕