កិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មរជប៉ុន-អាស៊ាន ត្រូវបានកែសម្រួលឡើងវិញ

ដោយ Mark Hughes / Khmer Times Share:
ស្បែកជើងគឺជាទំនិញដ៏សំខាន់មួយនៃការនាំចេញរបស់ប្រទេសកម្ពុជាបើទោះបីជាមានវិបត្តិកូវីដ១៩ក៏ដោយ។ KT/ជរ សុគន្ធា

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវ​បានកែសម្រួលឡើងវិញរវាងប្រទេសជប៉ុននិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​កែប្រែទៅ​លើចំណុច​ស្តីតលំហូរសេវាកម្មនិងការវិនិយោគឆ្លងកាត់ព្រំដែនបានចូលជាធរមានកាលពីថ្ងៃសៅរ៍កន្លងទៅ។

កិច្ចព្រមព្រៀងនេះបានចូលជាធរមានសម្រាប់ប្រទេសជប៉ុននិងសមាជិកអាស៊ានចំនួន ៥ ដែលមានដូចជាប្រទេសឡាវ មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម។

សមាជិក ៥ រូបទៀតដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ព្រុយណេ និងហ្វីលីពីន
ក៏ត្រូវបានកំណត់ដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងនេះផងដែរនៅពេលដែលនីតិវិធីក្នុងស្រុកត្រូវបានបញ្ចប់។

ក្រោមកិច្ចព្រមព្រៀងសញ្ញាពាណិជ្ជកម្មដែលបានកែសម្រួលឡើងវិញនេះ ប្រទេសជាសមាជិកនានាតម្រូវឲ្យរក្សាតម្លាភាពក្នុងការធ្វើនិយតកម្មសេវាកម្មនិងមិនរើសអើងវិនិយោគិនបរទេស។

កិច្ចព្រមព្រៀងនេះក៏បានបង្កើតជាយន្តការដោះស្រាយវិវាទសម្រាប់ក្រុមហ៊ុនដើម្បីប្តឹងរដ្ឋាភិបាលពីបទអនុវត្តមិនត្រឹមត្រូវ ក៏ដូចជាច្បាប់សម្រាប់អ្នកទេសចរបរទេសចូលនិងស្នាក់នៅក្នុងប្រទេសដទៃទៀត។

ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាមួយអាស៊ានក្នុងឆ្នាំ ២០០៨ ប្រទេសជប៉ុន
ក៏បាន​ជំរុញឲ្យមានជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីដទៃទៀតដែលមានដូចជាកិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែលមានសមាជិកចំនួន ១១ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំរុញកំណើនសេដ្ឋកិច្ច បង្កើនប្រសិទ្ធភាព បង្កើនការច្នៃប្រឌិត និងភាពស្មើគ្នាក្នុងផ្នែកពាណិជ្ជកម្មជាមួយនឹងប្រព័ន្ធដែលផ្អែកលើផ្លូវច្បាប់។ អត្ថប្រយោជន៌ទាំងនេះមានការកើនឡើងនៅពេលដែលពាណិជ្ជកម្ម ការនាំចេញ និងនាំចូលមានការកើនឡើង។ ពាណិជ្ជកម្មសេរីបង្កើនការអភិវឌ្ឍទំនិញដែលមានគុណភាពខ្ពស់និងតម្លៃទាប។

យោងតាមរបាយការណ៍ពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឲ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានការកើនឡើងចំនួន ១៣ ភាគរយកាលពីឆ្នាំមុន ពោលគឺមានចំនួន ២,២៩២ លានដុល្លារអាមេរិក។​

ការកើនឡើងនេះបង្ហាញឲ្យឃើញថាប្រទេសជប៉ុនស្ថិតក្នុងចំណោមប្រទេសនាំចូលកំពូលៗទាំង ៥ ពីព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ដដែលបានបន្តឲ្យដឹងថា គិតចាប់ពីខែមករាដល់ខែធ្នូឆ្នាំ ២០១៩ ប្រទេសកម្ពុជា
បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុនដែលមានទំហំទឹកប្រាក់សរុបចំនួន ១,៧៣០ លានដុល្លារពោលគឺកើនឡើង ៧,៧ ភាគរយបើធ្វើការប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

ជាមួយគ្នានេះផងដែរ ការ​នាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនបានកើនឡើង ៣៣,៤ ភាគរយ ដែលមានទំហំទឹកប្រាក់ចំនួន ៥៦២ លានដុល្លារ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការនាំចេញសរុបរបស់ប្រទេសក្នុងឆ្នាំ ២០១៩ មានទំហំទឹកប្រាក់សរុបចំនួន ១៤.៥៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ពោលគឺកើនឡើង ១២,៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

ការនាំចូលសរុបមកកម្ពុជាមានទំហំទឹកប្រាក់ចំនួន ២២,១៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។

ប្រទេសជប៉ុនជាទីផ្សារធំបំផុតទី ២ សម្រាប់ការនាំចេញសម្រាប់ប្រទេសកម្ពុជា ខណៈដែលសហរដ្ឋអាមេរិកស្ថិតក្នុងលំដាប់ទី ១។ ទន្ទឹមនឹងនេះដែរប្រទេសជប៉ុនមានបរិមាណនាំចូលខ្ពស់បំផុតទី ៤ នៅកម្ពុជាក្នុងឆ្នាំ ២០១៩ ។

ទាក់ទិននឹងបញ្ហានេះដែរ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថាតួលេខទ្វេភាគីនេះបង្ហាញឲ្យឃើញពីតំរូវការវិជ្ជមានសម្រាប់ផលិតផលរបស់កម្ពុជានៅក្រៅប្រទេស។

លោកបានបន្តថា៖ «ការវិនិយោគរបស់ប្រទេសជប៉ុនបន្ថែមទៀតចូលមកក្នុងប្រទេសកម្ពុជាបានបង្កឲ្យមានជាការទាក់ទាញសម្រាប់ប្រជាជាតិដទៃទៀតដែលកំពុងតែសំឡឹងមើលលទ្ធភាពក្នុងការផលិតទំនិញនៅក្នុងប្រទេសកម្ពុជាដើម្បីបម្រើដល់វិស័យឧស្សាហកម្មធុនធ្ងន់របស់ពួកគេ។»

អាស៊ានគឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់ជប៉ុនបន្ទាប់ពីប្រទេសចិននិងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ ខណៈដែលការនាំចេញទៅកាន់អាស៊ានសរុបមានចំនួន ១១.៥៨ លានលានយ៉េន (១១០ ពាន់លានដុល្លារ) និងការនាំចូលមានទំហំទឹកប្រាក់ចំនួន ១១,៧៦ លានលានយ៉េន (១១០,៨៤ ពាន់លានដុល្លារ) ។

វាគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុនក៏ដូចជាជាបណ្តាញសំខាន់នានានៅក្នុងចង្វាក់ផ្គត់ផ្គង់ដែលមានក្រុមហ៊ុនជាច្រើនបង្កើតរោងចក្រនៅក្នុងតំបន់ដើម្បីទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មដែលមានតម្លៃថោក។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយអាស៊ានបានចូលជាធរមានក្នុងឆ្នាំ ២០០៨ ដែលបានក្លាយជាកតិកាសញ្ញាពាណិជ្ជកម្មពហុភាគីដំបូងគេរបស់ជប៉ុន ខណៈដែលកិច្ចព្រមព្រៀងនេះបានផ្តោតលើការកាត់បន្ថយពន្ធគយលើទំនិញ ហើយបានផ្តល់ការចរចារបន្ថែមទៀតលើសេវាកម្មនិងការវិនិយោគ។

ប្រទេសជប៉ុនក៏មានការចូលរួមផងដែរនៅក្នុងការចរចារសម្រាប់ភាពជាដៃគូសេដ្ឋកិច្ច ទូលាយកម្រិតតំបន់ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរីដែលនឹងរួមបញ្ចូលអាស៊ានជាមួយនិងប្រទេសដទៃទៀតរួមមានប្រទេសចិន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់។

ការចរចាលើកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថាជាភាពជាដៃគូសេដ្ឋកិច្ច ទូលាយកម្រិតតំបន់ (RCEP) គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំនេះទោះ បើទោះបីជាមានបញ្ហាតិចតួចដែលបណ្ដាលមកពីការដកខ្លួនចេញរបស់ប្រទេសឥណ្ឌាក៏ដោយ។

ប្រទេសជប៉ុនគឺជាម្ចាស់ជំនួយដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជាក្នុងការជួយប្រទេសនេះកសាងឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ ចាប់តាំងពីឆ្នាំ ១៩៩២ ប្រទេសជប៉ុនបានផ្តល់ថវិកាជាង ២ ពាន់លានដុល្លារដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអប់រំនិងប្រព័ន្ធសុខាភិបាលឡើងវិញ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជានិងចិនគ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅចុងឆ្នាំនេះ៕ រាយការណ៍បន្ថែមដោយកាសែតបាងកកប៉ុស្តិ៍

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ប្រៃសណីយ៍កម្ពុជាបើកទទួលបញ្ញើពីប្រទេសមួយចំនួនឡើងវិញ

Next Article

ប្រតិបត្តិករ​ទេសចរណ៍​បើក​កញ្ចប់​បញ្ចុះ​តំលៃ​ពិសេស​