ភ្នំពេញៈ ជាមួយ​នឹង​ការប្ដេជ្ញា​បង្ក្រាប​បទល្មើស​នាំចូល​ទំនិញ​ក្លែងក្លាយ​បន្ថែមទៀត គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​ពី​ម្សិលមិញ​បាន​កម្ទេច​គ្រឿងឧបភោគ​បរិភោគ​គ្មាន​គុណភាព និង​ឱសថ ព្រមទាំង​ផលិតផល​ក្លែងក្លាយ​សរុប​ជាង​ ១៣០ ​តោន​ដែល​សមត្ថកិច្ច​បង្ក្រាប​រយៈពេល​ ៥ ​ខែ​នៃ​ឆ្នាំនេះ​ក្នុង​ចំនួន​ជាង ​២០ ​ករណី​។

លោក​ មៀច សុផាន់ណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ​ថ្លែងថា ទំនិញ​ដែល​ត្រូវបាន​កម្ទេចចោល​នេះ ភាគច្រើន​ជា​ឱសថ​ដែល​នាំចូល​ខុសច្បាប់ ឱសថ​ក្លែងក្លាយ និង​ឱសថ​បុរាណ​ចិន​ខូច​គុណភាព​។ ក្រៅពីនេះ​មាន​គ្រឿងសម្អាង គ្រប់​ប្រភេទ ទឹកបរិសុទ្ធ ទឹកក្រូច នំកញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

លោក​ថា​ក្នុង​នាម​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក​ប្ដេជ្ញា​ចាត់វិធានការ និង​បង្ក្រាប​គ្រប់មុខ​ទំនិញ​ដែល​ខុស​ច្បាប់ និង​ខូច​គុណភាព​ទាំងអស់​ដែល​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​កម្ពុជា​។ លើសពីនេះ​មិន​ត្រឹមតែ​ការងារ​បង្ក្រាប​ប៉ុណ្ណោះ​ទេ គណៈកម្មាធិការ​នឹង​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ទំនិញ​គ្មាន​គុណភាព និង​ការ​នាំចូល​គ្មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​។

លោក​បញ្ជាក់ថា​៖ «​បងប្អូន​សួរ​មក​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​យើង​ចាប់​បាន​ទំនិញ​ទាំងនេះ​ច្រើន​ម្ល៉េះ​នៅពេល​នេះ​? ខ្ញុំ​សូម​ជម្រាប​ថា យើង​បាន​ធ្វើជា​ហូរហែ​មកហើយ​។ ប៉ុន្ដែ​មួយរយៈ​ចុងក្រោយ​នេះ​គឺ​មាន​ការបង្ហាញមុខ​ទំនិញ​ច្រើន​តាម​អនឡាញ អ៊ីចឹង​យើង​មាន​ការងាយស្រួល​ក្នុង​ការរក​អត្តសញ្ញាណ និង​បង្ក្រាប​។ ពីមុន​មាន​ច្រើន​ដែរ ប៉ុន្ដែ​មិនមាន​លក់​តាម​អនឡាញ អ៊ីចឹង​យើង​ពិបាក​ក្នុង​ការស្វែងរក​ប្រភព​បង្ក្រាប​»​។

មន្ត្រី​រូបនេះ​បន្តថា បទល្មើស​ជួញដូរ​ទំនិញ​ក្លែងក្លាយ​ទាំង​ ១៣០ ​តោន​នេះ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចំនួន​ជាង​ ២០ ​ករណី ប៉ុន្ដែ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​ជនល្មើស​ទេ​។ ក្នុងនោះ​មាន​អ្នក​ជាប់ទោស​នៅ​ពន្ធនាគារ​ចាប់ពី ៥-១០ ​ឆ្នាំ​មួយ​ចំនួន​ត្រូវ​បាន​កាត់ទោស​ឲ្យ​ព្យួរទោស​នៅក្រៅ​ឃុំ និង​ខ្លះ​ត្រូវធ្វើ​ការផាកពិន័យ​ជា​អន្តរកាល​។

ទំនិញ​ដែល​មន្ត្រី​អះអាង​ថា​ខុសច្បាប់​ និង​ក្លែងក្លាយ​ត្រូវបាន​កម្ទេចចោល​នៅ​ខណ្ឌដង្កោ ម្សិលមិញ​។ហុង មិនា

លោក​ សុផាន់ណា បន្ថែម​ថា​ទោសទណ្ឌ​ចំពោះ​អ្នក​ដែល​ចរាចរ​ទំនិញ​ខុសច្បាប់ និង​គ្មាន​គុណភាព​នេះ គឺ​ទោស​ខ្លះ​មន្ត្រី​ជំនាញ​វាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង​ត្រឹម​ពិន័យ អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ​។ ប៉ុន្ដែ​ទោស​ខ្លះទៀត​ត្រូវ​បញ្ជូន​ទៅ​តុលាការ ដោយសារ​ពួកគាត់​ចរាចរ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​បើ​មាន​អ្នក​គ្រោះថ្នាក់​ដោយសារ​ទំនិញ​នោះ​គឺ​ត្រូវ​សង​សំណង​ទៅ​ជនរងគ្រោះ និង​ត្រូវ​បន្ថែម​ទោស​លើ​នេះ​ទៀត​។

កម្មវិធី​កម្ទេចចោល​ឱសថ​ក្លែងក្លាយ​​អន់​គុណភាព និង​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​សំរាម​ដង្កោ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​មន្ត្រីរាជការ​ជិត​ ៣០០ ​នាក់​។

លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដែល​ចូលរួម​ក្នុង​ពិធី​នោះ តំណាង​ឲ្យ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ថា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​គោរព​ច្បាប់​។ ប្រសិនបើ​មិន​គោរព​ច្បាប់ ពួកគេ​នឹងត្រូវ​ផាកពិន័យ​ដែល​ធ្វើឲ្យ​ខាតបង់​លុយកាក់ ខាត​ផលប្រយោជន៍​នានា និង​ពេលវេលា​ថែមទៀត​។ ម្យ៉ាងទៀត​ពួកគេ​បាន​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ផ្សេងៗ​ទៀត ដែល​ធ្វើឲ្យ​ខូចសុខភាព​ធ្ងន់ធ្ងរ ហើយ​ឈាន​ដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន​យើង​រួមគ្នា​គោរព​ច្បាប់​ទាំងអស់​គ្នា ហើយ​ចំពោះ​អ្នកទិញ​ទំនិញ​ត្រូវ​ពិនិត្យមើល​ផលិតផល​ដែល​ខ្លួន​ចង់​ទិញ​ឲ្យ​បាន​ច្បាស់លាស់​តាមរយៈ​ការពិនិត្យ​កាលបរិច្ឆេទ​ហួសកំណត់ និង​តែម​អង្គភាព​ជំនាញ​បិទ​លើ​មុខ​ទំនិញ​នោះ​។ ជាពិសេស​ពេល​ទិញ​ឱសថ ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​មែនទែន កាលបរិច្ឆេទ និង​វេជ្ជបញ្ជា​ជាដើម​»​។

លោក​ ម៉ម ប៊ុនហេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់វិធានការ​លើ​ជនខិលខូច​ដែល​នៅតែ​បន្ត​នាំចូល ឬ​ធ្វើ​ចរាចរណ៍​ទំនិញ​នៅលើ​ទីផ្សារ​កម្ពុជា​ដោយ​គ្មាន​ច្បាប់ និង​គ្មាន​គុណភាព ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ សមត្ថកិច្ច​ត្រូវតែ​បញ្ជូន​ពួកគេ​ទៅ​តុលាការ ដើម្បី​ជា​ការព្រមាន និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​៕

វីដេអូ៖