ក្រចេះ: លោក​ឧកញ៉ា​ គង់ ក្រឹង ​ដែលល្បី​ខាងមុខ​ជំនួញ​ឈើ ​ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ នៅ​បញ្ជាការ​ដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​នា​ពាក់​កណ្តាល​ខែ​សីហា​នេះ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

លិខិត​កោះហៅ​ចេញ​ថ្ងៃទី ១​ ខែ សីហា ​ដែលភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពីម្សិលមិញ​ ដោយ​លោក​ឧត្តមសេនីយ៍​ឯក ហុង វិណុល ​មេបញ្ជាការរង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និងជា​ប្រធាន​ក្រុម​ការងារ​ទប់ស្កាត់ ​និងបង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ​នៃ​គណៈកម្មការ​ជាតិ​ ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ គឺ​លោក​ ហុង វិណុល ​កោះ​ហៅ​ឲ្យ​លោក​ឧកញ៉ា​គង់ ក្រឹង ​ចូលខ្លួន​ទៅ​បំភ្លឺ​នាព្រឹក​ថ្ងៃទី ១៥ ​ខែ​ សីហា​ ខាងមុខនេះ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ។

លិខិត​កោះហៅ​បញ្ជាក់ថា ​«កោះហៅ ​ឈ្មោះ ​គង់ ក្រឹង​ ភេទ​ប្រុស ​សញ្ជាតិ​ខ្មែរ ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ដី​ច្រាប​ថ្មី ​ឃុំ ២ ធ្នូ​ ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​ជា​ម្ចាស់​គេហដ្ឋាន ​មាន​រោង​សិប្បកម្ម ​ឈ្មោះ ​ម៉ាត់ ណា​ស៊ាត​ ត្រូវ​ចូល​បំភ្លឺ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ ​នៅ​ថ្ងៃទី ១៥​ សីហា ​ឆ្នាំ ២០១៩ ​វេលា​ម៉ោង ៨: ០០ នាទី​ព្រឹក ​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ»។

លោក ​អេង ហ៊ី ​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការកោះហៅ​ឧកញ៉ា​ គង់ ក្រឹង​ នេះ​បានទេ ​ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។

បន្ទាប់ពី​មាន​ដីការ​កោះហៅ​ឧកញ៉ា​ គង់ ក្រឹង​ គេហទំព័រ​ហ្វេស​ប៊ុក​របស់​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បានបង្ហាញ​ពី​ម្សិលមិញដែរ​ថា ​ខណៈ​ពេល​នេះ​លោកនាយ​ឧត្តម​សេនីយ៍ សៅ សុខា ​អគ្គមេបញ្ជាការ​រង​នៃ​កង​យោ​ធ​ពល​ខេមរភូមិន្ទ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្ម​ជាតិ ​នៅ​សាលាខេត្ត​មណ្ឌល​គិរី​ ព្រឹក​ថ្ងៃ​អង្គារ ទី ៦​ ខែ សីហា ​ឆ្នាំ ២០១៩ ​ដោយមាន​ការចូលរួម​ពី​អន្តរក្រសួង ​និង​ស្ថាប័ន​ចម្រុះ​ដែលមាន​ការ​ពាក់ព័ន្ធ។

ទោះយ៉ាង​ណា ​កិច្ចប្រជុំ​នេះ ​មិនទាន់មាន​ការបញ្ជាក់​ពី​លទ្ធ​ផល​នៅ​ឡើយទេ ​ដោយសារ​ក្នុងនោះ​លោក​ ស្វាយ សំ​អ៊ាង​ អភិបាល​ខេត្ត​មណ្ឌល​គិរី ​លោក​ ហែម បូ​ណា​រ៉ែល ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌល​គិរី ​លោក​ កែវ សុភគ៌​ ប្រធាន​មន្ទីរ​បរិ​សា្ថ​ន​ខេត្ត​មណ្ឌល​គិរី ​និង​លោក សុក សេ​រ៉ា ​អ្នកនាំ​ពាក្យ​រដ្ឋបាលខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ​ មន្ត្រី​ទាំង​នោះ ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ ​ដោយ​ពួកលោក​បាន​បិទ​ទូរស័ព្ទ​ទាំង​អស់។

ពាក់​ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ​មាន​ឧកញ៉ា​ចំនួន ​៣ នាក់​ហើយ ​ត្រូវបាន​លោក ហៀ​ង សុភក្ត្រ ​ព្រះរាជអាជ្ញា ​និង​លោក ​ម៉ម វ៉ាន់ដា ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ បានចេញ​ដីកាផ្សេងៗ​គ្នា​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បទល្មើស​ព្រៃឈើ។ ក្នុង​នោះ​មាន​ ឧកញ៉ា​ ស្រ៊ុន ម៉េង​លាង ​ភេទ​ប្រុស​ អាយុ ៥៨ ឆ្នាំ ​ជា​ម្ចាស់​ក្រុមហ៊ុន ម៉េង​លាង​ ឧកញ៉ា​ តុប វីដា ​ភេទ​ប្រុស​ ជា​ម្ចាស់​ក្រុមហ៊ុន​វិជ្ជរី ​និង​ឧកញ៉ា ​វន់ ប៊ុន​ថៃ ​ភេទ​ប្រុស ​កើត​ឆ្នាំ ១៩៦៤ ​ខណៈ​ឧកញ៉ា ​ស៊ឹង សំអុល​ ត្រូវ​បាន​តុលាការ​ខេត្តមណ្ឌល​គិរី​សម្រេច​ឃុំខ្លួន​បណ្ដោះ​អាសន្ន។

ក្រៅពី​នេះ ​មានមនុស្ស​ជាង​ ១០ នាក់​ផ្សេង​ទៀត​ មាន​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កោះញែក ​ម្ចាស់​ក្រុមហ៊ុន​ នាយក​ក្រុម​ហ៊ុន ​អ្នក​ចាត់ចែង​ក្រុមហ៊ុន ​ដែល​ក្រៅពីជនជាតិ​ខ្មែរ​ ក៏មាន​ជន​ជាតិ​ចិន ​និង​វៀតណាម​ផងដែរ ​ត្រូវបាន​តុលាការកោះ​ហៅ​ឲ្យចូល​ខ្លួន​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ៕