ភ្នំពេញ: ក្រុមហ៊ុន​ជប៉ុន Nittetsu Mining Cambodia., Ltd ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ទង់ដែង​នៅ​ខេត្ត​ស្ទឹងត្រែង​នឹង​ចាប់ផ្តើម​ការរុករក​នៅ​ដើម​ឆ្នាំ​ ២០២០ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​កំពុង​សិក្សា​ផលប៉ះពាល់​បរិស្ថាន​។ នេះ​បើ​យោងតាម​មន្ត្រី​ក្រសួង រ៉ែ និង​ថាមពល​។

ក្រុមហ៊ុន Nittetsu Mining Cambodia., Ltd ជា​បុត្រសម្ព័ន្ធ​ក្រុមហ៊ុន Japan Oil Gas and Metals Corp (JOGMEC) កាលពី​សប្តាហ៍​មុន​បាន​រៀបចំ​សិក្ខាសាលា​រួមគ្នា​ជាមួយ​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល និង​មន្ត្រី​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង​ស្តីពី​កិច្ចពិគ្រោះ​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​នៃ​គម្រោង​ស្វែងរក​ធនធាន​រ៉ែ​នេះ​។

ក្រុមហ៊ុន​នេះ​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល​កាលពី​ខែ​មេសា ដើម្បី​រុករក​រ៉ែ​លោហៈ និង​ទង់ដែង​នៅ​ឃុំ​អន្លង់ជ្រៃ ស្រុក​ថាឡាបរីវ៉ាត ខេត្ត​ស្ទឹងត្រែង​លើ​ផ្ទៃដី​ជាង ១៣៦ គីឡូម៉ែត្រ​ការ៉េ​។

លោក យស មុនីរ៉ាត់ អ្នក​នាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹងថា អាជ្ញាប័ណ្ណ​នេះ​ជា​ជំហាន​ដំបូង​សម្រាប់​សិក្សា​ស្វែងរក​ធនធាន​រ៉ែ​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ​។

លោក​ថ្លែង​ថា​៖ «​វា​កើតចេញ​ពី​កិច្ចសហប្រតិបត្តិការ​រវាង​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ជាមួយ​ក្រុមហ៊ុន​នេះ​ជា​លទ្ធផល​សិក្សា​វាយតម្លៃ​សក្តានុពល​រ៉ែ​ជំហាន​ដំបូង​លក្ខណៈ​ភូមិសាស្ត្រ​បង្ហាញថា​ចំណុច​នេះ​អាច​នឹង​មាន​រ៉ែ​លោហៈ និង​ទង់ដែង​»​។

លោក​ ហម គឺមគង់ នាយក​ក្រុមហ៊ុន E&A Consultant ដែល​ទទួល​សិក្សា​វាយតម្លៃ​ផលប៉ះពាល់​នៃ​គម្រោង​របស់​ក្រុមហ៊ុន Nittetsu Mining បាន​ឲ្យ​ដឹងថា ការសិក្សា​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ​ហើយ​ការរុករក​នឹង​អាច​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​ ២០២០​។

JOGMEC បាន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​រុករក​រ៉ែ​មាស​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Angkor Gold របស់​កាណាដា​កាលពី​ឆ្នាំ​ ២០១៦ ក្នុងការ​រុករក​រ៉ែ​មាស​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។ កិច្ចព្រមព្រៀង​នេះ​បានផ្តល់​ជម្រើស​ឲ្យ JOGMEC ទិញ​ភាគហ៊ុន​ ៥១ ​ភាគរយ​ នៃ​អាជ្ញាប័ណ្ណ​សម្រាប់​ការវិនិយោគ​សរុប​ ៣ ​លាន​ដុល្លារ​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ​។

កាលពី​ឆ្នាំ​ ២០១០ ​ក្រុមហ៊ុន JOGMEC បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា ដើម្បី​សិក្សា និង​រុករក​ប្រេង​ក្នុង​ដី​នៅ​ភាគ​ពាយព្យ​​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​មក​ដល់​​ពេល​នេះ​មិនមាន​ព័ត៌មាន​ចុងក្រោយ​ស្តីពី​គម្រោង​នេះ​ទេ​៕