ភ្នំពេញៈ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានបញ្ចូលឈ្មោះកសិករចំនួន ១០០ នាក់ជាបេក្ខជនតំណាងរាស្ត្រក្នុងចំណោមបេក្ខជនរបស់ខ្លួន ២៧៥ រូបសម្រាប់ឈរឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតអាណត្តិទី ៦ នាចុងខែក្រោយនេះដែលជាជំហានមួយឆ្ពោះទៅរកភាពស្និទ្ធស្នាល និងស្គាល់ពីតម្រូវការពិត ឬដឹងទុក្ខធុរៈរវាងតំណាងរាស្ត្រ និងប្រជាពលរដ្ឋនៅពេលពួកគេបានជាប់ឆ្នោត។
បើតាមលោក យ៉ង សាំងកុមារ ជាបេក្ខជននាយករដ្ឋមន្ត្រីនៃ គ.ប.ម. ឲ្យដឹងពីម្សិលមិញថាការដាក់បេក្ខភាពតំណាងរាស្ត្រដែលជ្រើសចេញពីប្រភពកសិករបែបនេះគឺដើម្បីឲ្យស្របតាមគោលការណ៍ដែលអនុវត្តពីក្រោមឡើងមកលើ ហើយការជ្រើសកសិករឲ្យឈរជាបេក្ខជនតំណាងរាស្ត្រដោយសារពួកគេយល់ពីបញ្ហារបស់កសិករ ហើយអាចការពារប្រយោជន៍របស់កសិករក៏ដូចជាការពារប្រយោជន៍នៅក្នុងវិស័យផ្សេងៗរបស់កម្មករ អាជីវករជាដើម។ នេះជាបក្សនយោបាយដំបូងគេមួយដែលជ្រើសរើសបេក្ខជនតំណាងរាស្ត្រចេញពីប្រភពកសិករ។
លោកថ្លែងថា៖ «កសិករគាត់ចូលរដ្ឋសភាទៅគាត់នឹងលើកពីបញ្ហាកសិករ ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាកសិករ។ យើងចង់ឃើញតំណាងរាស្ត្រក្នុងអាណត្តិថ្មីហ្នឹងជាតំណាងរាស្ត្រដែលជាតំណាងប្រជាពលរដ្ឋនៅមូលដ្ឋានពិតប្រាកដ ហើយជាតំណាងឲ្យប្រជាពលរដ្ឋខាងវិស័យផ្សេងៗ»។
ការជ្រើសរើសបេក្ខជនតំណាងរាស្ត្រដែលមានប្រភពពីកសិករបែបនេះលោក យ៉ង សាំងកុមារ បញ្ជាក់ដែរថាធ្វើស្របទៅតាមច្បាប់ផងដែរ ដោយមិនតម្រូវឲ្យបេក្ខជនម្នាក់ៗត្រូវតែមានចំណេះដឹង ឬសញ្ញាបត្រខ្ពង់ខ្ពស់នោះទេ សំខាន់មានឈ្មោះបោះឆ្នោត និងមានអាយុចាប់ពី ២៥ ឆ្នាំឡើង។ ជាពិសេសផ្អែកទៅលើសមត្ថភាពរបស់ពួកគេដែលជាកសិករមានសមត្ថភាពយល់ដឹងអាចដោះស្រាយបញ្ហានៅតាមមូលដ្ឋានរបស់ពួកគេដែលជាកសិករ។
លោកបន្ថែមថា៖ «សូម្បីតែតំណាងរាស្ត្រដែលបច្ចុប្បន្នកំពុងធ្វើការមួយចំនួនក៏គាត់អត់មានសញ្ញាបត្រអីធំដុំដែរ ពិសេសចាស់ៗកូតាគណបក្សប្រជាជនអីជាដើម។ អ៊ីចឹងជារួមគឺវាទាក់ទងទៅលើគុណសម្បត្តិទាក់ទងនឹងសមត្ថភាពក្នុងការយល់ដឹងបញ្ហានៅតាមមូលដ្ឋានទាក់ទងអត្តចរិត សីលធម៌រស់នៅរបស់គាត់»។
លោក យ៉ង សាំងកុមារ សង្កត់ធ្ងន់ថា៖ «យើងត្រូវការតំណាងរាស្ត្រដែលជិតស្និទ្ធនឹងរាស្ត្រ មិនមែនតំណាងរាស្ត្រជាលោកធំ ជាឯកឧត្តម ជាអ្នកធំអីមករាស្ត្រអត់ហ៊ានទៅជិតអ៊ីចឹងណា»។
បើតាមលោក កុមារ ក្នុងចំណោមបេក្ខជនតំណាងរាស្ត្រជាកសិករចំនួន ១០០ រូបនោះគឺមានពី ៣០-៤០ រូបជាបេក្ខជនពេញសិទ្ធិដែលនឹងឈរឈ្មោះជាតំណាងរាស្ត្រហើយក្នុងនោះមានបេក្ខជនលេខរៀងទី ១ ចំនួន ៣ រូបមាននៅខេត្តព្រៃវែង ត្បូងឃ្មុំ និងខេត្តកំពង់ឆ្នាំង ឯបេក្ខភាពជាស្ត្រីមាន ៤ រូប។
បេក្ខជនតំណាងរាស្ត្រម្នាក់នៃ គបម មកពីខេត្តកំពតឈ្មោះ អួន សុផល អាយុ ៥៣ ឆ្នាំឲ្យដឹងថាលោកគឺជាកូនកសិករ ហើយថាលោកមានឈ្មោះជាប់ជាបេក្ខជនតំណាងរាស្ត្រនេះគឺជាកិត្តិយសណាស់សម្រាប់កសិករ។
លោកបន្ថែមថាជាងនេះទៀតក្នុងនាមជា តំណាងរាស្ត្រ ត្រូវតែដឹងបញ្ហា និងតម្រូវការរបស់ពលរដ្ឋ និងតស៊ូមតិទាមទារឲ្យរដ្ឋសភាអនុម័តច្បាប់សម្រាប់ប្រយោជន៍កសិករ។ លោក អួន សុផល និយាយថា៖ «កសិករត្រូវទទួលបានទុនទីផ្សារ ឬមួយបច្ចេកទេសកសិកម្ម ឬមួយក៏ទុនកម្ចីដែលមានការប្រាក់ទាប។ នេះហើយដែលជាផលប្រយោជន៍កសិករព្រោះតំណាងរាស្ត្រកន្លងមកមិនដែលការពារនូវប្រយោជន៍ ឬក៏ទាមទារនូវ [ផលប្រយោជន៍] ទាំងអស់នេះទេ។ ព្រោះតំណាងរាស្ត្រមុនៗគាត់មិនមែនជាកសិករ គាត់មិនដឹង [បញ្ហារបស់] កសិករពិតប្រាកដ»។
បើទោះបីជាកសិករ អួន សុផល បានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី ៩ ថ្មីក៏ដោយប៉ុន្តែបេក្ខជនរូបនេះអះអាងថាបើលោកជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រនោះមិនមែនជាឧបសគ្គផ្តល់ការលំបាកដល់លោកក្នុងការបំពេញតួនាទីបម្រើរាស្ត្រនោះទេ។ ព្រោះលោកក៏ជាកសិករធ្លាប់មានបទពិសោធដឹកនាំពីសហគមន៍ រហូតដល់បណ្តាញកសិករថ្នាក់ជាតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចមិនធ្វើអត្ថាធិប្បាយស៊ីជម្រៅទៅលើជម្រើសរបស់ គបម នោះទេ ដោយគ្រាន់តែថានេះជាការសម្រេចនៅក្នុងគោលនយោបាយរបស់គណបក្សនីមួយៗ ដូច្នេះមិនមានអ្វីត្រូវចាប់អារម្មណ៍នោះទេ ហើយថាមន្ត្រីភាគច្រើនក៏កើតចេញពីកូនកសិករផងដែរ។
លោកថ្លែងថា៖ «វាមិនខុសគ្នាអីប៉ុន្មានទេ [ខុស] ត្រង់ថាគាត់ប្រើពាក្យ [ជ្រើសរើសពីកសិករ] ។ គាត់ជ្រើសរើសពីកសិករមកជារឿងគាត់ ជាសិទ្ធិរបស់គាត់ ជាលទ្ធភាពរបស់គាត់»។
អ្នកវិភាគនយោបាយលោក មាស នី យល់ស្របនឹងការលើកឡើងរបស់លោក យ៉ង សាំងកុមារ ប៉ុន្តែ លោកថាសម្រាប់អ្នកដែលជាបេក្ខជនក្នុងកម្រិតសភា គឺជាអ្នកដែលត្រូវយល់ដឹងអំពីការបង្កើតនូវច្បាប់ និងគោលនយោបាយផ្សេងៗដូច្នេះការបង្កើតច្បាប់ គោលនយោបាយក៏ត្រូវការស្គាល់អំពីបទពិសោធពិតរបស់កសិករ ឬក៏ក្រុមគោលដៅហ្នឹងដែរ។
លោក មាស នី ថា៖ «ក៏ប៉ុន្តែអាកិច្ចការអស់ហ្នឹងជាកិច្ចការដែលត្រូវធ្វើទៅតាមប្រព័ន្ធ។ មិនចាំបាច់ដល់តែកសិករហ្នឹងគាត់ឡើងទៅធ្វើជាសភាបានអាចបង្កើតគោលនយោបាយហ្នឹងត្រូវទេ។ ខ្ញុំនិយាយនេះមិនមែនបានន័យថាខ្ញុំរើសអើងកសិករទេ ក៏ប៉ុន្តែគួរតែពិនិត្យមើលឲ្យបានស៊ីជម្រៅ ថា តើគុណភាព ឬក៏លក្ខណសម្បត្តិកសិករប្រភេទណា ដែលនឹងអាចឡើងមកធ្វើជាបេក្ខជនរបស់សភាបាន?»។
លោកបន្ថែមថា៖ «ខ្ញុំមើលទៅកសិករខ្មែរឥឡូវ ក៏មិនមែនបានន័យថាមានតែកសិករសុទ្ធទេគឺមានបញ្ញវន្តមួយចំនួនក៏គាត់បានដាក់ខ្លួនទៅធ្វើជាកសិករផងដែរ ដែលជារឿងមួយអ្នកនយោបាយត្រូវគិត»៕