ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្ក្រាប​អ្នក​ចងការ​ប្រាក់​ខុស​ច្បាប់​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​ព្រមាន​ដល់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការយក​ប្រាក់កម្ចី​ពី​គ្រឹះស្ថាន​ដែល​មិន​ស្គាល់​ច្បាស់​។

NBC បាន​កត់សម្គាល់​ថា​អ្នក​ផ្តល់​កម្ចី​ខុស​ច្បាប់​កំពុង​បង្កើន​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្ដល់​កម្ចី​របស់​ពួកគេ តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម ការ​ចែកចាយ​ខិត្តប័ណ្ណ ឬ​ការបញ្ជូនសារ​ដើម្បី​ផ្សព្វផ្សាយ​កម្ចី​របស់​ពួកគេ​។ ធនាគារ​នេះ​បន្ថែម​ថា​មាន​គ្រោះថ្នាក់​ជាច្រើន ប្រសិន​បើ​ប្រជាជន​ប្រើប្រាស់​កម្ចី​ខុស​ច្បាប់​ទាំង​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ NBC លើក​ឡើង​ថា​៖ «​អតិថិជន​អាច​ប្រឈម​មុខ​​នឹង​បំណុល​វ័ណ្ឌក ដោយសារ​អត្រា​ការប្រាក់ និង​កម្រៃ​សេវា​ផ្សេងៗ​ខ្ពស់​យ៉ាង​ខ្លាំង​ជាង​គ្រឹះស្ថាន​ដែល​ស្រប​ច្បាប់​»​។ NBC បន្ថែម​ថា​៖ «​ទ្រព្យ​ធានា​របស់​អតិថិជន​អាច​ត្រូវ​បាន​ក្រុមហ៊ុន ឬ អ្នក​ផ្តល់​កម្ចី​ខុស​ច្បាប់​រឹបអូស​ដោយ​ពុំ​ឆ្លងកាត់​ការសម្រេច​ពី​តុលាការ​ជាដើម​»​។

ទោះបី​ជា​ការ​បង្ហាញ​ថា NBC កំពុង​ស្វែងរក​កិច្ចសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ក្នុង​ការបង្ក្រាប​អ្នក​ចងការ​ប្រាក់​ខុសច្បាប់​ក៏ដោយ ក៏​សេចក្ដី​ប្រកាស​ពី​និយតករ​ហិរញ្ញវត្ថុ​កម្ពុជា​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​នោះ​ទេ​។ លោកស្រី ជា សិរី អគ្គនាយិកា NBC មិន​អាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម​លើ​បញ្ហា​នេះ​បាន​ទេ​។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កាលពី​ខែ​ឧសភា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ដោយ​ព្រមាន​ដល់​សាធារណជន​អំពី​គ្រោះថ្នាក់​នៃ​ការ​កើនឡើង​របស់​អ្នក​ចងការ​ប្រាក់​ខុស​ច្បាប់​នេះ​ដែរ​។

ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​កម្ចី​ជា​សាច់ប្រាក់​ងាយស្រួល​កំពុង​កើនឡើង​​រីក​រាលដាល​កាន់តែ​ច្រើន​នៅ​ពេល​ថ្មីៗ​នៅលើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ព្រម​ទាំង​ការផ្សព្វផ្សាយ​តាម​រ៉ឺម៉ក​ម៉ូតូ​។ ជារឿយៗ​សេវា​ទាំង​នេះ​នឹង​ផ្ដល់​កម្ចី​ដោយ​មិន​ត្រូវការ​ទ្រព្យ​បញ្ចាំ ប៉ុន្តែ​សេវា​នេះ​មិន​ដែល​បង្ហាញ​អត្រា​ការប្រាក់​នោះ​ទេ​។

បច្ចុប្បន្ន​នេះ​ក៏​មាន​ករណី​ជាច្រើន​នៃ​ការផ្សព្វផ្សាយ​ខិត្តប័ណ្ណ​ផ្តល់​កម្ចី​ដែល​ភាគច្រើន​ត្រូវ​បាន​គេ​ដើរ​ចែក​តាម​ផ្ទះ ឬ​តាម​កន្លែង​អាជីវកម្ម​តូចៗ និង​មធ្យម នានា​ក្នុង​ទីក្រុង​ភ្នំពេញ​។ ភាគច្រើន​នៃ​ខិត្តប័ណ្ណ​ផ្តល់​កម្ចី​គឺ​សរសេរ​អក្សរ​ចិន ឬ​គេ​បញ្ជាក់​ថា​កម្ចី​ទាំងនេះ​គឺ​កាន់កាប់​ដោយ​ជនជាតិ​ចិន​។

ខណៈ​កម្ចី​ដែល​បាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​មិន​ទទួល​បាន​អាជ្ញាប័ណ្ណ​មាន​គ្រោះថ្នាក់​ខ្លាំង​លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting បាន​ថ្លែង​ថា NBC គួរតែ​ចាត់​វិធានការ​ធ្ងន់ធ្ងរ​ជាជាង​គ្រាន់តែ​ធ្វើការ​ប្រកាស ដើម្បី​គ្រប់គ្រង​បញ្ហា​នេះ​។

លោក​ថ្លែង​ថា​៖ «​ប្រជាជន​របស់​យើង​នៅតែ​មាន​ចំណេះដឹង​ទាប​ផ្នែក​ហិរញ្ញវត្ថុ ដែល​មាន​ន័យ​ថា​យើង​ត្រូវការ​និយតករ​ហិរញ្ញវត្ថុ​ក្នុង​ការធ្វើ​ការងារ​យ៉ាង​សកម្ម ដើម្បី​ការពារ​សាធារណជន​»​។

លោក​បាន​បន្ថែម​ទៀត​ថា​៖ «​ប្រសិន​បើ​យើង​អនុញ្ញាត​ឲ្យ​ប្រតិបត្តិករ​មិន​មាន​អាជ្ញាប័ណ្ណ​ផ្ដល់​សេវា​ដូចគ្នា វា​មិន​ស្មើភាព​ចំពោះ​គ្រឹះស្ថាន​ផ្លូវការ​នោះ​​ទេ​។ វា​បង្អាក់​ទឹកចិត្ត​ដល់​ប្រតិបត្តិករ​ក្នុង​ការចូលរួម​ក្នុង​វិស័យ​ផ្លូវការ​នេះ​»៕LA