ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បង្កើត​ក្រុម​ត្រួតពិនិត្យ​ផ្លូវ​ពិសេស​មួយ​ដែល​លោក​អះអាង​ថា ដឹកនាំ​ដោយផ្ទាល់​ក្នុង​ការចុះ​ឆ្មក់​ត្រួតពិនិត្យ​ផ្លូវ​កំពុង​សាងសង់​ក្នុង​គោលបំណង​ពង្រឹង​គុណភាព​ផ្លូវ​ឲ្យ​មាន​ស្តង់ដា​ខ្ពស់​។

លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រុម​ការងារ​ថ្មី​នេះ គឺជា​ក្រុម​ពិសេស​មួយ​សម្រាប់​ចុះ​ឆ្មក់​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​គ្រប់កន្លែង​ទាំងអស់​ដែល​កំពុង​សាងសង់​ដោយ​មិន​មាន​ការជូន​ដំណឹង​ជាមុន​ឡើយ​។

លោក ចន្ទតារា ថ្លែង​ថា​៖ «​យើង​នឹងមិន​មានការ​ជូនដំណឹង​មុន​ដល់​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ផ្លូវ​នោះទេ គឺ​យើង​ឆ្មក់​ចុះ​ទៅ​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​នោះ​តែម្ដង​។ ក្រុម​ដែល​ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​រៀបចំ​នេះ​គឺ​ក្រុម​ដែល​ឆ្មក់ ដោយ​មាន​ម៉ាស៊ីន​ទំនើប និង​អ្នក​បច្ចេកទេស​ឆ្មក់​ពិនិត្យ​ខួង​មើលផ្លូវ​ដែល​កំពុង​សាងសង់​នោះ​ភ្លាមៗ​តែម្ដង ដើម្បី​ពង្រឹង​គុណភាព​ផ្លូវ​ឲ្យ​ស្របតាម​ស្ដង់ដា​»​។ ​

លោក ចន្ទតារា ថ្លែង​ថា​៖ «​ក្រុម​ពិសេស​នេះ​បើ​ចុះទៅ​ពិនិត្យឃើញ​ការស្ថាបនា​ផ្លូវ​មាន​ការខុស​ស្ដង់ដា ក្រសួង​នឹង​មិន​ទទួលយក​ការស្ថាបនា​នោះទេ​។ យើង​តម្រូវ​ធ្វើ​ម៉េច​ធ្វើឲ្យ​ត្រូវ​តាម​ស្ដង់ដា យើង​មិន​មាន​ការយោគយល់​ទេ​។ បើ​ការស្ថាបនា​មិន​ត្រូវ​តាម​ស្ដង់ដា​ដែល​ក្រុមហ៊ុន​សាងសង់​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​គឺ​មិន​ទទួលយក​តែម្ដង និង​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​»​។

លោក ចន្ទតារា បាន​បញ្ជាក់​ថា​ការបង្កើត​ក្រុម​ពិសេស​នេះ ព្រោះ​កន្លង​មក​មាន​ផ្លូវ​មួយ​ចំនួន​បាន​ស្ថាបនា​ឡើង​មិន​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​។

លោក ស៊ុន ចាន់ថុល ថ្លែង​តាម​វីដេអូឃ្លីប​ដែល​ចេញផ្សាយ​ដោយ Fresh News កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​ក្រុម​នេះ​គាត់​ធ្វើការ​ឱ្យ​ខ្ញុំ​ផ្ទាល់​តែម្តង មិន​បាច់ចាំ​ឱ្យ​ទៅ​តាម​អគ្គនាយក​ណា​ទេ មិន​បាច់ចាំ​ទៅ​តាម​រដ្ឋលេខាធិការ​ណា​ទេ​។ ក្រុម​នេះ​មាន​ឡាន មាន​ម៉ាស៊ីន​គ្រប់គ្រាន់​។ ខ្ញុំ​បញ្ជា​ទៅ​ឆ្មក់​ភ្លាម បើ​ត្រូវ​ខួង​គឺ​ខួង​មើល​ភ្លាម​។ យើង​មាន​អ្នក​សាងសង់​មាន​អ្នកត្រួតពិនិត្យ​បច្ចេកទេស​ឯករាជ្យ យើង​មាន​អ្នក​ត្រួតពិនិត្យ​របស់​ក្រសួង និង​មាន​អ្នកត្រួតពិនិត្យ​ឆ្មក់​ថែម​មួយទៀត ដើម្បី​តាមដាន​ឱ្យបាន​ដិតដល់​ជាទីបំផុត​ក្នុង​ការកសាង​ផ្លូវ ជួសជុល​ផ្លូវ​របស់​យើង​ឱ្យ​បានល្អ រឹងមាំ​ជាប់​បានយូរ​អង្វែង​ជូន​ប្រជាពលរដ្ឋ​យើង​»​។

លោក ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា​ផ្លូវ​ដែល​សាងសង់​នៅ​កម្ពុជា​មាន​ប្រភេទ​ផ្លូវ DBST ផ្លូវ​ចាក់​កៅស៊ូ ២ ​ស្រទាប់ និង​ផ្លូវ AC (Asphalt Concrete) ជា​ផ្លូវ​មាន​កៅស៊ូ​ក្រាស់​។ ប្រភេទ​ផ្លូវ DBST នេះ​មាន​កម្រាស់​កៅស៊ូ​ស្តើង​អាច​ប្រើប្រាស់​បាន​រយៈពេល ៥ ​ឆ្នាំ​តែ​តម្លៃ​ស្ថាបនា​មាន​តម្លៃ​ទាប​។ ចំណែក​ផ្លូវ AC មាន​កម្រាស់​កៅស៊ូ​ក្រាស់​តែ​តម្លៃ​ស្ថាបនា​ថ្លៃ​។ ប្រភេទ​ផ្លូវ​កម្រិត AC នេះ បាន​ស្ថាបនា​ឡើង​តាម​បណ្ដា​ផ្លូវជាតិ​លេខ​ ៦ ពី​ភ្នំពេញ​ទៅ​សៀមរាប​, ផ្លូវជាតិ​លេខ​ ១, ផ្លូវជាតិ​លេខ​ ២១, ផ្លូវជាតិ​លេខ​ ៤, ផ្លូវជាតិ​លេខ​ ៧ ពី​ក្រចេះ​ទៅ​ស្ទឹងត្រែង និង​ផ្លូវជាតិ​លេខ​ ៥ និង​លេខ​ ៣ ដែល​កំពុង​សាងសង់​ដែរនោះ​។

លោក ស៊ុន ចាន់ថុល ថ្លែង​ថា​៖ «​បច្ចុប្បន្ន​កម្រិត​ចរាចរណ៍​កាន់តែ​មមាញឹក ទើប​កម្ពុជា​ចាប់ផ្តើម​ពង្រីក​គុណភាព​ផ្លូវ​មួយ​ចំនួន​ទៀត​ទៅជា​កម្រិត AC ដែល​ត្រូវ​ចាក់​កៅស៊ូ​ក្រាស់ និង​ជាប់​បានយូរ​ជាង​ផ្លូវ​ប្រភេទ DBST​។ បើសិន​ជា​កម្ពុជា​ជ្រើសរើស​យក​ការសាងសង់​ផ្លូវ​មាន​កម្រិត​ជាប់​ល្អ AC តែ​ម្តង​គឺ​មិនអាច​ត​ភ្ជាប់​បាន​ឡើយ ហើយ​ខាត​ផ្នែក​សេដ្ឋកិច្ច​ថែមទៀត ព្រោះ​ផ្លូវ​នៅ​តាម​ខេត្ត​មាន​ចរាចរណ៍​តិច​នៅ​ឡើយ​»​។

លោក ព្រាប កុល នាយកប្រតិបត្ដិ​អង្គការ​តម្លាភាព​កម្ពុជា (Transparency International) បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​នេះ គួរ​មាន​ការបើក​ទូលាយ​ឲ្យ​មាន​អ្នកចូលរួម​ពី​ភាគី​ផ្សេងៗ​ផងដែរ​។

លោក ព្រាប កុល បាន​ថ្លែងថា​៖ «​យើង​មិនចាំបាច់​ធ្វើ​ដោយ​សម្ងាត់​ទេ​ឲ្យ​តែ​យើង​មាន​អ្នកជំនាញ អ្នកបច្ចេកទេស យល់ដឹង​ពី​ផ្នែក​វិស្វកម្ម​ដោយ​មើល​ទៅ​ក្នុង​កិច្ចសន្យា​ស្ថាបនា​ផ្លូវ​នោះ រួច​ជ្រើសរើស​ទីកន្លែង​ក្នុង​ការត្រួតពិនិត្យ​លើ​គុណភាព​នៃ​ផ្លូវ​នោះ​ទៅ​ថា តើ​ត្រឹមត្រូវ​តាម​ស្ដង់ដា​ដែរ​ទេ​?»៕