ភ្នំពេញៈ កម្មករ​ប្រមាណ​ ១០០ ​នាក់​មកពី​រោងចក្រ​កាត់ដេរ​ម៉ៅការ​មួយ​មាន​ទីតាំង​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ​បាន​នាំ​គ្នា​តវ៉ា​ចំពោះ​ករណី​ម្ចាស់​រោងចក្រ​មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ឱ្យ ហើយ​បាន​គេច​ខ្លួន​បាត់​។

លោក ស៊ុត ស៊ីណា នាយរង​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​ ១ ​បាន​ថ្លែង​ថា កម្មករ​បាន​ផ្តើម​ធ្វើ​បាតុកម្ម​តាំងពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​មក​ម្ល៉េះ​​ បន្ទាប់ពី​បាន​ដឹង​ថា​ម្ចាស់​រោងចក្រ​មិន​បាន​មក​បើកប្រាក់​ខែ​ឲ្យ​ពួកគេ​។ ​កម្មករ​នៅ​រោងចក្រ​នោះ​មាន​ប្រមាណ​ ២៥៧ ​នាក់ តែ​កម្មករ​​ និង​មន្ត្រី​មកពី​ក្រសួង​បាន​ជួប​គ្នា​ហើយ​។

លោក​ថា​៖ «​យើង​គ្រាន់តែ​មក​ដើម្បី​ធ្វើឱ្យ​​ប្រាកដ​ថា ពួកគេ​ធ្វើ​ដោយ​សន្តិវិធី​ប៉ុន​ណា​?

ខ្ញុំ​បាន​ឃើញ​មន្ត្រី​មកពី​ក្រសួង​ចុះសាកសួរ​កម្មករ ហើយ​ធ្វើ​របាយការណ៍​អំពី​ករណី​​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ទេ​។ ទាក់ទង​នឹង​ការបាត់បង់​សម្ភារ​រោងចក្រ​​គឺ​វា​មិនមែន​ជា​ការទទួល​ខុសត្រូវ​របស់​យើង​ទេ គឺ​កម្មករ​ការពារ​ដោយ​ខ្លួនឯង​»​។

អ្នកស្រី រស់ សុខ អាយុ​ ៣៥ ​ឆ្នាំ​ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ​ ៤ ​ឆ្នាំ ហើយ​បាន​ចូលរួម​ធ្វើការ​តវ៉ា និង​បាន​ស្នាក់​នៅក្នុង​រោងចក្រ​ ១ ​យប់​បាន​ថ្លែង​ថា ប្រាក់ខែ​ជាធម្មតា​តែង​បើក​នៅ​ពេល​រសៀល​ថ្ងៃ​ ១០ ​រៀងរាល់​ខែ តែ​ពេលនេះ​មិន​ឃើញ​។

អ្នកស្រី​ថា​៖ «​ធម្មតា​ជា​រៀងរាល់​ខែ​យើង​បើកប្រាក់​ខែ​នៅ​ថ្ងៃទី​ ១០ គឺ​នៅ​ប្រហែល​ម៉ោង​ ៣ ​រសៀល​។ ប៉ុន្តែ​នៅពេល​នោះ​យើង​មិន​បាន​ឃើញ​ថៅកែ​មក​បើក​ប្រាក់ខែ​ឲ្យ​ពួកយើង​ទេ ដូច្នេះ​ពួកយើង​គិត​ថា ច្បាស់​ជា​មាន​អ្វី​ខុស​ប្រក្រតី​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​យើង​ក៏​មិន​បាន​ឃើញ​មេក្រុម​របស់​យើង​ដែល​ជា​ជន​ចិន​ដែរ ពួកគេ​ស្រាប់​តែ​បាត់​ខ្លួន​ភ្លាមៗ​តែ​ម្តង​»​។

អ្នកស្រី​បន្ថែម​ថា​៖ «​ថ្ងៃនេះ​ពួកយើង​កំពុង​​តវ៉ា​។ ខ្ញុំ​រំពឹង​ថា ខ្ញុំ​អាច​ទទួល​បាន​ប្រាក់ខែ​ចំនួន​ ៤០០ ​ដុល្លារ​នៅក្នុង​ខែ​នេះ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើការ​ថែម​ម៉ោង​ច្រើនណាស់ ជួនកាល​ខ្ញុំ​ត្រូវ​ធ្វើការ​រហូត​ដល់​ម៉ោង​ ៨ ​ឬ​ ១០ ​យប់​ហើយ​ពេល​ខ្លះ​ធ្វើ​រហូត​ដល់​ភ្លឺ​ក៏មាន​។ ខ្ញុំ​សង្ឃឹម​ថា ក្រសួង​អាច​ផ្តល់​ដំណោះស្រាយ​ឆាប់ៗ ពីព្រោះ​ពួកយើង​ត្រូវការ​ប្រាក់​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​»​។

អ្នកស្រី​ថា​៖ «​យើង​តវ៉ា​នៅក្នុង​រោងចក្រ ដូច្នេះ​ហើយ​អតិថិជន​ដែល​រោងចក្រ​នេះ​ដេរ​ខោអាវ​ឱ្យ​នឹង​មិន​អាច​ចូល​មក​យក​ម៉ាស៊ីន និង​សម្លៀកបំពាក់​ ឬ​សម្ភារ​ផ្សេង​ទៀត​បាន​»​។

យ៉ាង​ណា​ក្ដី​លោក ស៊ីណា បាន​បញ្ជាក់​​ថា​៖ «​កម្មករ​ការពារ​សម្ភារ​រោងចក្រ​ខ្លួនឯង​...​ក្នុង​នាម​ជា​អាជ្ញាធរ​យើង​មិន​អាច​ធានា​នូវ​ការបាត់បង់​បាន​ទេ លើកលែង​តែ​ក្រសួង​ផ្តល់ដំណឹង និង​ណែនាំ​ឲ្យ​យើង​ការពារ​ដូច្នេះ​ទើប​យើង​អាច​ធ្វើ​បាន​។ យើង​គ្រាន់តែ​សង្កេត​មើល​ប៉ុណ្ណោះ​»​។

លោក ជួន វុឌ្ឍី ប្រធាន​មន្ទីរ​ការងារ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា រោងចក្រ​នោះ​គឺជា​រោងចក្រ​ម៉ៅការ​ដេរ​សម្លៀកបំពាក់​ឲ្យ​គេ​គឺ​ដេរ​ឱ្យ​រោងចក្រ​ធំៗ ហើយ​ក្រុម​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ខែ​សម្រាប់​ខែ​សីហា​។

លោក​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​យើង​កំពុង​ធ្វើការ​លើ​ករណី​នេះ វា​ជា​រោងចក្រ​ម៉ៅការ ដេរ​សម្លៀកបំពាក់​ឲ្យ​រោងចក្រ​ធំៗ​។ យើង​កំពុង​សិក្សា​មើល​ថា តើ​រោងចក្រ​ណា​ដែល​រោងចក្រ​នេះ​ដេរ​សម្លៀកបំពាក់​ឲ្យ​? យើង​យក​ចិត្ត​ទុក​ដាក់​ណាស់​ក្នុង​រឿង​នេះ ប៉ុន្តែ​មិន​អាច​ប្រាប់​បាន​ទេ​ថា ពេលណា​ទើប​មាន​ដំណោះស្រាយ​»៕ NS