ព្រះវិហារៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ បានព្រមានចេញដីកានាំខ្លួន បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលចំនួនពីរនាក់និងអ្នកភូមិដែលជាជនជាតិដើមភាគតិចគួយប្រមាណ ១០ នាក់ផ្សេងទៀត ប្រសិនបើពួកគេ មិនព្រមចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ខែវិច្ឆិកា ទាក់ទងនឹងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិនចំនួនពីរ។
យោងតាមដីកាកោះហៅចុះថ្ងៃទី ២៧ ខែកញ្ញា ដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបាន បានបង្ហាញថា ចៅក្រមស៊ើបសួរលោកជៀន ស្រស់ បានកោះហៅលោក ប៉ឹក សោភ័ណ និងលោក លូត សាំង ដែលជាបុគ្គលិកអង្គការពន្លកខ្មែរ ដែលមានមូលដ្ឋាននៅខេត្តព្រះវិហារ ឲ្យចូលខ្លួនមកសាកសួរ នៅសាលាដំបូងខេត្តព្រះវិហារនៅថ្ងៃទី ១៤ ខែវិច្ឆិកា ពីបទសមគំនិតក្នុងអំពើចាប់ឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់។
ដីកាកោះហៅ ដែលអ្នកភូមិទើបតែទទួលបាន កាលពីថ្ងៃទី ១០ខែវិច្ឆិកា បានបញ្ជាក់ថា៖«បុគ្គលនោះ ត្រូវតែយកឯកសារដែលពាក់ព័ន្ធទៅនឹងករណីនេះ ទៅជាមួយ ប្រសិនបើមាន។ ក្នុងករណីមិនចូលខ្លួន [នៅតុលាការ] តាមកាលបរិច្ឆេទខាងលើទេ នោះយើងនឹងចេញដីកានាំខ្លួន»។
លោក ប៉ឹក សោភ័ណ បានថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកាថា កាលពីខែធ្នូ ឆ្នាំ ២០១៤ អ្នកភូមិប្រមាណ ៣០០ នាក់បានឃាត់គ្រឿងចក្រក្រុមហ៊ុនឡានហ្វេង និងក្រុមហ៊ុនរួយហ្វេងចំនួន ៦ គ្រឿង ដែលកំពុងឈូសឆាយដីកំពុងមានជម្លោះជាមួយអ្នកភូមិ។ អ្នកភូមិបានឃាត់គ្រឿងចក្រពីរគ្រឿង និងអ្នកបើកបរទុកមួយយប់ មុនពេលអាជ្ញាធរមកយកគ្រឿងចក្រនិងអ្នកបើកបរទៅសាសាឃុំ ប្រមេរ។
លោកបញ្ជាក់ថា៖«នៅពេលនោះ ខ្ញុំបានទៅពិនិត្យមើល ដើម្បីការពារអ្នកភូមិ ក្នុងករណីពួកគេចង់ដុតគ្រឿងចក្រទាំងនោះ។ នៅតាមផ្លូវ ក្នុងចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ពីភូមិ យើងបានឃើញអាជ្ញាធរ អ្នកតំណាងក្រុមហ៊ុន និងព្រះរាជអាជ្ញាមកបញ្ឈប់និងថតរូបពួកយើង។ ពួកគេបានឃើញខ្ញុំ និងលោក លូត សាំងហើយក៏បានថតរូបពួកយើង។ បន្ទាប់មកខ្ញុំក៏បានចេញទៅកន្លែងធ្វើការរបស់ខ្ញុំ ពីព្រោះរាងរសៀលជ្រេរបន្តិចទៅហើយ»។
លោកសោភ័ណ្ឌបន្ថែមថា នៅពាក់កណ្តាលឆ្នាំ ២០១៥ តុលាការបានកោះហៅអ្នកភូមិ និងរូបលោកម្តងរួចហើយ ហើយ អ្នកភូមិខ្លះ ក៏បានចូលខ្លួនទៅតុលាការរួចហើយដែរ។ ប៉ុន្តែរូបលោកមិនចូលខ្លួនទេ ដោយសារតែឈ្មោះរបស់លោកសរសេរខុស។ លោករៀបរាប់ថា នៅពេលនេះ ដីកាកោះហៅ នៅសរសេឈ្មោះរបស់លោកខុសដដែល។
លោក ឡោ ចាន់អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តព្រះវិហារ បាននិយាយនៅថ្ងៃទី ១១ ខែវិច្ឆិកាថា អ្នកភូមិចំនួន ១០ នាក់ ត្រូវបានរងការចោទប្រកាន់ ពីបទចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហើយបុគ្គលិកអង្គការពន្លកខ្មែរចំនួនពីរនាក់ បានរងការចោទប្រកាន់ពីបទសមគំនិត។ ប៉ុន្តែលោកចាន់ ជឿជាក់ថា ជនដែលត្រូវបានចោទប្រកាន់ទាំង១២ នាក់នោះ មិនបានប្រព្រឹត្តបទល្មើស ដូចអ្វីដែលពួកគេត្រូវបានចោទប្រកាន់នោះទេ។
លោកបន្តថា៖«ពួកគេឃាត់គ្រឿងចក្រទុក នៅឯសាលាឃុំ ប៉ុន្តែក្រុមហ៊ុន បានប្តឹងពួកគេ ពីបទបង្ខាំងមនុស្ស និងគ្រឿងចក្រដោយខុសច្បាប់។ អ្នកបើកបរគ្រឿងចក្រ មិនហ៊ានចាកចេញទេ ពីព្រោះពួកគេ ភ័យខ្លាចអ្នកភូមិដុតគ្រឿងចក្រទាំងនោះ។ ពួកគេមិនបានបង្ខាំងអ្នកបើកបរទេ ហើយពួកគេ ក៏មិនបានរារាំងអ្នកបើកបរ មិនឱ្យចាកចេញដែរ ហើយការពិតគឺថា អ្នកបើកបរ មិនបានជាប់ឃុំអ្វីនោះទេ។ អ្នកបើកបរអាចទៅកន្លែងណាក៏បាន តាមតែគេចង់ ប៉ុន្តែគេនៅទីនោះ ដើម្បីការពារគ្រឿងចក្ររបស់ពួកគេ»។
លោកចាន់បន្ថែមថា នៅពេលនោះ ប្រជាជន បានព្យាយាមបញ្ឈប់គ្រឿងចក្រជាច្រើនដង មុនពេលពួកគេសម្រេចចិត្តឃាត់គ្រឿងចក្រទាំងនោះ ដើម្បីស្វែងរកដំណោះស្រាយពីអាជ្ញាធរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ១០ ខែវិច្ឆិកាថា គ្រឿងចក្រចំនួនពីរគ្រឿងនោះ ត្រូវបានប្រគល់ឱ្យម្ចាស់វិញនៅឆ្នាំ ២០១៧។
ចៅក្រមស៊ើបសួរ លោកជៀន ស្រស់ មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេ។
លោក គុយ យឿន បុគ្គលិកទំនាក់ទំនងនៅក្រុមហ៊ុនរួយហ្វេង បានថ្លែងនៅថ្ងៃទី១១ ខែវិច្ឆិកាថា លោកមិនមានព័ត៌មានអំពីជម្លោះនេះទេ ប៉ុន្តែលោកបាននិយាយថា ជម្លោះដីធ្លីជាមួយអ្នកភូមិនៅក្នុងឃុំប្រមេរនេះ ត្រូវបានដោះស្រាយរួចហើយ។
លោកយឿនបន្ថែមថា៖«ថ្មីៗនេះ មិនមានជម្លោះអ្វីជាមួយអ្នកភូមិទេ ដោយសារតែដីរបស់យើង ត្រូវបានចុះបញ្ជីជាមួយអាជ្ញាធររួចហើយ»៕ NS