អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ​នឹង​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​អ្នក​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ ចាប់​ពី​ថ្ងៃ​ស្អែក​

ចាប់​ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃទី​៣០​ខែ​វិច្ឆិកា​នេះ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ហៅកាត់​ថា​គ.ជ.ប ​នឹង​ធ្វើ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​និង​អ្នក​ដែល​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​។​ ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះនេះ​ គឺ​ធ្វើ​ឡើង​នៅ​តាម​ឃុំ-សង្កាត់ ​នីមួយៗ​ទូទាំង​ប្រទេស​ បន្ទាប់ពី​ គ.ជ.ប​ បាន​បញ្ចប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៨​ កាលពី​ជាង​ពាក់​កណ្តាល​ខែ​តុលា​កន្លងមក​នេះ​។​

ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩កក្កដា
ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩កក្កដា @សហការី
ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ប្រកាស​របស់ ​គ.ជ.ប​ អ្នក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​គឺ​មាន​ចំនួន​១៩៥,៣៨៥​នាក់​ ហើយ​អ្នក​ដែល​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មាន​ចំនួន​៥៦,៩៤១​នាក់​ ខណៈ​អ្នក​ដែល​បាន​កែ​តម្រូវ​ទិន្នន័យ​មាន​ចំនួន​១,៥៥៣​នាក់​។​

សម្រាប់​អ្នក​ដែល​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​បញ្ជី​បោះ​ឆ្នោត​ បើ​តាម​គ.ជ.ប​ គឺ​មាន​មូល​ហេតុ​មួួយ​ចំនួន​ ដូចជា ​អ្នក​បោះ​ឆ្នោត​នោះ ​ទទួល​មរណៈភាព​ ឬ​ត្រូវ​បាន​ដក​ហូត​ជា​បណ្តោះ​អាសន្ន​នូវ​សិទ្ធិ​បោះ​ឆ្នោត​ ឬ​ផ្លាស់​ប្តូរ​ទី​លំនៅ ​ឬ​មាន​ឈ្មោះ​ច្រើន​ជាង​មួយ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដោយ​ផ្អែក​លើ​ឯកសារ​សំអាង​ច្បាស់​លាស់​។

ប៉ុន្តែ​គ.ជ.ប​ អះអាង​ថា ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង ​និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​តាម​ឃុំ-សង្កាត់​ នឹង​ធានា​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​រួចហើយ​ បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​នោះទេ​។ ​បើ​តាម ​គ.ជ.ប​ ការ​បិទ​ផ្សាយ​បញ្ជី​នេះ ​គឺ​បើក​ឲ្យ​មាន​ការ​ប្តឹង​តវ៉ា ​ឬ​ប្តឹង​ជំទាស់​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​ យ៉ាងយូរ​៥ថ្ងៃ​ចាប់​ពី​ថ្ងៃទី២៧​ខែ​វិច្ឆិកា​នេះ​ដល់​ថ្ងៃទី១​ខែ​ធ្នូ​ឆ្នាំ​២០១៨​។​

លើសពីនេះទៀត នៅក្នុងករណី​អ្នក​ប្តឹង​ជំទាស់ មិន​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ គឺអាច​ប្តឹង​បន្តទៅ​គ.ជ.បនិង​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញតាម​ការកំណត់។ នេះ​ជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តី​ប្រកាស​របស់ គ.ជ.ប ដដែល។

ក្រោយពី​បញ្ចប់​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី កាលពី​ថ្ងៃទី​១៨​ខែ​តុលា​កន្លង​មក​ អ្នក​មាន​ឈ្មោះ​ក្នុងបញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប​ឆ្នាំ​២០១៨ ​បាន​កើន​ឡើង​ដល់​ ៨, ៥៤៤ ៨៨៥​នាក់​ ពោល​គឺ​កើន​ឡើងប្រមាណ​២សែន​នាក់​ បើ​ធៀប​នឹង​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ ឆ្នាំ​២០១៧​ ដែល​មាន​ចំនួន​ ៨, ៣៨០ ២១៧​ នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ