ភ្នំពេញៈ រដ្ឋាភិបាល​​គ្រោង​​នឹង​បង្កើន​លទ្ធភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ឲ្យ​ដល់ ២ ៨៧០,៦៥ មេហ្គាវ៉ាត់​​ក្នុង​​​ឆ្នាំ ​២០១៩ កើន​ឡើង​ ២២០,៣៩​ មេហ្គាវ៉ាត់ ពី​ឆ្នាំ​ ២០១៨ ដែល​មាន​ ២ ៦៥០,២៦ មេហ្គាវ៉ាត់។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ម្សិលមិញ។

របាយការណ៍​បង្ហាញ​ថា ក្នុង​ចំណោម​ប្រភព​ថាមពល​សរុប​ទាំង​​នេះ​ កម្ពុជា​គ្រោង​នឹង​នាំចូល​​​ថាមពល​ពី​ប្រទេស​ជិត​ខាង​ ក្នុង​បរិមាណ​ដដែល​ដូច​នឹង​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៨ គឺ ៤៤២,៥០ មេហ្គាវ៉ាត់ ក្នុង​នោះ​គ្រោង​នាំចូល​ពី​ប្រទេស ​វៀតណាម ២៧៧ ​មេហ្គាវ៉ាត់ នាំចូល​​ពី​ថៃ ១៣៥,៥០ មេហ្គាវ៉ាត់ និង​ពីឡាវ ៣០ មេហ្គាវ៉ាត់។

របាយការណ៍​ដដែល​បង្ហាញ​ថា ​តម្រូវ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​ ២០១៩ នឹង​បង្កើន​ឲ្យ​ដល់​ ​១០ ៨០៧,៧១ ជីហ្គាវ៉ាត់​ក្នុង​មួយ​ម៉ោង (GWh) ពី​ចំនួន​ ៩ ៣០៧​,៤៤ GWh ក្នុង​ឆ្នាំ​ ២០១៨។

របាយការណ៍​វឌ្ឍនភាព​សំខាន់​ៗ​របស់​វិស័យ​អគ្គិសនី​កម្ពុជា​ឆ្នាំ ២០១៨ បង្ហាញថា ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​ ២០១៨ នេះ​ការ​ផ្គត់ផ្គង់​ប្រភព​ថាមពល​អគ្គិសនី​​របស់​កម្ពុជា ​បាន​កើន​ឡើង​ ១២,៥​ ដង​ពី ​២០៨ ​មេហ្គាវ៉ាត់​ក្នុង​ឆ្នាំ ២០០៤ ដល់​ ២៦៥០ មេហ្គាវ៉ាត់ ក្នុង​ឆ្នាំ ២០១៨ ខណៈ​បរិមាណ​ប្រភព​ថាមពល​កើន​ឡើង​ ១១,៤ ដង ពី​ ៨១៤ GWh ដល់​ ៩ ៣០៧ GWh។

លោក ទី ថានី អនុ​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​និយាយ​ថា កំណើន​​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​​រយៈពេល​ជាង​​ ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​កើន​ឡើង​យ៉ាង​ច្រើន​​ហួស​ពី​ការ​​ប៉ាន់​ស្មាន ពិសេស​​ការ​​​​មក​ដល់​​នៃ​​វិនិយោគិន​ចិន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

លោក​បាន​ថ្លែង​ថា៖ «​តម្រូវ​ការ​ប្រើប្រាស់​អគ្គិសនី​ដ៏​ច្រើន​​ក្នុង​​​ក្រុង​ព្រះ​សីហនុ​បាន​តម្រូវ​ឲ្យ​​​អគ្គិសនី​នៅ​កម្ពុជា​​ត្រូវ​បង្កើន​សមត្ថភាព​​​​ផ្គត់ផ្គង់​បន្ថែម​ទៀត​​នៅ​ឆ្នាំ​ក្រោយ»។ លោក​បន្ត​​​ទៀត​​ថា៖ ​«​នៅ​ឆ្នាំ​ ២០១៩ ​យើង​រំពឹង​ថា ការ​ត​បណ្តាញ​អគ្គិសនី​នឹង​​​គ្រប​ដណ្តប់​នៅ​គ្រប់​ភូមិ​ទាំង​អស់​នៅ​កម្ពុជា ហើយ​អត្រា​ប្រើប្រាស់​នៅ​តាម​ផ្ទះ​ អាច​នឹង​កើន​ឡើង​ដល់​ប្រហែល ៨០​ ភាគរយ​ខណៈ​បច្ចុប្បន្ន​នេះ​មាន​ត្រឹមតែ​ជាង​ ៧០ ​ភាគរយ​​ប៉ុណ្ណោះ»។​

របាយការណ៍​បូក​សរុប​ប្រចាំ​ឆ្នាំ​ ២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ចុង​ឆ្នាំ​នេះ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​​​ធ្វើ​ការ​ចែក​ចាយ​អគ្គិសនី​​លើ​តំបន់​ចំនួន​ ៣៦៣​ ដែល​មាន​ដែន​អាជ្ញា​ប័ណ្ណ​សរុប​គ្រប​​ដណ្តប់​លើ​ភូមិ​​ ១៤ ០៧២​​ ​​ភូមិ ស្មើ​នឹង​ ៩៩,៣២ ​ភាគរយ​នៃ​ចំនួន​​ភូមិ​សរុប​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន​ ១៤ ១៦៨​​ ភូមិ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​នៅ​ចុង​ឆ្នាំ​ ២០១៨ នេះ​ «បណ្តាញ​ជាតិ» មាន​លទ្ធ​ភាព​នាំចូល​ប្រភព​អគ្គិសនី​ពី​ប្រទេស​ វៀត​ណាម ថៃ និង​ឡាវ និង​ទទួល​ប្រភព​ថាមពល​បាន​មក​​ពី​ការ​ផលិត​របស់​ប្រភព​អគ្គិសនី​ក្នុង​ស្រុក​នានា ដែល​បាន​អភិវឌ្ឍ​មក​លាយ​​បញ្ចូល​គ្នា​តម្រូវ​ទៅ​តាម​សេចក្តី​ត្រូវ​ការ​ប្រើប្រាស់​ រួច​បញ្ជូន​ទៅ​ប្រភព​ថាម​ពល​ទាំង​នេះ​ទៅ​ផ្តល់​ឲ្យ​រាជធានី​ ខេត្ត​​ចំនួន​ ២០ ដោយ​ផ្ទាល់​តាម​រយៈ​អនុ​ស្ថានីយ។​

ជា​មួយ​នឹង​ផែន​ការ​ពង្រីក​ការ​ចែកចាយ​បណ្តាញ​អគ្គិសនី​ជាតិ​ឲ្យ​គ្រប​ដណ្តប់​បាន ​១០០ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០​២០ នោះ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ក្នុង​ពិធី​បើក​​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​វារី​អគ្គិសនី​សេសាន​ក្រោម​ ២ ដែល​មាន​អានុភាព ៤០០ ​មេហ្គាវ៉ាត់ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​ធ្នូ ក៏​បាន​ប្រកាស​​ថា ​តម្លៃ​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ កម្ពុជា ​​នឹង​ធ្លាក់​ចុះ​នៅ​ដើម​ឆ្នាំ​ក្រោយ។ លោក​បាន​ថ្លែង​បញ្ជាក់​​ថា​៖ «​ថ្ងៃ​នេះ​ថ្ងៃ​ទី​ ១៧ (ខែ​ធ្នូ​)នៅ​សល់​តែ​ ១៤ ​ថ្ងៃ​ទៀត​តម្លៃ​អគ្គិសនី​ថ្មី​នឹង​មក​ដល់​»​។

តារាង​តម្លៃ​អគ្គិសនី​សម្រាប់​ឆ្នាំ​ ២០១៩ បាន​បង្ហាញ​ថា សម្រាប់​​លំនៅឋាន​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី ​១-១០ ​គីឡូវ៉ាត់ម៉ោង​ក្នុង​ ១ ​ខែ​​ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី​ ៤៨០ ​រៀល​នៅ​ឆ្នាំ​​ ២០១៨ មក​នៅ ៣៨០ ​រៀល​ឆ្នាំ​​ ២០១៩ ​និង​ឆ្នាំ​​ ២០២០ ​ការ​ប្រើប្រាស់​​​ចាប់​ពី​ ១១-៥០ ​គីឡូវ៉ាត់​ក្នុង​ ១ ​ខែ​ នឹង​ត្រូវ​ចុះ​ពី ​៦១០ ​រៀល​នៅ​ឆ្នាំ​​ ២០១៨ ទៅ​ ៤៨០ ​រៀល​នៅ​ឆ្នាំ​​ ២០១៩ ​និង​ឆ្នាំ​​២០២០ ​ខណៈ​លំនៅឋាន​ដែល​​​ប្រើ​ចាប់ពី​ ៥១-២០០ ​គីឡូវ៉ាត់​ក្នុង​ ១ ​​ខែ​តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី​ ៧៧០ ​រៀល​នៅ​ឆ្នាំ​​២០១៨ ទៅ ៦១០ ​រៀល​។

ចំណែក​​​លំនៅ​ឋាន​ដែល​ប្រើ​​ចាប់​ពី​ ២០០ ​គីឡូវ៉ាត់​ឡើង​ទៅ​ក្នុង​ ១ ​​ខែ​តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី​ ៧៧០ ​រៀល​នៅ​ឆ្នាំ​​ ២០១៨ ​ទៅ ៧៤០ ​រៀល​នៅ​ឆ្នាំ​​ ២០១៩ និង ៧៣០ ​រៀល​នៅ​ឆ្នាំ​​ ២០២០​។

លោក លី វិសាល ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​​​មធ្យម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​​​តម្លៃ​អគ្គិសនី​ខ្ពស់​នៅ​កម្ពុជា​គឺ​ជា​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ទំនិញ​​កម្ពុជា​ ពិបាក​ប្រកួត​ប្រជែង​ជា​មួយ​ផលិតផល​របស់​ប្រទេស​ជិត​ខាង​។ អគ្គិសនី​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ ៣០​-៤០​ ភាគរយ​។

លោក​ថ្លែង​ថា៖​ «​យើង​ស្វាគមន៍​ចំពោះ​​ការ​បញ្ចុះ​តម្លៃ​អគ្គិសនី​ ព្រោះ​វា​នឹង​​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ក្នុង​ការ​ធ្វើ​ឲ្យ​ថ្លៃ​ដើម​ផលិត​ធ្លាក់​ចុះ​បន្តិច»​​។ ​ទោះ​​យ៉ាង​ណា​ លោក​បញ្ជាក់​ថា៖​ «​តម្លៃ​​​នេះ​គឺ​នៅ​តែ​ខ្ពស់​»។​

លោក​លើក​ឡើង​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ មាន​​​គោលការណ៍​ក្នុង​ការ​ កំណត់​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​រោងចក្រ​និង​សហគ្រាស​ហើយ​កំណត់​​​​​តម្លៃ​អគ្គិសនី​ទាប​ទៀត​នោះ​ ជា​ការ​ល្អ​ណាស់​៕ រាយការណ៍​បន្ថែម​ដោយ ហ៊ គីមសាយ