កោះកុងៈ អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​បន្ត​ជួសជុល​ផ្លូវ​ជាប់មាត់​ឆ្នេរ​ប៉ាក់ខ្លង ខណៈ​ក្រុម​អាជីវករ និង​អ្នក​ប្រកប​មុខរបរ​ដើរទូក​ទេសចរណ៍​មួយ​ចំនួន​ក៏​រៀបចំ​ជួសជុល​តូប​លក់ដូរ និង​ទូក​របស់​ពួកគេ​ផង​ដែរ ក្រោយពី​មាន​ការ​វាយប្រហារ​ដោយ​រលក​សមុទ្រ​ធំៗ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​។ នេះ​បើ​តាម​ការអះអាង​ពី​មន្ត្រី​អ្នក​នាំពាក្យ​សាលាខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។

លោក សុខ សុទ្ធី មន្ត្រី​នាំពាក្យ​សាលា​ខេត្ត​កោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​នេះ​ស្ថានភាព​អាកាសធាតុ​ក្នុង​ខេត្ត​កោះកុង​វិល​ទៅ​រក​ភាព​ស្ងប់ស្ងាត់​ដូច​ធម្មតា​វិញ​ហើយ ពិសេស​រលក​សមុទ្រ​មិន​បង្ក​ឲ្យ​មាន​ភាព​គ្រោះថ្នាក់​ដូច​កាលពី​ថ្ងៃទី​ ៤-៥ ខែ​មករា​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​រលក​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ឥទ្ធិពល​នៃ​ព្យុះ​ប៉ាប៊ុក​បាន​បង្ក​ការខូចខាត​ផ្លូវ​ជាប់មាត់​ឆ្នេរ​ប៉ាក់ខ្លង​ស្ថិត​ក្នុង​ស្រុក​មណ្ឌលសីមា​ប្រវែង​ជិត​ ១ ​គីឡូម៉ែត្រ និង​ទូក​ទេសចរណ៍​កន្ទុយ​វែង ៦ ​គ្រឿង​ព្រម​ទាំង​តូប​លក់ដូរ​មួយ​ចំនួន ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ណា​ម្នាក់​ឡើយ​»​។

លោក​ សុទ្ធី បញ្ជាក់​ថា​នៅពេល​នេះ​អាជ្ញាធរ​ខេត្ត​កោះកុង​កំពុង​រួមសហការ​ជាមួយ​អាជ្ញាធរ​នៃ​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​នានា ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ជួសជុល​ផ្លូវ ​និង​ឆ្នេរ​ខ្សាច់​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​ភ្ញៀវទេសចរ​ជាតិ​​ និង​អន្តរជាតិ​មក​កម្សាន្ត​សប្បាយ​ដូច​ធម្មតា​វិញ​។

លោក​ ម៉ន វឌ្ឍនា អាយុ​ ២៥ ឆ្នាំ រស់នៅ​ភូមិ-ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​ដែល​ជា​អ្នក​ប្រកបមុខរបរ​ដើរ​ទូក​ទេសចរណ៍​បាន​និយាយ​ថា នៅ​យប់​ថ្ងៃទី​ ៤ ខែ​មករា​រលក​សមុទ្រ​មិន​ធំ​ប៉ុន្មាន​ទេ ប៉ុន្តែ​ចូល​ដល់​ព្រឹក​ថ្ងៃទី ​៥ ​ខែ​មករា​ស្រាប់តែ​ផ្ទៃមេឃ​ខ្មៅ​ដាប​ហើយ​មាន​ខ្យល់​បក់បោក​ខ្លាំង បន្ទាប់មក​ក៏​មាន​រលក​ធំៗ​ និង​ខ្ពស់ៗ​មក​តែ​ម្ដង​បណ្ដាល​ឲ្យ​ទូក​របស់​លោក​ និង​អ្នកជិតខាង​មួយ​ចំនួន​ទៀត​ដែល​ចត​នៅ​ផែ​ទូក​នោះ​លិច​ចូល​ទៅ​ក្នុង​សមុទ្រ​។

លោក​ថ្លែង​ថា​៖ «​ពួកយើង​ស្ទើរតែ​រត់​ឡើង​គោក​មិន​ទាន់​នៅពេល​ដែល​មាន​រលក​សមុទ្រ​ធំៗ​នោះ​មក​ដល់​ទឹកសមុទ្រ​ក៏​បាន​ជន់ឡើង​ផង​ដែរ តូប​លក់ដូរ​ជាច្រើន​នៅជាប់​មាត់​ឆ្នេរ​ត្រូវ​រង​ការ​លិចលង់ និង​ខូចខាត​ដោយ​រលក​សមុទ្រ​ផងដែរ​។ ទូក​របស់​ខ្ញុំ​បាន​ខូចខាត​ស្ទើរ​ទាំង​ស្រុង​ផង​ដែរ បន្ទាប់ពី​រលក​សមុទ្រ​បាន​រុញ​វា​បោក​ខ្ទប់​ទៅ​នឹង​ផែ​រហូត​ដល់​លិច​ចូល​ទៅក្នុង​សមុទ្រ​»​។

លោក​ ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​និយាយ​ពី​ម្សិលមិញ​ថា ព្យុះ​ប៉ាប៊ុក​អស់​ឥទ្ធិពល​មក​លើ​លម្ហ​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ហើយ​។ នៅពេល​នេះ​វា​កំពុង​បន្តដំណើរ​ឆ្ពោះទៅ​សមុទ្រ អាន់ដាម៉ាន់ (Andaman Sea)៕