ព្រះវិហារៈ សមត្ថកិច្ច​កំពុង​តាម​ចាប់​ម្ចាស់​រ​ថយន្ត​ដឹកឈើប្រណិត​មួយ​គ្រឿង បន្ទាប់​ពី​ម្ចាស់​រថ​យន្ត​រូប​នេះ បាន​​ព្យា​យាម​បើក​គេច​ពីការ​តាម​ចាប់​របស់​សមត្ថ​កិច្ច ហើយរថ​យន្ត​​បាន​បែក​កង់​ក្រឡាប់ នៅ​ក្នុង​ឃុំ រមណី ស្រុក​រវៀង​ កាល​ពី​ថ្ងៃ​ទី ២៨ ខែ​ឧសភា។

លោក ជ័យ សេដ្ឋា នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើស្រុក​រវៀង ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា មាន​រថយន្ត​ ៣ គ្រឿង ​បើក​អម​រថយន្ត​ម៉ាក SIENNA ដែល​ដឹក​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ចំនួន ២ ម៉ែត្រ​គួប​មួយ​គ្រឿង ខណៈ​មក​ដល់​ខាង​មុខ​ប៉ុស្ដិ៍​រដ្ឋបាល​ព្រៃ​ឈើ ក៏បាន​បន្ថែម​ល្បឿន ​បំណង​បើក​គេ​​ច​ខ្លួន។ ប៉ុន្ដែ​លុះ​បើក​ដល់​​ចំណុច​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦២ ក្នុង​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវៀង ក៏បាន​បែក​​​កង់​ខាង​​ឆ្វេង​ក្រឡាប់​ផ្ងារ​ជើង​តែម្ដង​។

លោក​បន្ត​ថា ពេល​ជួប​គ្រោះ​ថ្នាក់​នេះ ជន​ល្មើស បាន​រង​របួស​ស្រាល ហើយ​បើក​ទ្វារ​រថយន្ត​រត់​គេច​ខ្លួន​ជា​មួយ​រថ​យន្ត​៣ គ្រឿង​ទៀត ដែល​​អម​រថ​យន្ត​ដឹក​ឈើ​នោះ។ សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ និង​បាន​ប្រមូល​ឈើ​ប្រណិត​ទាំង​នោះ ​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​រវៀង។ សមត្ថកិច្ច​ជំនា​ញ កំ​ពុ​ងស្រាវ​ជ្រាវ​កំណត់​អត្ដ​សញ្ញាណ​ រក​ជន​ល្មើស ដើម្បី​ដាក់​ទោស​តាម​ច្បាប់​។

លោក​បញ្ជាក់​ថា​៖«​រថ​យន្ត​ដឹក​ឈើ និង​ឈើ ​២ ម៉ែត្រ​គួប យើង​បាន​យក​មក​រក្សា​ទុក​នៅរដ្ឋ​បាល​ព្រៃឈើ​ ហើយ​កំពុង​តាម​រក​អត្ដ​សញ្ញាណ​ម្ចាស់ ដើម្បី​ឃាត់​ខ្លួន មាន​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដែលបើក​ឡាន​អម​យក​ឈើ​ទៅ​លក់​នៅ​ប្រទេស​ថៃ​»​។

លោក សាយ ដេត អធិការ​ស្រុក​រវៀង បាន​ថ្លែង​កាល​ពីម្សិល​មិញ​ថា មន្រ្តី​របស់​លោក​ បាន​សហការ​ជាមួយ​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក ប៉ុន្ដែ​ភស្តុតាង និង​របាយ​ការណ៍​ទាំង​អស់​ ត្រូវ​ប្រគល់​ឲ្យ​មន្រ្តី​រដ្ឋបាល​ព្រៃឈើ​ជា​អ្នក​ចាត់​ចែង។ លោក​ថា ខណៈ​ដែល​សមត្ថ​កិច្ច ដេញ​តាម​ពីក្រោយ ជន​ល្មើស​បាន​ភ័យ ក៏បាន​បន្ថែម​ល្បឿន​យ៉ាង​លឿន ​បណ្ដាល​ឲ្យ​រថយន្ត​បែក​កង់​ក្រឡាប់​​ផ្ញារ​ជើង ខណៈ​ដែល​រថ​យន្ត​នោះ បាន​ដាក់​ផ្ទុក​ឈើ​លើស​ចំណុះ​។

លោក​បញ្ជាក់​ថា៖«មន្រ្តី​ខ្ញុំ គ្រាន់​តែ​ជួយ​ដេញ​តាម​ដែរ ពេល​ចាប់​បាន​ហើយ ក៏ប្រគល់​ឲ្យ​មន្រ្តី​រដ្ឋបាល​ព្រៃ​ឈើ។ ចំណែក​ជន​ល្មើស ​យើង​កំពុង​តាម​ដាន​រក​អត្ដ​សញ្ញាណ​បន្ត ដើម្បី​ឃាត់​ខ្លួន​ដាក់​ទោស​តាម​ច្បាប់​»៕